website_news:2019070801

ស្ថានទូតកម្ពុជា ស្នើឲ្យថៃដោះលែងពលរដ្ឋ ៨៥ នាក់

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 06 August 2019 | 16:00 ICT

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានធ្វើលិខិតជាផ្លូវការស្នើឲ្យអាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ ៨៥ នាក់ ដែលកំពុងជាប់ពន្ធនាគារនៅខេត្តស្រះកែវ ខណៈពួកគេត្រូវបានចាប់ឃុំខ្លួនអស់ជាង ៣ ខែ។នេះបើតាមមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីសាច់ញាតិរបស់ពួកគេអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ទៅភាគីថៃដោយអះអាងថាសមត្ថកិច្ចថៃចាប់អ្នកទាំងនោះដាក់គុកជាង ៣ ខែមកហើយ។

អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ បានប្រាប់កាលពីម្សិលមិញថា ស្ថានទូតកម្ពុជាកាលពីថ្ងៃទី ៥ ខែ សីហា បានធ្វើលិខិតជាផ្លូវការស្នើសុំឲ្យអាជ្ញាធរថៃដោះលែងពលករខ្មែរ ទាំង ៨៥ នាក់នោះជាបន្ទាន់។ លោកថា៖ «ស្ថានទូត (កម្ពុជា) បានធ្វើលិខិតជាផ្លូវការស្នើសុំឲ្យមានការដោះលែងជាបន្ទាន់តាមដែលអាចធ្វើទៅបាន ហើយខាងពន្ធនាគារសន្យាថា នឹងជួយធ្វើរឿងនេះឲ្យបានឆាប់»។ លោកបានបន្តថា ក្រោយពីទទួលព័ត៌មានពីការចាប់ខ្លួននេះមន្ត្រីស្ថានទូតបានទាក់ទងជាមួយប្រធានពន្ធនាគារសួនភ្លូដើម្បីសួររកមូលហេតុ ហើយបន្ទាប់មកប្រធានពន្ធនាគារថៃបានឲ្យមន្ត្រីស្ថានទូតជួប ហើយប្រាប់ថាជាករណីសង្ស័យរឿងជួញដូរមនុស្ស។ លោកបានបន្ថែមថា៖ «ដោយពិនិត្យឃើញថា ការឃុំខ្លួនលើស ៨៥ ថ្ងៃ ទើបនៅថ្ងៃ ៣០ កក្កដា ឆ្នាំ ២០១៩ ស្ថានទូតកម្ពុជាបានជួបប្រធានពន្ធនាគារម្តងទៀត។ គាត់ (ប្រធានពន្ធនាគារ) ប្រាប់ថា រឿងនេះគាត់បានយកចិត្តទុកដាក់បំផុត ហើយបានរាយការណ៍ជាបន្តបន្ទាប់ទៅថ្នាក់លើ ហើយក្រោយជំនួបលើកនេះគាត់នឹងរាយការណ៍ជាបន្ទាន់ទៅថ្នាក់លើដោយបញ្ជាក់ពីការយកចិត្តទុកដាក់របស់ស្ថានទូតកម្ពុជាហើយ នឹងផ្តល់លទ្ធផលមកស្ថានទូត (កម្ពុជា) វិញ»។

លោក ស៊ុំ ចន្ទគា មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុកប្រចាំខេត្តបន្ទាយមានជ័យបានថ្លែងថា នៅតែមានអ្នកធ្វើចំណាកស្រុកខុសច្បាប់ទៅថៃ បើទោះជាពួកគេប្រឈមមុខនឹងការបាញ់សម្លាប់ ធ្វើទារុណកម្មឬការចាប់ដាក់ពន្ធនាគារក្ដី។ លោកថា៖ «វាមិនមានអ្វីថ្មីទេ វាកើតឡើងដដែលៗចំពោះប្រជាជនកម្ពុជា។ យើងពុំមានយន្តការច្បាស់លាស់ដើម្បីជួយធ្វើឲ្យពលករឲ្យរួចផុតពីការធ្វើទុកបុកម្នេញពីអាជ្ញាធរថៃ។ រាជរដ្ឋាភិបាលត្រូវមានយន្តការបង្កភាពងាយស្រួលដល់ពលករខ្មែរឲ្យធ្វើការនៅស្រុកគេ»។ លោកបន្តថា អាជ្ញាធរកម្ពុជាក៏ត្រូវស្វែងរកចាប់ខ្លួនមេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ផងដែរ៕

website_news/2019070801.txt · Last modified: 2019/08/07 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki