website_news:2019070802

ចំណាកស្រុករកចំណូលមិនគ្រប់គ្រាន់ក៏ងាកមកចិញ្ចឹមមាន់បានចំណូលជិតពាន់ដុល្លា!

http://aspirekh.org/k-chhnang_chicken/ by Linna Chim | Aug 6, 2019

ដោយសារតែជីវភាពខ្វះខាត ជីវិតប្តីប្រពន្ធគ្រួសារថ្មីថ្មោងដែលមានកូនតូចនៅឡើយនោះបានបង្ខំចិត្តអោយប្តីធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅឯប្រទេសថៃដោយសង្ឃឹមថា អាចនឹងរកចំណូលបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារ។ ផ្ទុយទៅវិញក្តីរំពឹងគឺមិនដូចអ្វីដែលជួបផ្ទាល់នោះទេ។ អ្នកស្រី ជា គឹមសួ មានអាយុ៣៥ឆ្នាំ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំងហើយក៏ជាសមាជិក បណ្តុំអាជីវកម្មមាន់របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIREចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨មក។មុនពេលចូលកម្មវិធីASPIRE អ្នកស្រី គឹមសួ បានរៀបរាប់ពីផលលំបាករបស់ខ្លួនថា៖ «ដោយសារតែជីវភាពលំបាកគឺត្រូវអោយបី្តធ្វើចំណាកស្រុកទៅប្រទេសថៃប៉ុន្តែនៅទីហ្នឹងរកកំរៃអត់សូវបានទេហើយខ្ញុំនៅទីនេះកូនតូចក៏រកអត់សូវបានដែរ។តែដោយមានការជួយពីកម្មវិធីASPIRE ជួយបណ្តុះបណ្តាលនិងធ្វើទ្រង់មាន់២០% ហើយនេះអាចជាការលើកចិត្តខ្ញុំហើយក៏ពិចារណាទៅថាការអញ្ចឹមមាន់គឺលើកស្ទួយជីវភាពគ្រួសារខ្ញុំហើយម្យ៉ាងទៀតខ្ញុំអាចនៅជុំគ្នា ប្តីខ្ញុំប្រពន្ធខ្ញុំក្រុមគ្រួសារខ្ញុំនៅជុំគ្នា។អត់បាច់ចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅដែរ។» គ្រួសាររបស់អ្នកស្រីគឹមសួ ក្រៅពីការចិញ្ចឹមមាន់លក្ខណៈគ្រួសារតិចតួចពួកគាត់ក៏មានទាំងដាំបន្លែនិងធ្វើស្រែផងដែរ។ប៉ុន្តែដោយសារតែការដាំដុះនិងការចិញ្ចឹមគ្មានបច្ចេកទេសត្រឹមត្រូវ ធ្វើអោយផលដែលទទួលបានគឺមិនគ្រប់គ្រាន់សម្រាប់បង្កើនកំរៃជួយដល់ជីវភាពគ្រួសារទាំងមូលបាននោះទេ។ រូបគាត់បានបញ្ជាក់យ៉ាងដូចនេះថា«ខ្ញុំចិញ្ចឹមមាន់និយាយទៅគឺយូរហើយគ្រាន់តែជាលក្ខណៈគ្រួសារ។ កាលហ្នឹងមានមេ៤ទៅ១០ក្បាលនោះទេហើយអាចផលិតកូនបានតែ១០០ក្បាលទេ។អញ្ចឹង១០០ក្បាលលក់មួយតំលៃបានតែ១ដុល្លារស្មើ១០០ដុល្លាក្នុង១ខែតែគ្រួសារខ្ញុំត្រូវការចំណាយច្រើនអញ្ចឹង១០០ដុល្លារមិនអាចចំណាយគ្រប់គ្រាន់នោះទេ។»

ដោយសារតែចំណូលបានតិចតួចពីការចិញ្ចឹមមាន់ ដាំបន្លែ និងធ្វើស្រែសម្រាប់តែហូបក្នុងគ្រួសារទើបធ្វើឲ្យគ្រួសាររបស់អ្នកស្រីគឹមសួនៅតែមិនមានពេលគ្រប់គ្រាន់រស់នៅជុំគ្នា ព្រោះទាំងប្តីទាំងប្រពន្ឋគឺត្រូវខិតខំធ្វើការច្រើនទៀតដើម្បីអាចរកចំណូលបានបន្ថែមសម្រាប់ដោះស្រាយជីវភាពដែលត្រូវការការចំណាយជាប្រចាំនោះ។ អ្នកស្រី គឹម សួ បានរៀបរាប់បន្ថែមពីជីវិតរបស់គាត់ថា«កាលពីខ្ញុំមិនទាន់បានចូលកម្មវិធីASPIREមក គ្រួសារខ្ញុំរវល់ច្រើនប្តីគាត់រវល់ច្រើន ងាកទៅរកការងារខាងក្រៅធ្វើ ដូចជាត្រូវធ្វើសំណង់ជាដើម។តែដល់ពេលបានការជួយពីកម្មវិធីមកប្តីរបស់ខ្ញុំមិនបាច់ទៅណាហើយមុខរបរប៉ុណ្ណឹងគឺអាចផ្គត់ផ្គង់គ្រួសាខ្ញុំបាន។ហូបហ្នឹងចាយហ្នឹងកូនរៀនក៏ហ្នឹង។» សព្វថ្ងៃនេះការចិញ្ចឹមមាន់របស់គ្រួសារអ្នកស្រីជា គឹមសួមានការរីកចំរើនគួរឲ្យកត់សម្គាល់ ដោយលើផ្ទៃដីប្រមាណជា២៥០០ម៉ែត្រការ៉េ ចំនួនមាន់ដែលធ្លាប់តែមានត្រឹមតែ៤ទៅ១០ក្បាលគឺបានកើនឡើងរហូតដល់ទៅ២០០ក្បាលហើយចំណួលវិញក៏កើនឡើងលើសមុនៗចំនួន៥ទៅ៧ដងឯណោះ។ «មានការផ្លាស់ប្តូរគឺមួយខែរកប្រាក់ចំណូលបានដល់ទៅ៧០០ដុល្លារ ដោយកាលពីមុនក្នុង១ថ្ងៃពេលខ្លះមិនអាចរកបានសូម្បីតែមួយរយរៀលហើយមួយខែបាន១០០ដុល្លារមិនទាំងអាចទូទាត់ការចាយវាយគ្រប់ផង។ ៧០០ដុល្លារហ្នឹងខ្ញុំផាត់ចំណាយតែ២៥០លើចំណី លើវ៉ាក់សាំងក្រៅពីហ្នឹងគឺចំណេញតែម្តងដែលអាចជួយផ្គត់ផ្គង់គ្រួសារបានមួយចំណែកធំ។» ការចូលរួមជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIRE អ្នកស្រី ជា គឹមសួ បានទទួលការបណ្តុះបណ្តាលលើបច្ចេកទេសនៃការចិញ្ចឹមមាន់ជាច្រើនផ្នែកដែលរួមមានទាំងការផ្សំចំណី ការចាក់វ៉ាក់សាំងការរៀបចំទ្រង់ និងការមើលថែផ្សេងៗដែលអាចជួយអោយមាន់របស់គាត់ធន់នឹងជំងឺក៏ដូចជាការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុជាដើម។ តាមសំដីរបស់អ្នកស្រីគឹម សួ បានឲ្យដឹងពីការជួយរបស់កម្មវិធីថា«កម្មវិធីបានជួយ២០%លើទ្រង់ ហើយសល់ខ្លះបានលើសំណាញ់និងយកទៅទិញមាន់បន្ថែម។ពីហ្នឹងមកទៀតគឺគាត់ជួយរកទីផ្សារអោយខ្ញុំនិងបង្ហាត់ពីការធ្វើចំណីនិងប្រើប្រាស់ចំណី។» ហើយសម្រាប់មេរៀនដែលទាក់ទិននឹងការប្រែប្រួលអាកាសធាតុ អ្នកស្រីបានអះអាងថា«អានេះអឹ ការប្រប្រួលអាកាសធាតុហ្នឹង ផ្ទះខ្ញុំរាងទំនាបបន្តិច ពេលរដូវវស្សាមានទឹកហូរកាត់គឺត្រូវដឹកដីដាក់និងបាញ់ថ្នាំសំលាប់មេរោគហើយដល់ពេលមេឃក្តៅគឺត្រូវប្រើថ្នាំត្រជាក់អីចឹងហ្នឹងណា។»

កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់បន្ថែមពីការបណ្តុះបណ្តាលនិងភាពជោគជ័យនៃអាជីវកម្មមាន់នៅក្នុងខេត្តកំពង់ឆ្នាំងយ៉ាងដួចនេះថា៖ «កម្មវិធីASPIRE គឺបានជួយដល់ប្រជាជន ដោយទី១ផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មថី្មធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយនឹងការធ្វើបង្ហាញទៅលើកសិករ។បន្ទាប់ពីបានផ្សព្វផ្សាយហើយបង្រៀន ហើយគឺយើងធ្វើការប្រមូលផ្តុំក្រុមផលិតដើម្បីឈ្ពោះទៅរកទីផ្សារតែម្តង។» គាត់បានបន្ថែមទៀតថា«គឺយើងបានបង្រៀនខាងបណ្តុំអាជីវកម្មទី១ឲ្យគាត់ចេះធ្វើផែនការសិន។ចំណុចទី២គឺឲ្យគាត់រកអាជីវករដើម្បីជួបគ្នាហើយចរចារ។អញ្ចឹងយើងមានការប្រជុំជួបគ្នារវាងអាជីវករអ្នកផលិតនិងអ្នកទិញ។ អ្នកលក់អ្នកទិញអោយជួបគ្នាយ៉ាងហោចណាស់បីដងហើយធ្វើកិច្ចសន្យាជាមួយគ្នាដែរ។»ខេត្តកំពង់ឆ្នាំងដែលមានចំងាយ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញគឺមានប្រជាជនប្រមាណជាជាង៥២ម៉ឺននាក់ហើយប្រមាណ៧៧%គឺប្រកបរបរកសិកម្ម។

កម្មវិធីASPIRE ធ្វើការលើស្រុកចំនួន៧ដោយមានឃុំចំនួន៦៦ក្នុងខេត្តកំពង់ឆ្នាំងហើយគិតពីឆ្នាំ២០១៦រហូតមកដល់ឆ្នាំ២០១៩នេះកម្មវិធីគឺបានជ្រើសរើសកសិករ អោយចូលរួមជាមួយបានចំនួនជាង១ម៉ឺននាក់ហើយពួកគាត់ក៏ជាសមាជិកសហគមន៏កសិកម្មផងដែរ។ នៅក្នុងខេត្តកំពង់ឆ្នាំងនេះកម្មវិធីSPIRE បានផ្តល់សេវាផ្សព្វផ្សាយនិងបណ្តុះបណ្តាលទៅដល់កសិករនូវបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបង្ហាញតាមរយៈការអនុវត្តផ្ទាល់ផ្នែកកសិកម្មដល់កសិករ ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មជាដែលមានទាំងការចិញ្ចឹមសត្វ ការដាំបន្លែនិងការធ្វើស្រែហើយនឹងមានការចងក្រងក្រុមផលិតដើម្បីឈ្ពោះទៅរកទីផ្សារជាដើម។

website_news/2019070802.txt · Last modified: 2019/08/07 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki