website_news:2019071002

នាយឧត្តមសេនីយ៍ នេត សាវឿន៖ កិច្ចសហការរវាង FBI អាមេរិកជាមួយនឹងប៉ូលិសកម្ពុជាធ្វើឲ្យបទល្មើសធ្លាក់ចុះ

http://bayontv.com.kh/ 06/10/2019

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ជោគជ័យកិច្ចសហប្រតិបត្តិការរវាង FBI សហរដ្ឋអាមេរិកជាមួយនឹងនគរបាលជាតិកម្ពុជា បានធ្វើឲ្យបទល្មើសធ្លាក់ចុះគួរឲ្យកត់សម្គាល់។ កិច្ចសហប្រតិបត្តិការកន្លងមកនេះ បានធ្វើឲ្យជនជាតិអាមេរិកប្រព្រឹត្តបទល្មើសនៅកម្ពុជា មានការថយចុះគូរឲ្យកត់សម្គាល់ នេះជាមោទនភាពរបស់អាមេរិក និងកម្ពុជា។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបំពាក់មេដាយសហមេត្រីថ្នាក់សេនា ជូនដល់មន្ត្រី FBI សហរដ្ឋអាមេរិក ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ លើវិស័យការពារសន្តិសុខសុវត្ថិភាពនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ អគ្គស្នងការនគរបាលជាតិបានបន្តថា ចំណុចទាំង៣ នៃជោគជ័យកិច្ចសហប្រតិបត្តិការរវាង FBI ជាមួយនឹងនគរបាលជាតិកម្ពុជា ដែលធ្វើឲ្យបទល្មើសបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ គឺទី១.កិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ បង្ក្រាបបទល្មើស ជាពិសេសការទប់ស្កាត់អំពើអានាចារ្យរំលោភផ្លូវភេទលើកុមារ និងករណីមួយចំនួនទៀត ដែលមានយ៉ាងហោចប្រមាណ ១០ករណី។ ទី២.FBI បានជួយក្នុងការបណ្តុះបណ្តាលធនធានសមត្ថភាពដល់នគរបាលជាតិកម្ពុជា និងទី៣.FBI បានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងឧបករណ៍បច្ចេកទេសក្នុងការបញ្ចូលមុខសញ្ញាទៅក្នុងទិន្នន័យកុំព្យូទ័រ បានជាង១ម៉ឺននាក់ផងដែរ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណចំពោះតំណាង FBI លោក John D. Wilson ដែលបានបញ្ចេញស្នាដៃរយៈពេល ២ឆ្នាំ ក្នុងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន FBI និងនគរបាលជាតិកម្ពុជា។

ចំណែកលោក John D. Wilson សេនានុព័ន្ធផ្នែកច្បាប់ FBI សហរដ្ឋអាម៉េរិក បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រគល់នូវមេដាយដែលបានបំពាក់នេះ។ លោកមានសេចក្តីរីករាយនឹងការបំពេញកិច្ចសហប្រតិបត្តិការជាមួយនឹងកម្លាំងនគរបាលជាតិកម្ពុជា ដែលលោកបានចាត់ទុកថា ជាកម្លាំងដែលមានជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវ។ សេនានុព័ន្ធផ្នែកច្បាប់ FBI សហរដ្ឋអាម៉េរិករំពឹងថា FBI នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកម្លាំងនគរបាលជាតិកម្ពុជានាពេលអនាគត។ សូមជម្រាបថា មន្ត្រី FBI សហរដ្ឋអាម៉េរិកដែលទទួលបានការបំពាក់មេដាយ គឺលោក John D. Wilson ដែលជាសេនានុព័ន្ធផ្នែកច្បាប់ FBI និងលោក Sean L. Yan សេនានុព័ន្ធរងផ្នែកច្បាប់ FBI ៕

website_news/2019071002.txt · Last modified: 2019/10/07 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki