website_news:2019071101

ពលករកម្ពុជាទៅធ្វើការនៅកូរ៉េ នៅតែចាញ់បោកគេ ទោះបីជារាជរដ្ឋាភិបាលបញ្ចូនតាមផ្លូវការក៏ដោយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៣:៤៩ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា ទោះបីរាជរដ្ឋាភិបាលបានបញ្ជូលពលករទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងជាផ្លូវការក្តីក៏មានពលករកម្ពុជានៅចាញ់បោកគេផងដែរ ។ សម្តេចបានលើកឡើងថា ក្នុងសន្និសីទអគ្គព្រះរាជអាជ្ញាកម្ពុជា-ចិន លើកទី១២ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់» នាព្រឹកថ្ងៃទី០៦ ខែវិច្ឆកាយ៉ាងដូច្នេះថា ៖«ខ្ញុំនិយាយពីពលករដែលចេញពីកម្ពុជាទៅប្រទេសកូរ៉េខាងត្បូងនៅមានចាញ់បោកគេទៀត ទោះបីជាយើងបញ្ជូនតាមផ្លូវ មានការប្រឡងច្បាស់លាស់ ។

ឧទាហរណ៍សេវាត្រូវបង់ប៉ុណ្ណេះ ប៉ុន្តែនៅមានអ្នករត់ការនៅពីលើ ដើម្បីទទួលបានប្រាក់ពីពលករដែលនេះជាការកេងប្រវ័ញ្ចមួយទៅលើញើសឈាមរបស់កម្ពុជាថែមទៀត»។ សម្តេចបន្តថា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យបានទាន់ពេលវេលានាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអំពាវនាវឲ្យ ប្រទេសសមាជិក អាស៊ាន-ចិន ត្រូវមានគោលការណ៍រួមមួយឯកភាពគ្នាសហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។

នាយករដ្ឋមន្ដ្រីបន្ថែមថា អំពើជួញដូរមនុស្ស គឺជាគោលនយោបាយដ៏សំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានអនុវត្តកន្លងមកតាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្សតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ។ ជាងនេះទៅទៀតសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លំបាក និងស្មុគស្មាញគឺជាបទល្មើសឆ្លងដែនខុសច្បាប់ និងជាឧក្រិដ្ឋកម្មដែលមានវិសាលភាពទាំងក្នុងតំបន់អាស៊ាននិងសកលលោក។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានឲ្យដឹងថា មានពលករកម្ពុជានៅប្រទេសកូរ៉េប្រមាណ៥ម៉ឺននាក់ ហើយវៀតណាមមានពលករនៅប្រទេសកូរ៉េ ខាងត្បូងជាង២០ម៉ឺននាក់ ៕ កែសម្រួលដោយ ៖ សុឃាក់

website_news/2019071101.txt · Last modified: 2019/11/07 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki