website_news:2019071104

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-សង្កាត់/ក្រុង-ស្រុក

https://www.facebook.com/deputygovernoryousophear/ November 5 at 3:20 PM

ខេត្តសៀមរាប៖ ថ្ងៃអង្គារទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប សហការជាមួយរដ្ឋបាលសាលាស្រុកសូទ្រនិគម ដែលគាំទ្រដោយរដ្ឋបាលសាលាខេត្តសៀមរាប និងមានការគាំទ្រពីអង្គការUN WOMEN បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ឃុំ-សង្កាត់/ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ អំពីការអនុវត្តតួនាទីភារកិច្ច ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានលើកុមារ និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្របនិងមានប្រសិទ្ធិភាព។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរដ្ឋបាលស្រុកសូទ្រនិគម ដែលដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការនគរបាលខេត្ត ជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងជាតំណាងលោកជំទាវ យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមពី លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុក លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកស្រី ងិន សារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងមន្ទីរសង្គមកិច្ចខេត្ត និងមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀន អ.ក.ន.ក អធិការ កងរាជអាវុធហត្ថ ប្រជាការពារ មណ្ឌលសុខភាព នាយប៉ុស្តិ៍នាយកសាលា យុវជន និងអង្គការដៃគូ សរុប ៥៨នាក់ ស្រី១៧នាក់។

ថ្លែងក្នុងកិច្ចស្វាគមន៍ លោកអភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានជំរុញឲ្យអាជ្ញាធរស្រុក មេឃុំ និងអ្នកពាក់ព័ន្ធក្នុងស្រុកទាំងអស់ត្រូវយកចិត្តទុកអនុវត្ត សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយត្រូវបង្កើនការផ្សព្វផ្សាយទប់ ស្កាត់បទល្មើស នានាពាក់ព័ន្ធ ពិសេសត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអន្តរារគមន៍បង្ក្រាបបទល្មើស និងការជួយផ្តល់សេវាជួយជនរងគ្រោះ ឲ្យបានសមស្រប និងទាន់ពេលវេលា។ បន្ថែមពីនោះ លោក អភិបាលបានគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ឃុំទាំងអស់ធ្វើការរៀបចំ និងអនុវត្តតាមផែនការសកម្មភាពនៅក្នុងកញ្ចប់ថវិកាសេវាសង្គមឃុំ ដោយបានដាក់បញ្ចូលសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

website_news/2019071104.txt · Last modified: 2019/11/07 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki