website_news:2019080101

ILO៖កុមារមិនគ្រប់អាយុធ្វើការក្នុងវិស័យកាត់ដេរបានថយចុះ

https://thmeythmey.com/ 07, Jan 2019 , 11:19 pm ដោយ: ភួង វ៉ាន់ថា

កម្មករមិនទាន់គ្រប់អាយុ នៅក្នុងវិស័យកាត់ដេរ មានការធ្លាក់ចុះពី៧៤ ករណី ក្នុងឆ្នាំ២០១៣ មកត្រឹម១០ករណីនៅក្នុងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់អង្គការILO នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានវាយតម្លៃលើរោងចក្រចំនួន៤៦៤ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

បើតាមរបាយការណ៍ដដែល កម្មករកុមារទាំង១០ មានអាយុក្រោម១៥ឆ្នាំ ហើយពួកគេសុទ្ធតែជាក្មេងស្រី។ ក្នុងចំណោមពួកគេ កម្មករដែលចូលទម្រង់ពលកម្មកុមារចំនួន៤ករណី បានទទួលយកកម្មវិធីដោះស្រាយដើម្បីកែលម្អរបស់ GMAC/BFC និងបានយកពួកគេទៅរៀន នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ។ មានករណីចំនួន២បានបដិសេធមិនចូលរួមក្នុងកម្មវិធីកែលម្អរបស់ BFC ហើយត្រូវបង្ហាញក្នុងប្រព័ន្ធទិន្នន័យតម្លាភាពរបស់ BFC ថាជាករណីពលកម្មកុមារដែលពុំត្រូបានដោះស្រាយ។ បើទោះបីជាលក្ខខណ្ឌការងារក្នុងរោងចក្រកាត់ដេរនៅកម្ពុជា កំពុងមានភាពប្រសើរឡើង ប៉ុន្តែការរំលោភសិទ្ធិនៅតែមានដូចជា ការរើសអើង, ការងារដោយបង្ខំ, សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ-ល-។ នេះបើតាម ILO ដែលបានបន្តតម្រូវឲ្យ រោងចក្រកាត់ដេរទាំងអស់គួរកែតម្រូវ ឲ្យអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ។

សូមជម្រាបថា វិស័យកាត់ដេរបានបង្កើតចំណូលជាង៧០ភាគរយ នៃចំណូលនាំចេញសរុបរបស់កម្ពុជា ហើយពលរដ្ឋកម្ពុជាជាង ៦៥០, ០០០នាក់ កំពុងធ្វើការក្នុងវិស័យនេះ ដែលភាគច្រើនជាស្ត្រី។ ប្រាក់ឈ្នូលអប្បបរមាប្រចាំខែ សម្រាប់កម្មករនិយោជិតពេញសិទ្ធិ នៅតាមបណ្ដារោងចក្របានកើនឡើងពី១០០ដុល្លារនៅឆ្នាំ២០១៤ ដល់១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ និងបានកើនឡើងដល់ ១៨២ដុល្លារ នៅឆ្នាំ២០១៩នេះ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហជីព និងអង្គការអន្តរជាតិខាងការងារ (ILO) បានរួមគ្នាអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តការគាំទ្រលើលទ្ធភាពទីផ្សារ ការអនុគ្រោះពាណិជ្ជកម្ម ការរក្សាគម្រោងផ្ដួចផ្ដើមនាំចូលទំនិញ គ្រប់យ៉ាងលើកលែងតែអាវុធសម្រាប់កម្ពុជា៕

website_news/2019080101.txt · Last modified: 2019/01/08 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki