website_news:2019080201

មជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាជប៉ុនស៊ីអិល បោកលុយសិស្សក្រីក្រជាច្រើននាក់ តាមរយៈការប្រើល្បិចសន្យា បញ្ជូនទៅធ្វើការនៅជប៉ុន

https://www.dap-news.com/ ByID:114 Posted on 08 February 2019 | 13:55

ភ្នំពេញ៖ មជ្ឈមណ្ឌបណ្តុះបណ្តាល ភាសាជប៉ុនស៊ីអិល បោកប្រាស់និសិ្សតក្រីក្រ មកពីតាមបណ្តាខេត្តជាច្រើននាក់ គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ តាមរយៈការសន្យាបញ្ជូន ទៅធ្វើការនៅប្រទេសជប៉ុន ប៉ុន្តែមិនធ្វើតាមពាក្យ សន្យានោះឡើយ។ ជនរងគ្រោះជាច្រើននាក់ បានដាក់ពាក្យបណ្តឹង ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យជួយអន្តរាគមន៍ចាត់វិធានការ ទៅលើមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាជប៉ុនស៊ីអិល ដែលបានបោកប្រាស់ យកលុយរបស់ពួកគេក្នុងម្នាក់ៗអស់រាប់ពាន់ដុល្លារ។

យោងតាមពាក្យបណ្តឹង របស់ក្រុមជនរងគ្រោះ ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងស្នើទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យជួយអន្តរាគមន៍ករណីខាងលើនេះ បានឲ្យដឹងថាសុំប្តឹងឈ្មោះ ឈាង ឆុំ ភេទប្រុសកើតថ្ងៃទី២១ ខែ កក្កដា ឆ្នាំ១៩៨០ កាន់លិខិតឆ្លងដែន លេខN1719605 និងឈ្មោះជី អ៊ឹងគឹមលាង ភេទស្រី (ត្រូវជាប្រពន្ធឈ្មោះ ឈាង ឆុំ) ព្រមទាំងបក្ខពួកមានអាសយដ្ឋាន នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោក។

តំណាងជនរងគ្រោះ បានឲ្យដឹងថា ពួកគេទាំងអស់គ្នា បានបំពេញបែបបទចូលរៀនដំបូង តម្រូវឲ្យបង់ប្រាក់ចំនួន ៣០០ដុល្លារ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន ហើយបន្ទាប់ពីបានសិក្សា អស់រយៈពេលជាច្រើនខែ ឈ្មោះ ឈាង ឆុំ បានឲ្យជនជាតិជប៉ុនម្នាក់ មកធ្វើកិច្ចសម្ភាសន៍ពួកខ្លួនទាំងអស់គ្នា ដោយអះអាងថា ខ្លួនជានិយោជកនៅប្រទេសជប៉ុន ប៉ុន្តែជាក់ស្តែងជនជាតិជប៉ុនរូបនេះ គ្រាន់តែជាបុគ្គលិកឯកជនមួយប៉ុណ្ណោះ។ ក្រោយមកឈ្មោះ ឈាង ឆុំ បានប្រើឧបាយកលទុច្ចរិត និងបានប្រាប់ពួកខ្លួនជានិសិ្សត ដែលកំពុងសិក្សា នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាជប៉ុនស៊ីអិលខាងលើថា បានជាប់ទៅធ្វើការនៅប្រទេសជប៉ុនហើយ ដោយតម្រូវ ឲ្យជនរងគ្រោះទាំងអស់បង់ប្រាក់ ដើម្បីរៀបចំឯកសារទិដ្ឋាការ (Visa) ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។ ពេលនោះឈ្មោះ ឈាង ឆុំ បានឲ្យជនរងគ្រោះ បង់ប្រាក់ក្នុងម្នាក់ៗ ១,៧០០ដុល្លារ និងមានខ្លះទៀត អស់រហូតជិត ៥,០០០ដុល្លារ តែលទ្ធផលអ្វីៗទាំងនោះ អត់មានបានប្រយោជន៍អ្វីបន្តិចសោះ រង់ចាំមួយទៅមួយថៃ្ង រហូតជាច្រើនខែ ទើបដឹងថា ពួកគេចាញ់បោកឈ្មោះ ឈាង ឆុំ ដែលតាំងខ្លួន ជាអគ្គនាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលភាសាជប៉ុនស៊ីអិល។

បើតាមប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ឈ្មោះ ឈាង ឆុំ បានដើរតួនាទីខ្លួនឯង ជាអគ្គនាយកផង និងជាប្រធានក្រុមប្រឹក្សាភិបាលផង ហើយពេលក្រសួងការងារ កោះអញ្ជើញ មិនដែលឃើញវត្តមានចូលខ្លួននោះទេ ស្រាប់តែលេចមុខអ្នកផ្សេងទៅវិញ។ ជនរងគ្រោះបានសំណូមពរឲ្យ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ មេត្តាជួយពិនិត្យ លើទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនស៊ីអិលខាងលើនេះ និងទាមទារ ឲ្យខាងមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាជប៉ុនស៊ីអិល សងប្រាក់ទៅពួកគាត់ទាំងអស់គ្នាវិញ។

ចំណែក បុគ្គលឈ្មោះ ជា វីរៈ ក៏បានប្ដឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ ឈាង ឆុំ ភេទប្រុស កើតថ្ងៃទី២១ ខែ កក្កដា ឆ្នាំ១៩៨០ កាន់លិខិតឆ្លងដែន លេខN1719605 និងឈ្មោះជី អ៊ឹងគឹមលាង ភេទស្រី (ត្រូវជាប្រពន្ធរបស់ឈ្មោះ ឈាង ឆុំ) ពាក់ព័ន្ធបទបរិហារកេរ្តិ៍ជាសាធារណៈ និងប្រើប្រាស់ឯកសារក្លែងក្លាយផងដែរ៕

website_news/2019080201.txt · Last modified: 2019/02/08 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki