website_news:2019080401

អគ្គស្នងការរងនគរបាលជាតិ ជំរុញឲ្យមន្ត្រីខិតខំទប់ស្កាត់ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវ ភេទបន្ថែមទៀត

http://bayontv.com.kh/ 05/04/2019

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ លោកជំទាវនាយឧត្តមសេនីយ៍ យក់ សុខា បានជំរុញដល់មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ត្រូវខិតខំបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ខណៈករណីនេះ នៅតែកើតឡើងគួរឲ្យព្រួយបារម្ភនៅប្រទេសកម្ពុជានោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះអគ្គស្នងការដ្ឋាននគរបាលជាតិលោកជំទាវ យក់ សុខា បានលើកឡើងថា ក្នុងនាម យើងជានគរបាលរកយុត្តិធម៌ និងប្រឆាំងការជួញដូរមនុស្សត្រូវតែស្រាវជ្រាវរកករណីខាងលើ នេះឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីធ្វើយ៉ាងណាស្វែងរកចាប់ខ្លួនជនល្មើសឲ្យបានដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ អាជ្ញាធរបានធ្វើការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បាន១០៤ ករណី ថយចុះ៤៧ករណីស្មើ និងជាង៣១ភាគរយ ដោយចាប់ជនសង្ស័យបានចំនួនជិតពីររយនាក់ ក្នុងនោះជនបរទេសជិត២០នាក់ និងសង្គ្រោះជនរងគ្រោះបានជាងពីររយនាក់។

ដោយឡែកទាក់ទងនិងករណីរំលោភសេពសន្ថវៈ ដែលបង្ករឡើងដោយឪពុកបង្កើត ឱពុកចុង ជីតាឬក៏ពូអ៊ុំ ជាដើមនោះគឺបានកើតឡើងជាងមួយរយករណី ដោយឃាត់ខ្លួនជនសង្ស័យបានជាងមួយរយនាក់ និងសង្គ្រោះជនរងគ្រោះបាន១១៧នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំជិត៧០នាក់។ យ៉ាងណាក៏ដោយលោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា បានអំពាវនាវដល់មន្ត្រី និងភាគីពាក់ព័ន្ធ ទាំងអស់ត្រូវបង្កើនសកម្មភាពចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតទាក់ទង និងផលប៉ះពាល់នៃការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទនេះ៕

website_news/2019080401.txt · Last modified: 2019/04/08 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki