website_news:2019080402

ប៉ូលិសកម្ពុជាជំរុញឱ្យអប់រំស្ត្រីឈប់ស៊ីឈ្នួលពពោះជំនួស

https://khmer.voanews.com/ 07 មេសា 2019

អាជ្ញាធរប៉ូលិសកម្ពុជាបានជំរុញដល់មន្ត្រី នគរបាលប្រឆាំងការជួញដូរមនុស្ស និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបង្កើនសកម្មភាពចុះអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសគឺស្ត្រីទាក់ទងនឹងការស៊ីឈ្នួលពពោះជំនួសព្រោះវាជាបទល្មើសជួញដូរមនុស្សដោយឆ្លងដែន។ នេះបើតាមសេចក្តីរាយការណ៍របស់អគ្គស្នងការនគរបាលជាតិកម្ពុជា។

លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនរគបាលជាតិបានលើកឡើងនៅក្នុងពិធីបិទសន្និបាតនៃការបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទកាលពីថ្ងៃសុក្រថាករណីស៊ីឈ្នួលពពោះជំនួសនៅតែមាននៅកម្ពុជា ដូច្នេះដើម្បីបង្ការមិនឲ្យមានទៀតមន្ត្រីគប្បីបង្កើនសកម្មភាពបន្ថែមទៀតចុះអប់រំ ដល់ពលរដ្ឋតាមមូលដ្ឋានឱ្យយល់ដឹងកាន់តែច្រើនពីបញ្ហានេះ។ លោកស្រីបានបន្ថែមថា៖ «យើងត្រូវចុះអប់រំពួកគាត់ថាករណីស៊ីឈ្នួលពពោះជំនួសនេះគឺជា ករណីខុសច្បាប់ ហើយការចាក់បញ្ចូលមេជីវិតទៅដល់ពួកគាត់គឺជាមេជីវិតរស់ដោយពុំមាន អត្តសញ្ញាណជាឱពុកច្បាស់លាស់ ដូច្នេះយើងមិនត្រូវឲ្យករណីនេះកើតមានបន្តទៀតនោះទេ»។

នៅប្រទេសកម្ពុជាករណីស៊ីឈ្នួលពពោះជំនួសនេះត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ កាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ដែលជាអ្នកពពោះជំនួសចំនួន៣២នាក់ និងមេខ្យល់ ៥នាក់ ក្នុងនោះមានម្នាក់ជាជនជាតិចិន។ នេះបើតាមសេចក្តីរាយការណ៍ដដែលរបស់អគ្គស្នងការនគរបាលជាតិ៕

website_news/2019080402.txt · Last modified: 2019/04/08 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki