website_news:2019080403

មន្ត្រីនគរបាលជាន់ខ្ពស់ជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ចុះអប់រំដល់ពលរដ្ឋបន្ថែមទៀត ទាក់ទងនឹងការពពោះជំនួស

http://bayontv.com.kh/ 05/04/2019

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិលោកជំទាវនាយឧត្តមសេនីយ៍ យក់ សុខា បានជំរុញដល់មន្ត្រី នគរបាលប្រឆាងការជួញដូរមនុស្ស និងភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនសកម្មភាពចុះអប់រំ ដល់ប្រជាពលរដ្ឋជាពិសេសគឺស្ត្រីបន្ថែមទៀត ទាក់ទងនិងការពពោះជំនួសដោយករណីនេះ គឺត្រូវបានចាត់ទុកថាជាបទល្មើសជួញដូរមនុស្សដោយឆ្លងដែន។ ថ្លែងនៅបិទសន្និបាត នៃការបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះនៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកជំទាវ យក់ សុខា បានលើកឡើងថា ករណីស៊ីឈ្នួលពពោះជំនួសនោះគឺវានៅតែមាននៅកម្ពុជាដូច្នេះ ដើម្បីបង្ការមិនឲ្យមានទៀតយើងទាំងអស់គ្នាដែលជាមន្ត្រីគប្បីបង្កើនសកម្មភាពបន្ថែមទៀត ចុះអប់រំ ដល់ពួកគាត់តាមមូលដ្ឋាន និងមធ្យោបាយផ្សេងៗទៀតដែលអាចធ្វើទៅបាន។ លោកជំទាវ បានបញ្ជាក់ថា «យើងត្រូវចុះអប់រំពួកគាត់ថាករណីស៊ីឈ្នួលពពោះជំនួសនេះគឺជា ករណីខុសច្បាប់ ហើយការចាក់បញ្ចូលមេជីវិតទៅដល់ពួកគាត់គឺជាមេជីវិតរស់ដោយពុំមាន អត្តសញ្ញាណជាឱពុកច្បាស់លាស់ ដូច្នេះយើងមិនត្រូវឲ្យករណីនេះ កើតមានបន្តទៀតនោះទេ»។

សូមជម្រាបថា ទាក់ទងនិងករណីស៊ីឈ្នួលពពោះជំនួសនេះការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៨ បានឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ក្នុងនោះ មាន ៣២នាក់ជាស្ត្រីមានផ្ទៃពោះ ដែលជាអ្នកពពោះជំនួស និងមេខ្យល់ ៥នាក់ ក្នុងនោះ មានម្នាក់ជាជនជាតិចិន នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមស្ត្រីមានផ្ទៃពោះត្រូវចោទប្រកាន់ពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន» ក្រោមមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម។ ចំណែកមេខ្យល់ត្រូវចោទពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន និងបទអន្តរការីជាមួយស្ត្រីពពោះ៕

website_news/2019080403.txt · Last modified: 2019/04/08 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki