website_news:2019080501

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង៖ ក្រសួងការងារគួរបង្កើតការងារក្នុងស្រុកដើម្បីកាត់បន្ថយការចំណាកស្រុក

http://km.rfi.fr/cambodia/ ដោយ អ៊ឹង ប៊ុនថន 07/05/2019

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានបើកកិច្ចប្រជុំជាមួយក្រសួងការងារនៅថ្ងៃអង្គារនេះ ដោយសមាជិកប្រឹក្សានេះមកពីគណបក្សខ្មែរក្រោកបានយកបញ្ហាមួយចំនួនរួមមាន ពលករចំណាកស្រុក កង្វះការងារជូនពលរដ្ឋ និងប្រសិទ្ធភាពនៃការប្រើ ប័ណ្ណ បសស។ បើតាម លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក្រសួងការងារគួរបង្កើតការងារក្នុងស្រុកឲ្យបានច្រើន ជាជាងបង្កើនការបញ្ជួនពលករចេញក្រៅប្រទេស។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា បញ្ហាចំបងដែលបានលើកឡើងដូចជា បញ្ហាពលករចំណាកស្រុកដែលមានចំនួនច្រើនជាហេតុនាំឲ្យបាត់បង់ចលករពលកម្មក្នុងសង្គម «ពិសេសគឺចំណាកស្រុកទៅប្រទេសថៃ» ។ តាមក្រសួងការងារ ពលករខ្មែរចំណាកស្រុកទៅថៃមានចំនួនជាង១លាន១សែននាក់ ខណៈប្រាក់ឈ្នួលទាបបំផុតទទួលបាន៣០០ដុល្លារក្នុងមួយខែ។ ប៉ុន្តែប្រធានគណបក្សខ្មែរក្រោក បានជំរុញទៅក្រសួងការងារឲ្យបង្កើតការងារក្នុងស្រុកនិងពង្រីកការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋខ្មែរឲ្យធ្វើការងារក្នុងស្រុកជាជាងខិតខំបញ្ជួនពលករចេញក្រៅប្រទេសកាន់តែច្រើន។

បើទោះជាពលករចំណាកអាចរកប្រាក់ចំណូលមកវិញបានប្រមាណ២ពាន់លានដុល្លារក្នុងមួយឆ្នាំក៏ដោយ តែលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានលើកឡើងថាប្រទេសដែលទទួលពលករខ្មែរទាំងនោះក៏បានប្រាក់ចំណេញយ៉ាងក្រាស់ក្រែលពី អាជីវកម្មរបស់ពួកគេដែរ។ ដូចនេះរដ្ឋាភិបាលកម្ពុជាគួរតែបង្កើនការងារក្នុងស្រុកឲ្យបានច្រើនដើម្បីបង្កើនការរីកចម្រើននៃសេដ្ឋកិច្ចថែមទៀត។

ចំណែក ប្រសិទ្ធភាពនៃការប្រើប័ណ្ណ បសស វិញ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានលើកឡើងពីការរើសអើងរបស់គ្រូពេទ្យមួយចំនួនចំពោះអ្នកដែលប្រើប្រាស់បណ្ណនេះ ហើយជំរុញឲ្យក្រសួងការងារមានវិធានការជាក់ស្តែង។ ប៉ុន្តែខាងក្រសួងបានលើកហេតុផលថា ដោយសារតែអ្នកប្រើប្រាស់បណ្ណ បសស សម្រុកនាំគ្នាទៅរកពេទ្យល្បីឈ្មោះច្រើនពេកទើបធ្វើឲ្យសេវាកម្មយឺតយ៉ាវ។

បើតាមរបាយការណ៍បេឡាជាតិរបបសន្តិសុខសង្គម ឆ្នាំ២០១៨ កម្មករនិយោជិត២០០នាក់បានស្លាប់ ខណៈអ្នករងរបួសមានជាង៣ម៉ឺន៤ពាន់នាក់(៣៤,៦០៨) ដោយសារគ្រោះថ្នាក់ការងារ។ ប៉ុន្តែតួលេខអ្នកស្លាប់ និងការចំណាយសំណងហានិភ័យការងារក្នុងឆ្នាំ២០១៨ បានថយចុះចំនួន ១៩.៤៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានអ្នកស្លាប់២២២នាក់ ក្នុងចំណោមអ្នករងគ្រោះថ្នាក់៤ម៉ឺន៧ពាន់នាក់ (៤៧,៤៩៦ នាក់)៕

website_news/2019080501.txt · Last modified: 2019/05/08 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki