website_news:2019081001

ក្រសួងសង្គមកិច្ច និងអង្គការ ២ ចុះកិច្ចព្រមព្រៀងជួយជនរងគ្រោះពីអំពើជួញដូរមនុស្ស

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 07 October 2019 | 09:48 ICT

ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានចុះកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការដៃកម្ពុជា (ARM Cambodia) និងមូលនិធិអេ ២១ (A២១) ដើម្បីជួយក្នុងវិស័យសង្គមកិច្ចដោយផ្តោតសំខាន់លើការការពារជនរងគ្រោះពីការជួញដូរមនុស្ស ករណីកេងប្រវ័ញ្ចលើកុមារ ការរំលោភបំពានផ្លូវភេទ ការជួញដូរផ្លូវភេទ និងការជួញដូរកម្លាំងពលកម្មកុមារជាដើម។

លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ពីម្សិលមិញថា ការចុះកិច្ចព្រមព្រៀងរវាងក្រសួងសង្គមកិច្ច និងអង្គការទាំង ២ ខាងលើ ព្រោះអង្គការនេះជាអង្គការដែលបានចូលរួមចំណែកជួយការពារជនរងគ្រោះពីការជួញដូរមនុស្ស ករណីកេងប្រវ័ញ្ចលើកុមារ ការរំលោភបំពានផ្លូវភេទ ការជួញដូរផ្លូវភេទ និងការជួញដូរកម្លាំងពលកម្ម។ លោកថ្លែងថា៖ «អង្គការដៃកម្ពុជាមានមណ្ឌលជួយថែទាំជនរងគ្រោះនៅក្នុងខេត្ដសៀមរាប និងខេត្ដបាត់ដំបង។ ដូច្នេះកុមារដែលរងគ្រោះដោយការជួញដូរ ឬការរំលោភបំពានផ្សេងៗត្រូវបានអង្គការនេះយកមកផ្ដល់សេវាថែទាំ និងស្ដារនីតិសម្បទាដល់ជនរងគ្រោះឡើងវិញ។ ក្រោយជនរងគ្រោះសះស្បើយពីភាពទ្រុឌទ្រោមដោយការរំលោភបំពាន យើងនឹងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពួកគាត់ទើបបញ្ជូនពួកគាត់ទៅកាន់គ្រួសារវិញ»។

លោក តូច ចាន់នី បន្ថែមថាក្រសួងសង្គមកិច្ចនៅតែស្វាគមន៍ជានិច្ចជាមួយដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជាឲ្យមានជីវភាព និងជីវិតរស់នៅបានល្អប្រសើរថែមមួយកម្រិតទៀត។ លោកបន្ដថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។ លោកឱ្យដឹងថា កិច្ចព្រមព្រៀងជាមួយអង្គការដៃកម្ពុជា អង្គការនឹងប្រើប្រាស់ថវិកា ៣៧៦០៨១៦ ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងរយៈពេល៣ឆ្នាំ គិតពីឆ្នាំ ២០១៩ នេះតទៅលើសុខុមាលភាព និងការថែទាំកុមារីរងគ្រោះ។ អគ្គនាយករូបនេះបញ្ជាក់ថា រាល់អង្គការដៃគូទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួង សូមធ្វើប្រតិបត្តិការទៅតាមលក្ខខណ្ឌធ្វើតែកិច្ចការការងារសង្គមតែប៉ុណ្ណោះ មិនត្រូវធ្វើការងារនយោបាយឡើយ។ ប្រសិនបើក្រសួងរកឃើញថា អង្គការណាមួយមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបែរជាយកការងារសង្គមមកធ្វើជាការងារនយោបាយ ក្រសួងនឹងបញ្ចប់កិច្ចព្រមព្រៀងភ្លាមហើយឈានដល់បញ្ឈប់សកម្មភាព។

លោកស្រី សាត ធារ៉ា ប្រធានប្រចាំប្រទេសរបស់អង្គការដៃកម្ពុជា (ARM Cambodia) ថ្លែងពីម្សិលមិញថា អង្កការដៃកម្ពុជាមានមណ្ឌលដែលជាផ្ទះសុវត្ថិភាពសម្រាប់ថែទាំកុមារីមានការបណ្ដុះបណ្ដាលជំនាញ និងការបណ្ដុះបណ្ដាលជំនាញភាសាអង់គ្លេសដល់កុមារីផងដែរ។ លោកស្រីបានថ្លែងថា៖ «ពួកខ្ញុំជួយតែកុមារីដែលរងគ្រោះដោយការជួញដូរ។ បច្ចុប្បន្នយើងមានមណ្ឌលថែទាំនៅខេត្ដសៀមរាប និងបាត់ដំបង។ ប៉ុន្ដែកិច្ចសហប្រតិបត្ដិការជាមួយក្រសួងរយៈពេល ៣ ឆ្នាំនេះ យើងនឹងជួយកុមារីរងគ្រោះទូទាំងប្រទេសកម្ពុជា»។ លោកស្រីបញ្ជាក់ថា អង្គការដៃកម្ពុជានឹងជួយកុមារីរងគ្រោះមានអាយុចាប់ពី ៤ ឆ្នាំដល់អាយុ ១៨ ឆ្នាំដោយទទួលយកពួកគេពីក្រសួងទៅថែទាំនៅមណ្ឌលក្នុងទីតាំងខេត្ដទាំង ២ ខាងលើ។ លោកស្រី ធារ៉ា មើលឃើញថាស្ថានភាពនៃការរំលោភបំពានផ្លូវភេទ និងពលកម្មលើកុមារីនាពេលបច្ចុប្បន្នមានការថយចុះ ព្រោះពលរដ្ឋមានការយល់ដឹងច្រើនជាងមុន។ ប៉ុន្ដែលោកស្រីមិនទាន់អាចបញ្ជាក់ពីទិន្នន័យនៃចំនួនកុមារីដែលរងការរំលោភបំពានបានទេពីម្សិលមិញ ព្រោះមិនមានទិន្នន័យនៅក្នុងដៃ។

កញ្ញា ហម ណែត មន្ដ្រីសង្គមកិច្ចនៃអង្គការមូលនិធិ អេ ២១ (Case Worker A21) បានថ្លែងពីម្សិលមិញដែរថា អង្គការមូលនិធិ អេ ២១ បានធ្វើការផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើកុមារ ពិសេសការជួញដូរកុមារ និងរំលោភពលកម្មកុមារទៅក្រៅប្រទេសជាដើម។ កញ្ញាបន្ដថា៖ «អង្គការរបស់យើងនឹងធ្វើការងារស្នូលដោយសហការជាមួយមណ្ឌលសំចត និងមន្ទីរសង្គមកិច្ចនៅក្នុងខេត្តប៉ៃលិនក្នុងការផ្ដល់ជំនួយឧបត្ថម្ភដល់កុមារដែលរងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចពលកម្មតាមរយៈការឧបត្ថម្ភថវិកា សម្លៀកបំពាក់ និងការព្យាបាលផ្នែកផ្លូវចិត្ដដល់ជនរងគ្រោះជាដើមរហូតដល់ជាសះស្បើយ ទើបយើងបន្ថែមការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនរងគ្រោះថែមទៀត»។ កញ្ញា ហម ណែត បញ្ជាក់ថា តាមរយៈកិច្ចសហការជាមួយក្រសួងសង្គមកិច្ចនាពេលកន្លងមក អង្គការមូលនិធិ អេ ២១ បានជួយកុមារា និងកុមារី ជាង ២០ នាក់ពីប្រទេសថៃដែលត្រូវបានគេរំលោភពលកម្មដោយយកទៅឱ្យធ្វើជាអ្នកសុំទាន ត្រឡប់មកកម្ពុជាវិញ និងថែទាំពួកគេ។ កញ្ញាបន្តថា តាមរយៈកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំ ជាមួយក្រសួងសង្គមកិច្ច អង្គការមូលនិធិ អេ ២១ នឹងប្រើប្រាស់ថវិកាចំនួន ៦៦៦ ០១៦ ដុល្លារអាមេរិក៕

website_news/2019081001.txt · Last modified: 2019/10/08 13:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki