website_news:2019081002

សង្គមស៊ីវិល៖ ពលរដ្ឋខ្មែរក្រីក្រ នឹងចំណាកស្រុកច្រើន ដោយសារជនបរទេសដណ្ដើមមុខរបរតូចតាច

https://thmeythmey.com/ 07, Oct 2019 , 5:30 pm

ភ្នំពេញ៖ ពលរដ្ឋខ្មែរក្រីក្រ នឹងចំណាកស្រុកច្រើន ដោយសារជនបរទេសដណ្ដើមមុខរបរតូចតាច។ នេះជាការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល ដែលមើលឃើញបញ្ហានេះ ស្របពេលដែលរដ្ឋាភិបាល ផ្ដល់សិទ្ធិអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឬស្វ័យនិយោជន៍ គ្រប់ប្រភេទឡើងវិញនៅកម្ពុជា។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ យល់ឃើញថា ការសម្រេចរបស់រដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យជនបរទេសអាចប្រកបរបររកស៊ីតូចតាចដូចពលរដ្ឋខ្មែរដែរនោះ វាជារឿងមិនត្រឹមត្រូវនោះទេ។ សម្រាប់លោក វន់ ពៅ ការផ្ដល់សិទ្ធិរកស៊ីដល់ជនបរទេសបែបនេះ វាហាក់ដូចជាអនុញ្ញាតឱ្យពួកគេ ដណ្តើមការងារពីពលរដ្ឋខ្មែរ ដែលធ្វើឱ្យពលរដ្ឋខ្លួនឯង បាត់បង់មុខរបរ ប្រាក់ចំណូល និងបាត់បង់អតិថិជន ហើយនាំឱ្យធា្លក់ចូលក្នុងភាពក្រីក្រ ដែលឈានទៅបង្ខំចិត្តចំណាកស្រុកខុសច្បាប់កាន់តែច្រើនផងដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក វន់ ពៅ បាននិយាយដូច្នេះថា ៖«មុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះដែលរដ្ឋាភិបាលយើងបើកឱ្យជនបរទេសធ្វើនេះ គឺមិនចាំបាច់ទាមទារជំនាញមួយច្បាស់លាស់ឡើយ មានន័យថាពលរដ្ឋខ្មែរយើងអាចធ្វើបាន ហើយពួកគាត់ធា្លប់ធ្វើតាំងពីដើមមកម្លេះ»។

ត្រង់ចំណុចនេះ លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) បាននិយាយថា ក្រសួងការងារគួរតែពិនិត្យ និងពិចារណាឱ្យច្បាស់ឡើងវិញ ចំពោះការផ្ដល់សិទ្ធិឱ្យបរទេសប្រកបរបរតូចតាចដូចពលរដ្ឋខ្មែរនេះ។ «យើងត្រូវកំណត់ក្នុងក្រមខណ្ឌណាមួយ ដែលប្រជាប្រពលរដ្ឋខ្មែរអនុវត្តមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអាចធ្វើបាន ហើយមិនចាំបាច់ដោះដូរកម្លាំងពលកម្មជាមួយបរទេសនោះទេ។ រឿងដែលសំខាន់នោះ រដ្ឋាភិបាល គួរតែគិតអំពើជនបរទេសដែលធ្វើអនុវត្តការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធវិញ ព្រោះវាកម្លាំងដែលសំខាន់ ឱ្យពួកគាត់មានការគាំពារផ្នែកច្បាប់ មានការគាំពារផ្នែករបរការពារសង្គម ផ្នែកបេឡាជាតិជាដើម។ ទាំងនេះបានរឿងអទិភាពដែលយើងត្រូវធ្វើ។ នេះបើតាម លោក ឃុន ថារ៉ូ។

ទាំងលោក វន់ ពៅ និងលោក ឃុន ថារ៉ូ សុទ្ធតែអះអាងថា កន្លងមកជនបរទេសបានដណ្តើមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធពីពលរដ្ឋខ្មែរច្រើនណាស់មកហើយ ជាពិសេសផ្នែកសេវាកម្ម រួមទាំងអាជីរកម្មរកស៊ីទ្រង់ទ្រាយតូច រហូតដល់ទ្រង់ទ្រាយធំ ភាគច្រើនជាជនជាតិវៀតណាម និងចិនជាដើម នៅក្នុងខេត្តព្រះសីហនុ សៀមរាប និងភ្នំពេញ។

សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការអត្ថាធិប្បាយបន្ថែម ជុំវិញការអនុញ្ញាតឱ្យជនបរទេសអាចប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬស្វ័យនិយោជន៍គ្រប់ប្រភេទឡើងវិញនៅកម្ពុជាឡើយ។ កាលពីថ្ងៃទី៦ តុលា ក្រសួងការងារបានសេចក្តីដំណឹងជាសាធារណៈនៃការអនុញ្ញាតឱ្យជនបរទេសធ្វើការនិងប្រកបមុខរបរចំនួន១០ប្រភេទនៅកម្ពុជា ក្រោមមូលហេតុកម្ពុជាត្រូវការកម្លាំងពលកម្មជំនាញនៃជនបរទេសក្នុងវិស័យសេវាកម្ម និងដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងប្រទេសកម្ពុជា។ មុខរបរទាំង១០ប្រភេទនោះមាន ការងារជាអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្ម ការលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ ម៉ាស្សា និងចាប់សសៃតាមសាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សាសម្ផស្ស សេវាកម្មដេរ និងសម្អាតស្បែកជើង ប៉ះកង់ ជួសជុលយានយន្ត កាត់ដេរ ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ ផលិតបាត្រលោក ព្រះពុទ្ធរូប និងជាងទង និងជាងច្នៃត្បូងពេជ្រ។ ប៉ុន្តែការសម្រេចឱ្យជនបរទេសប្រកបរបរតូចតាច ក្រោមហេតុផលត្រូវការកម្លាំងជំនាញនេះ ត្រូវបានសង្គមស៊ីវិល ចាត់ទុកថា ជាហេតុផលមិនសមរម្យ។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ បានសង្កត់ធ្ងន់ថា មុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១០ប្រភេទខាងលើនេះ វាមិនចាំបាច់ត្រូវការអ្នកជំនាញជាជនបរទេសឡើយ។

បើតាមលោក វន់ ពៅ អ្នកជំនាញជនបរទេសដែលកម្ពុជាត្រូវការនោះ គឺជំនាញក្នុងវិស័យរោងចក្រ សហគ្រាសកាត់ដេរ រោងចក្រដំឡើងរថយន្ត-ម៉ូតូ…និងរោងចក្រធំៗ ជាដើម…។ «ត្រឹមមុខរបររត់ម៉ូតូឌុប តាក់ស៊ី ជាងកាត់សក់ អ្នកតុបតែងមុខ ម៉ាស្សា និងអ្នកលក់ចំណីចល័តតាមផ្លូវជាដើម គឺវាមិនចាំបាច់មានជនបរទេសជំនាញមកធ្វើការងារទាំងអស់ហ្នឹងទេ»។ នេះជាការបញ្ជាក់របស់លោក វន់ ពៅ៕

website_news/2019081002.txt · Last modified: 2019/10/08 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki