website_news:2019081003

ក្រុមអង្គការ៥១ ខកចិត្តចំពោះរាជរដ្ឋាភិបាល អនុញ្ញាតឲ្យជនបរទេស ប្រកបមុខរបរនៅកម្ពុជាឡើងវិញ

https://www.dap-news.com/ ByID:114VT Posted on 07 October 2019 | 14:59

ភ្នំពេញ ៖ ក្រុមសហជីព សមាគម និងអង្គការសង្គមស៊ីវិលចំនួន៥១ នៅកម្ពុជាបានសម្តែងការខកចិត្ត ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល អនុញ្ញាតឲ្យជនបរទេស ប្រកបការងារនៅកម្ពុជាឡើងវិញ។ ក្រសួងការងារ បានឲ្យជនបរទេសប្រកបការងារ នៅកម្ពុជាវិញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីបានហាម កាលពីថ្ងៃទី២៨ សីហា ។ សេចក្តីថ្លែងការណ៍ របស់ក្រុមអង្គការនៅថ្ងៃទី៧ តុលា បានឲ្យដឹងថា “យើងខ្ញុំជាសហជីព សមាគម និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការជាមួយកម្មករក្នុងប្រព័ន្ធ ប្រជាពលរដ្ឋកម្ពុជា ពិសេសកម្មករវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬកម្មករស្វ័យនិយោជន៍ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស មុខរបរ និងជីវភាពរស់នៅ របស់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង ដែលបានឃើញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអនុញ្ញាតឡើងវិញនៃសកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស” ។

ពួកគេយល់ឃើញថា ការអនុញ្ញាតឲ្យជនបរទេស ធ្វើការវិញនៅកម្ពុជា គឺដណ្តើមមុខរបររបស់កម្មករ និងប្រជាពលរដ្ឋខ្មែរ ព្រោះនឹងប្រឈមការបាត់បង់ប្រាក់ចំណូល បាត់បង់អតិថិជន បាត់បង់មុខរបរ និងធ្វើឲ្យជីវភាព កាន់តែលំបាកដុនដាប ហើយត្រូវបង្ខំចិត្តចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេស។ កន្លងមកសហជីព សមាគម និងអង្គការសង្គមស៊ីវិលសារទរ ចំពោះការកំណត់ប្រភេទមុខរបរ និងការងារដែរ ត្រូវហាមឃាត់ចំពោះជនបរទេស ដោយក្រសួងធានាបាន នូវការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ទៅតាមជំនាញរបស់ខ្លួន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬ កម្មករស្វ័យនិយោជន៍ ៕

website_news/2019081003.txt · Last modified: 2019/10/08 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki