website_news:2019081005

ឈឺចិត្តណាស់! នារីជាអ្នកបម្រើចំណាកស្រុកម្នាក់ រៀបរាប់ទាំងទឹកភ្នែក ក្រោយរងការធ្វើបាបពីចៅហ្វាយនាយ ឱ្យហូបបាយមួយថ្ងៃតែមួយដងគត់

https://www.khmerload.com/news/ ពៅ, Khmerload 13:31 October 08, 2019

សិង្ហបុរី៖ នារីជាអ្នកបម្រើចំណាកស្រុកជនជាតិឥណ្ឌូនេស៊ីម្នាក់ បានរៀបរាប់ទាំងទឹកភ្នែក ពោរពេញដោយការឈឺចាប់ ក្រោយរងការធ្វើបាបពីសំណាក់ចៅហ្វាយនាយ ឲ្យហូបបាយក្នុងមួយថ្ងៃតែមួយដងគត់ រួមទាំងការប្រើប្រាស់ហិង្សា និងពាក្យសម្តីមិនសមរម្យជាច្រើនផ្សេងទៀតមកលើនាង។ បើតាមប្រភពបានឲ្យដឹងថា នារីជាអ្នកបម្រើខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Castina បានចាកចេញពីស្រុកកំណើតខ្លួន ក្នុងតំបន់ Indramayu ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី ដើម្បីមកធ្វើការងារជាអ្នកបម្រើតាមផ្ទះ (ឬស្ថាប័នក្រុមហ៊ុន) នៅក្នុងប្រទេសសិង្ហបុរី។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ នាងបានជួបនូវរឿងរ៉ាវអាក្រក់ ក៏ដូចជាទុក្ខសោកក្រៀមក្រំជាច្រើន ដោយសារតែ នាងត្រូវបានរងការធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត ពីសំណាក់ចៅហ្វាយនាយ។

ជាក់ស្ដែង បើផ្អែកតាមរយៈវីដេអូឃ្លីបមួយ ដែលត្រូវបានថត និងបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយនារីមិនបញ្ចេញអត្តសញ្ញាណម្នាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ជុំវិញនឹងការសាកសួរខ្លះៗទៅកាន់នារីរងគ្រោះ គឺនាង Castina បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ក្នុងមួយថ្ងៃនាងត្រូវបានចៅហ្វាយនាយ ដែលស្នាក់នៅផ្ទះដែលនាងមើលថែ អនុញ្ញាតផ្តល់អាហារឲ្យទទួលទានតែ១ដងប៉ុណ្ណោះ ហើយនាងក៏តែងតែទទួលរងនូវការជេរប្រមាថ ស្តីបន្ទោសឥតស្រាកស្រាន្ត ប្រសិនបើនាងហ៊ានតែស្នើសុំបន្ថែមទៀត (អាហារ)។ លើសពីនេះ នាងថែមទាំងត្រូវបានចៅហ្វាយនាយ ប្រោះទឹក ឬជះទឹកដាក់ជារឿយៗ ប្រសិនណាបើនាង ហ៊ានតែងើបមិនទាន់នៅត្រឹមម៉ោង ៥ព្រឹក ដើម្បីធ្វើការងារ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ចំណុចនេះ Castina ថា វាមិនសូវជាធ្ងន់ធ្ងរខ្លាំងសម្រាប់នាងនោះឡើយ។ នារីរងគ្រោះ នាង Castina បានឲ្យដឹងទៀតថា គេថែមទាំងមិនអនុញ្ញាតឲ្យនាងទាក់ទងទៅកាន់ក្រុមគ្រួសាររបស់នាង ដែលរស់នៅឯប្រទេសឥណ្ឌូនេស៊ីនោះឡើយ។ នាងតែងតែនៅក្នុងផ្ទះ ដូចអ្នកជាប់ឃុំយ៉ាងអីចឹង ចាប់តាំងពីនាងបានមកធ្វើការនៅទីនេះ។ ដោយសារតែ ភាពភ័យខ្លាច និងអស់សង្ឃឹម Castina ក៏បាននិយាយដែរថា នាងចង់ឲ្យមានការផ្លាស់ប្តូរនិយោជក (ឬចៅហ្វាយនាយ) ដែលស្នាក់នៅ និងគ្រប់គ្រងលើនាង ព្រោះបើមិនដូច្នេះទេ គេអាចនឹងកាន់តែគំរាមកំហែង ធ្វើបាបលើនាងកាន់តែខ្លាំងទៀតជាក់ជាមិនខាន។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះ នារីដែលជាអ្នកថតវីដេអូសាកសួរជាមួយនឹងនាង Castina ក៏បានប្រាប់នាងឲ្យមានការអត់ធ្មត់ចំពោះរឿងមួយនេះ ហើយនាងក៏បានសន្យាថា នាងនឹងរាយការណ៍ពីស្ថានភាពនេះ ទៅកាន់ក្រសួងការងារក្នុងតំបន់ (Ministry of Manpower ឬហៅកាត់ថា “MOM”) ដើម្បីជួយរកយុត្ថិធម៌ឲ្យនាង និងសិទ្ធិត្រឹមត្រូវក្នុងនាមជាអ្នកបម្រើនេះផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានសាយភាយខ្លាំងនៅលើបណ្តាញសង្គម បងប្អូនប្រុសរបស់នារីរងគ្រោះ នាង Castina ក៏បានឃើញ និងបានប្រកាសសុំឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអាណិត និងជួយសង្គ្រោះដល់នាងផងដែរ។

អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំង ទៅលើចៅហ្វាយនាយដែលបានប្រព្រឹត្តទង្វើមិនគប្បីមកលើអ្នកបម្រើខ្លួនទាំងបែបនេះ ហើយពួកគេក៏បានជំរុញសុំឲ្យខាង “MOM” ជួយចាត់ការលើរឿងមួយនេះឲ្យបានឆាប់ៗផងដែរ។ យោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ក្រោយរងការរិះគន់ កាលពីម្សិលម្ង៉ៃនេះ (ថ្ងៃទី៦ តុលា) ខាង “MOM” ក៏បានធ្វើសេចក្តីប្រកាសមួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបាននិយាយថា បច្ចុប្បន្នពួកគេកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ ខណៈឯនារីរងគ្រោះនាង Castina វិញ ក៏ត្រូវបានបញ្ជូនទៅស្ថានទូតឥណ្ឌូនេស៊ី ដើម្បីធានាសុវត្ថិភាពដល់រូបនាងផងដែរ៕

website_news/2019081005.txt · Last modified: 2019/10/08 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki