website_news:2019081103

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១០ខែ(ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៩)

https://gdlf-kh.com/ 07/11/2019 Kao sophy ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្ត លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១០ខែ(ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៩)របស់ គ.ខ.ប.ជ និងមានការចូលរួមពី កងកម្លាំងទាំង៣ប្រភេទ លោកចៅក្រមនៃសាលាដំបូង លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនអ្នកទៀត។

លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានអោយដឹងថា: តាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១០ខែ(ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៩) សភាពការណ៍មានការកើនឡើង១៥ករណី និងទទួលបានពាក្យបណ្ដឹង០៦ករណី ។ ចំណុចសំខាន់ៗដែលធ្វើឲ្យការងារប្រយុទ្ធប្រឆាំងជួញដូរមនុស្សមានដំណើរការល្អ និងផ្តល់នូវមតិណែនាំបន្ថែមទៅដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្ត ពិនិត្យមើលទៅលើយន្តការនៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ទៅលើប្រព័ន្ធនីតិវីធីនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយ យុទ្ធសាស្ត្រនានា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ត្រូវមានផែនការសកម្មភាពស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន ត្រូវប្រើមធ្យោបាយសរុប កម្លាំងសរុប វិធានការសរុប ដើម្បីជំរុញផែនការសកម្មភាពអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។

លោកជំទាវអភិបាលរងខេត្តបន្ថែមថាទៀតថា: អំពើជួញដូរនេះ បានបង្កនូវការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ តម្លៃសង្គមកម្ពុជា ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលបានអនុវត្តជាប្រចាំបន្ថែមទៀត ដើម្បីតាមដាននូវសកម្មភាពបទល្មើសជួញដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់ប្រទេស ជិតខាង ក្នុងការទប់ស្កាត់ ការបង្ក្រាបការជួញដូរ មនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

website_news/2019081103.txt · Last modified: 2019/11/08 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki