website_news:2019081104

ជន ៣ នាក់ ពាក់ព័ន្ធការជួញដូរមនុស្សនឹងត្រូវបញ្ជូនទៅតុលាការ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 07 November 2019 | 13:59 ICT

ភ្នំពេញៈ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននឹងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ៣ នាក់ ទៅតុលាការនៅថ្ងៃព្រហស្បតិ៍នេះក្រោយបញ្ចប់ការសាកសួរ បន្ទាប់ពីជនសង្ស័យទាំងនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ៥ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

លោក កែវ ធា ប្រធានការិយាល័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញបានចុះប្រតិបតិ្តការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥ នាក់ ក្នុងនោះស្ត្រីរងគ្រោះ ២ នាក់ និងមេខ្យល់ប្រុសស្រី ៣ នាក់ កាលពីថ្ងៃទី ៥ វិច្ឆិកា ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សឆ្លងដែន។ ពួកគេត្រូវបានឃាត់ខ្លួននៅចំណុចចំណតរថយន្តក្រុងមួយឈ្មោះ (វ៉ាងរ៉ិច) ស្ថិតនៅផ្លូវលេខ ១៤៤ កែងផ្លូវលេខ ៤៩ សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក កែវ ធា បានបង្ហាញថាជនសង្ស័យប្រុសស្រីទាំង ៣ នាក់ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែននេះមានឈ្មោះ ពៅ ដែន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរជាបុគ្គលិកក្រុមហ៊ុនឯកជន។ ឈ្មោះ រ៉ន សុភា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរជាសន្តិសុខ និងឈ្មោះ ចិត្ត ស្រីពេជ្រ ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការងារក្នុងក្លិបខារ៉ាអូខេ។

ជនសង្ស័យទាំង ៣ នាក់ កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនឹងបញ្ជូនទៅតុលាការរាជធានីភ្នំពេញនៅថ្ងៃនេះ។ លោកបានបញ្ជាក់ថា៖ «ជនសង្ស័យទាំង ៣ នាក់ ដែលយើងឃាត់ខ្លួនបាន ឥឡូវយើងកំពុងសាកសួរនៅឡើយ។ ស្អែក (ថ្ងៃព្រហស្បតិ៍) យើងនឹងបញ្ជូនទៅតុលាការហើយ។ ជនសង្ស័យនេះបានរៀបគម្រោងយកជនរងគ្រោះទៅប្រទេស ចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម។ ចំណែកជនរងគ្រោះទាំង ២ នាក់ យើងបានបញ្ជូនពួកគាត់ទៅកាន់គ្រួសារវិញហើយ»។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមុនឈានដល់ការឃាត់ខ្លួននេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបានស្រាវជ្រាវជាច្រើនថ្ងៃទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង។របាយការណ៍បញ្ជាក់ថាមុនពេលពួកនារីរងគ្រោះសម្រេចចិត្តទៅប្រទេស ចិន គឺស្ត្រីម្នាក់ដែលជាមេខ្យល់បានទាក់ទង និងលួងលោមថា បើពួកនាងព្រមទៅប្រទេស ចិន ពេលទៅដល់ភ្លាមនឹងទទួលបានប្រាក់ម្នាក់ពី ២ ០០០-៣ ០០០ ដុល្លារអាមេរិក។ ក្នុងនោះរាល់ការធ្វើឯកសារ និងធ្វើដំណើរ ភាគីខាងមេខ្យល់ជាអ្នករ៉ាប់រងទាំងអស់តែម្ដង។ របាយការណ៍បញ្ជាក់ទៀតថា ព្រោះតែនារីរងគ្រោះមិនមានលិខិតឆ្លងដែន មេខ្យល់បានប្រាប់ថានឹងនាំទៅធ្វើលិខិតឆ្លងដែនដោយចំណាយពេលធ្វើត្រឹមតែ ១ ថ្ងៃ នឹងរួចរាល់។ ក្រោយពីធ្វើលិខិតឆ្លងដែនរួចនឹងធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិត។ នៅពេលទៅដល់ហូជីមិញ គឺមានមេខ្យល់ចាំទទួលដើម្បីនាំឆ្លងដែនទៅប្រទេស ចិន តែម្ដង។

លោក យឹម វរៈ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបញ្ជាក់ថាចំពោះការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្សនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃបានបង្កើតផែនការសកម្មភាពជាតិឆ្នាំ ២០១៩-២០២៣ ដើម្បីឆ្លើយតបឈានទៅការអនុវត្ដអន្តរក្រសួងលើបញ្ហាការជួញដូរមនុស្សនេះ។ លោកថ្លែងថា៖ «នៅថ្ងៃពុធនេះ (ម្សិលមិញ) សម្ដេចនាយករដ្ឋមន្ដ្រី (ហ៊ុន សែន ) ក៏បានថ្លែងក្នុងការបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី ១២ នៅខេត្តសៀមរាប ដោយលោកបានលើកឡើងពីបញ្ហានៃការប្រយុទ្ធប្រឆាំងនៃការជួញដូរមនុស្សនេះដែរ។ ក្នុងនោះជំហររបស់រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្ដក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស»៕

website_news/2019081104.txt · Last modified: 2019/11/08 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki