website_news:2019081105

ចៀសវាងចំណាកស្រុក ក្រសួងទេសចរណ៍ប្រាប់ឱ្យពលកររៀនផ្នែកបដិសណ្ឋារកិច្ច

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 08 November 2019 | 11:02 ICT

សៀមរាបៈ ក្រសួងទេសចរណ៍បានអំពាវនាវឱ្យអតីតពលករ ដែលមានបំណងចង់វិលទៅធ្វើការចំណាកស្រុកនៅក្រៅប្រទេស និងយុវជន នាំគ្នាងាកមករៀនជំនាញផ្នែកបដិសណ្ឋារកិច្ចវិញ ចៀសវាងការធ្វើចំណាកស្រុក ដើម្បីទទួលបានការងារល្អនៅក្នុងប្រទេសស្របពេលតម្រូវការការងារវិស័យនេះកំពុងកើនឡើងខ្លាំង។

ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចសន្ទនា ទ្វេភាគីលើកទី ២ កាលពីថ្ងៃទី ៦ វិច្ឆិកា ស្តីពីការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងអង្គការ ទេសន្តប្រវេសន៍អន្តរជាតិ (IoM) ដោយមានការចូលរួមពីលោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប។ កិច្ចសន្ទនានេះក៏មានប្រតិភូនៃព្រះរាជាណាចក្រថៃតំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវ:ទេសចរណ៍ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរពាក់ព័ន្ធសិស្សនិស្សិតប្រមាណ ២០០ នាក់ នៅសណ្ឋាគារសោមាទេវីស្ប៉ា និងរីសតខេត្តសៀមរាប។

រដ្ឋលេខាធិការ លោក ប៉ាក់ សុខុម បានថ្លែងថា៖ «ក្រសួងទេសចរណ៍បានដាក់កម្មវិធីផ្ដល់ជំនាញថ្មីដល់អតីតពលករចំណាកស្រុក ក៏ដូចជាយុវជនមានទំនោរចំណាកស្រុក ឲ្យងាកមកចាប់ជំនាញជាក់លាក់មួយក្នុងវិស័យទេសចរណ៍កម្ពុជា ដែលកំពុងមានតម្រូវការជំនាញកាន់តែច្រើន។ លោកលើកឡើងថា ទោះបីប្រទេសកម្ពុជាពុំទាន់មានសាលាបណ្ដុះបណ្ដាល ជំនាញទេសចរណ៍គ្រប់គ្រាន់ ប៉ុន្ដែក្រសួងទេសចរណ៍បានដាក់នូវផែនការ និងទម្រង់ បណ្ដុះបណ្ដាលនានាដល់មូលដ្ឋានអាជីវកម្ម បម្រើសេវាកម្មទេសចរណ៍។ មានកម្មវិធីសិក្សាស្របតាមស្តង់ដារួមរបស់អាស៊ាន ព្រមទាំងបានបណ្តុះបណ្តាលធនធាន គ្រូបង្គោលគ្រប់គ្រាន់។ សាលាបណ្តុះបណ្តាលនានាផ្សេងទៀតនៅកម្ពុជា បច្ចុប្បន្នក៏បានអនុវត្តកម្មវិធីអាស៊ានទាំងនេះយ៉ាងសកម្មផងដែរ។

លោក សុខុម ឱ្យដឹងថាបច្ចុប្បន្ន អតីតពលករមកពីប្រទេស ថៃ និងយុវជន ដែលមានគ្រួសារជីវភាពក្រីក្រសរុបចំនួន ៦០ នាក់ (នារី ៣៦ នាក់) បានទទួលការសិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់លើជំនាញនៃសេវាកម្មសណ្ឋាគារនៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ក្នុងខេត្តសៀមរាបរយៈពេល ៣ ខែ។ ពួកគេក៏បានចុះហ្វឹកហាត់ការងារនៅសណ្ឋាគាររយៈពេល ៣ ខែផងដែរ នៅព្រះរាជាណាចក្រថៃ។ លោកបញ្ជាក់ថា៖ «ជាការសាកល្បងចាប់ពីឆ្នាំ ២០១៨ មកក្រោមការគាំទ្ររបស់រដ្ឋាភិបាលស្វ៊ីសតាមរយៈអង្គការអន្តរជាតិទេសន្តប្រវេសន៍មានយុវជន ៦០ នាក់ បានបញ្ចប់ការសិក្សា។ ក្នុងនោះ ៣៥ នាក់ នឹងបញ្ចប់កម្មសិក្សាឆាប់ៗនៅប្រទេស ថៃ ដើម្បីត្រឡប់មកបម្រើការងារនៅក្នុងប្រទេសកម្ពុជាវិញ»។ លោក សុខុម បានបន្តថា កម្មវិធីនេះនឹងបន្តដោយផ្តល់ជំនាញដល់យុវជនកាន់តែច្រើនថែមទៀត ដើម្បីផ្ដល់ជំនាញដល់អតីតពលករត្រឡប់មកពីប្រទេស ថៃ និងយុវជនដែលពុំមានជំនាញ ហើយមានបំណងចំណាកស្រុក។

លោក នួន រស្មី នាយកសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ អេធីភី (ASEAN Tourism Professional consultant) ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្នុងវិស័យទេសចរណ៍កម្ពុជា គឺមានតម្រូវការការងារច្រើនផ្នែក។ ពលករ និងយុវជនអាចចំណាយពេលខ្លីក្នុងការរៀន ប៉ុន្ដែងាយស្រួលក្នុងការទទួលបានការងារធ្វើ។ លោកថ្លែងថា៖ «ការងារក្នុងវិស័យនេះមានដូចជា អ្នកជំនាញឆុងកាហ្វេ ធ្វើភេសជ្ជៈ ផ្ដល់សេវាកម្ម គិតលុយ និងជំនាញផ្នែកចុងភៅជាដើម ដែលកំពុងមានតម្រូវការជាច្រើននាក់សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន កំពុងជ្រើសរើសជារៀងរាល់ថ្ងៃតែម្ដង»។លោក រស្មី ឲ្យដឹងថាបច្ចុប្បន្នមានសាលាបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាច្រើនទាំងឯកជន និងរដ្ឋ។ ការបង្រៀនពលករ និងយុវជនតាមរយៈជំនួយពីបរទេស។ ការរៀនសម្រាប់ធ្វើការងារក្នុងវិស័យទេសចរណ៍ រៀនត្រឹមរយៈពេល ៣ ថ្ងៃ ១ ខែ ឬ ៣ ខែក៏អាចទទួលបានការងារល្អធ្វើ និងឆាប់ទទួលបានការឡើងប្រាក់ខែថែមទៀត។ លោកបញ្ជាក់ថា៖ «បើពលករ និងយុវជនអាចចាប់យកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនេះបានច្បាស់លាស់ ពួកគាត់ធ្វើការងារក្នុងវិស័យនេះរឹតតែយូរប្រាក់ខែពួកគាត់កើនឡើងកាន់តែខ្ពស់។ តម្រូវការការងារក្នុងវិស័យនេះមានរាល់ថ្ងៃ កំពុងជ្រើសរើសគ្រប់កន្លែងទាំងអស់។ បច្ចុប្បន្នសូម្បីតែអ្នកដែលចង់ធ្វើការងារក្នុងវិស័យនេះមិនមានបទពិសោធការងារក៏គេយកទៅធ្វើការដែរ ព្រោះកំពុងមានកង្វះបុគ្គលិក»៕

website_news/2019081105.txt · Last modified: 2019/11/08 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki