website_news:2019090101

ពលករបរទេសបំរើការងារនៅកម្ពុជាត្រូវបានសង្ស័យថា មានលើសពីកូតាកំណត់១០%

http://km.rfi.fr/cambodia/ ដោយ សឿង ភារៈ 08/01/2019

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ បានលើកឡើងដោយផ្អែកលើច្បាប់ការងារថា នៅការដ្ឋានសំណង់នីមួយៗ មិនអាចឲ្យមានជនបរទេសធ្វើការលើសពី១០ភាគរយនៃចំនួនអ្នកធ្វើការក្នុងការដ្ឋាននោះទេ។ ជាការលើកឡើងខណៈសហជីពសំណង់មើលឃើញថាតាមការដ្ឋានសំណង់ខ្លះមានជនបរទេសធ្វើការច្រើនជាងជនជាតិខ្មែរ។ តាមរយៈបទសម្ភាសរបស់វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី០៧ ខែមករា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា បច្ចុប្បន្ននេះក្រសួងមហាផ្ទៃកំពុងតែត្រួតពិនិត្យលើការដ្ឋានសំណង់ផ្សេងៗទៀតដើម្បីពិនិត្យពីភាពត្រឹមត្រូវតាមច្បាប់ការងារ។ លោកបានលើកឡើងថា នៅតាមការដ្ឋាននីមួយៗ មិនឲ្យមានជនបរទេសធ្វើកិច្ចការងារលើសពី១០ភាគរយទេ ដូច្នេះក្នុងចំណោមមនុស្ស១០០នាក់ បើមានជនបរទេសលើសពី១០នាក់ នោះគឺខុសនឹងច្បាប់ហើយ។ លោកបន្ថែមថារាល់ជនបរទេស ដែលធ្វើការងារនៅក្នុងប្រទេសកម្ពុជាត្រូវតែបង់ពន្ធប្រាក់ចំណូលជូនរដ្ឋ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ច្បាប់របស់កម្ពុជាបានចែងពីកូតាកំណត់ចំនួនជនបរទេសមិនឲ្យលើសពី១០ភាគរយក្នុងការដ្ឋានមួយ ប៉ុន្តែច្បាប់ដដែលនេះក៏បានអនុញ្ញាតឲ្យម្ចាស់គម្រោង ឬអ្នកវិនិយោគ អាចស្នើសុំបន្ថែមចំនួនជនបរទេស ប្រសិនបើមានករណីខ្វះកម្លាំងពលកម្មនៅក្នុងស្រុក ដើម្បីបំពេញការងារនៅក្នុងការដ្ឋានរបស់ខ្លួន។

ដោយឡែក លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានអះអាងថា បច្ចប្បន្ននេះ ដោយសារមានលំហូរវិនិយោគរបស់ចិនមកកម្ពុជាច្រើន ធ្វើឲ្យចំនួនជនបរទេស ដែលធ្វើការនៅតាមការដ្ឋានសំណង់មានលើសពី១០ភាគរយនៃកូតា ដែលបានកំណត់ដោយច្បាប់។ លោកបន្តថាកន្លែងការដ្ឋានខ្លះគឺមិនមានជនជាតិខ្មែរតែម្តង។ លោក សុខ គីន បញ្ជាក់ថា ជនបរទេសនៅតាមការដ្ឋានច្រើនជាងជនជាតិខ្មែរជាម្ចាស់ស្រុក នោះនឹងបង្កឲ្យមានបញ្ហាមួយចំនួនកើតឡើងដូចជា កើតមាននូវការរើសអើងតាមរយៈប្រាក់ឈ្នួល ព្រោះជនបរទេសមានប្រាក់ឈ្នួលច្រើនជាងជនជាតិខ្មែរ, ពលរដ្ឋខ្មែរនឹងបាត់បង់ការងារធ្វើ ឬទៅធ្វើការងារចំណាកស្រុកនៅប្រទេសដទៃជាដើម

website_news/2019090101.txt · Last modified: 2019/01/09 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki