website_news:2019090104

ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារពិភាក្សាពីដំណើរការការងារនៅតាមព្រំដែន

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 09 January 2019 | 13:58 ICT

ភ្នំពេញៈ ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែនដើម្បីស្វែងរកដំណោះស្រាយសមស្របទាក់ទងនឹងបញ្ហាណាមួយនៅតាមព្រំដែន។ សេចក្ដីសម្រេចនេះ ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ ដោយមានសមាសភាព ១០ រូប ក្នុងនោះ មានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធានលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន និង ៨ រូបទៀតជាសមាជិក។ បើតាមសេចក្ដីសម្រេច ការបង្កើតក្រុមការងារនេះឡើងគឺដើម្បីសិក្សា និងពិភាក្សា ជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន និងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អំពីកិច្ចដំណើរការក្នុងការបើកច្រកទ្វារព្រំដែនដែលបានសម្រេច។ សេចក្តីសម្រេចដដែលបានឲ្យដឹងថា៖ «ក្រុមការងារនេះមានភារកិច្ចដូចខាងក្រោម៖ ចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង នៃច្រកទ្វារព្រំដែននីមួយៗដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែនដើម្បីស្វែងរកដំណោះស្រាយសមស្រប។ សម្របសម្រួលពិភាក្សា និងចរចាជាមួយភាគីនៃបណ្តាប្រទេសជាប់ព្រំដែន ដើម្បីជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន»។ សេចក្តីសម្រេចបន្ថែមថា ក្រុមការងារនេះមានភារកិច្ចធ្វើរបាយការណ៍អំពីលទ្ធផល ការងារ និងសុំយោបល់ថ្នាក់ដឹកនាំ ផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ហើយក្រុមការងារនេះមានសិទិ្ធប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីជួយការងារតាមតម្រូវការចាំបាច់។

លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលជាប្រធានក្រុមការងារនេះបានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីម្សិលថា ក្រុមការងារនេះមានភារកិច្ចសិក្សា ពិភាក្សា និងត្រួតពិនិត្យរាល់ការងារទាក់ទងនឹងច្រកទ្វារព្រំដែនថ្មីៗ នៅតាមបណ្តាព្រំដែនដូចជាព្រំដែនប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ហើយក្រុមការងារនេះធ្វើការសហការជាមួយនឹងបណ្តាប្រទេសជាប់ព្រំដែនទាំងនោះ ដើម្បីសិក្សាពីលទ្ធភាព និងបញ្ហាផ្សេងក្នុងការកសាងច្រកព្រំដែនថ្មី។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមានគម្រោងថា នៅអាទិត្យទី ៣ ឬទី ៤ នៃខែនេះយើងនឹងប្រជុំគណៈកម្មការក្រុមការងាររៀបចំផែនការ ដើម្បីលើកទិសដៅដើម្បីថា យើងនឹងធ្វើការងារអ្វីខ្លះ»។ លោកបន្ថែមថា ក្រុមការងារនេះមិនមានភារកិច្ចពាក់ព័ន្ធនឹងបិទច្រករបៀងនានានៅតាមបណ្តាព្រំដែន ដើម្បីទប់ស្កាត់ ការនាំចូលទំនិញគេចពន្ធ និងទប់ស្កាត់ការនាំពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់នោះទេ។ យ៉ាងណាក្ដី ការបង្កើតក្រុមការងារនេះធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់កាលពីថ្មីៗនេះឱ្យអាជ្ញាធរបិទច្រករបៀងនានានៅតាមបណ្តាព្រំដែនដើម្បីទប់ស្កាត់ការនាំចូលទំនិញគេចពន្ធ និងទប់ស្កាត់ការនាំពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ កាលពីថ្ងៃ ២ មករា ថ្មីៗនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងឆ្នាំ ២០១៨ កន្លងទៅ កងទ័ពជើងគោកបានត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗសរុបបាន ៥១៩៣ ករណីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជាប់កម្ពុជា។ លោកក៏បានប្រៀបធៀបស្ថានភាពសន្តិសុខនៅតាមព្រំដែនក្នុងឆ្នាំ ២០១៨ ថា មានភាពល្អប្រសើរជាងឆ្នាំ ២០១៧៕ Contact author: ម៉ិច ដារ៉ា

website_news/2019090104.txt · Last modified: 2019/01/10 11:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki