website_news:2019090401

សង្គមស៊ីវិលស្នើលោក ហ៊ុន សែន ឱ្យណែនាំមន្ត្រី កុំយកលុយពីពលករដែលមកលេងស្រុកនៅពេលចូលឆ្នាំ

https://www.rfa.org/khmer/news/ ដោយ ហេង រស្មី 2019-04-08

អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិកម្មករចំណាកស្រុក ស្នើដល់មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ឱ្យណែនាំដល់មន្ត្រីនៅតាមព្រំដែន កុំឱ្យយកលុយពីពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើត នៅអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែងថា រដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យពលករបរទេសក្នុងនោះក៏មានពលករខ្មែរដែរ បានឈប់សម្រាក ដើម្បីវិលត្រឡប់ទៅស្រុកកំណើត ចូលរួមពិធីបុណ្យចូលឆ្នាំថ្មី។ លោកបន្តថា រដ្ឋាភិបាលថៃបានណែនាំមន្ត្រីរបស់ខ្លួន មិនឱ្យទារលុយពីពលករ នៅពេលពួកគេឆ្លងដែនទៅលេងស្រុកកំណើតវិញនោះឡើយ ក៏ប៉ុន្តែបញ្ហាបែរជាកើតមាននៅខាងភាគីខ្មែរទៅវិញ។ មន្ត្រីសិទ្ធិការងាររូបនេះឱ្យដឹងថា ព័ត៌មានដែលអង្គការលោកទទួលបាននៅពេលនេះ គឺមានពលករមួយចំនួនបានត្អូញត្អែរថា ខាងមន្ត្រីខ្មែរនៅតែមានការទារលុយពីពួកគេ។ លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរប្រាប់ទៅមន្ត្រីព្រំដែនខ្មែរ មិនត្រូវយកលុយកាក់ពីពលករចំណាកស្រុកឡើយ ព្រោះដើម្បីកាត់បន្ថយការចំណាយរបស់ពួកគេ ខណៈពលករមួយចំនួន បានចាប់ផ្ដើមវិលមកស្រុកកំណើតវិញជាបណ្ដើរៗ ហើយ៖ «ខ្ញុំគិតថា បញ្ហាពលករចំណាកស្រុកនេះ គឺជាបញ្ហាមួយដែលថ្នាក់ដឹកនាំរដ្ឋាភិបាលប្រហែលជាភ្លេច អ៊ីចឹងទៅការដែលដឹងព័ត៌មានពីពលករមកហើយ គួរតែយើងប្រាប់បញ្ហានេះទៅដល់អ្នកដឹកនាំប្រទេសដែរ ព្រោះពលករចំណាកស្រុក(ខ្មែរ)ដែលនៅក្នុងប្រទេសថៃនេះមានរហូតដល់លាននាក់។ ហើយឆ្នាំនេះ គឺជាឆ្នាំមួយដែលយើងឃើញថា អាជ្ញាធរថៃបានសម្រួលច្រើន ហេតុដូច្នេះហើយបើយើងមិនជួយជ្រោមជ្រែងពួកគាត់ទេ ហាក់ដូចជាយើងបំភ្លេចគាត់ចោលអ៊ីចឹង»។

ការអំពាវនាវរបស់អ្នកការពារសិទ្ធិកម្មករចំណាកស្រុករូបនេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើកុំឱ្យមានការដំឡើងថ្លៃឈ្នួលរថយន្ត និងកន្លែងស្នាក់នៅ នៅអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅសប្ដាហ៍ក្រោយនេះ។

លោក ហ៊ុន សែន ថ្លែងក្នុងហ្វេសប៊ុកនៅថ្ងៃទី៧ មេសា ដោយសំណូមពរដល់ម្ចាស់រថយន្តឈ្នួលកុំដំឡើងថ្លៃជិះរថយន្ត និងស្នើឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ កុំឱ្យដំឡើងថ្លៃស្នាក់នៅ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកទេសចរ សន្សំសំចៃថវិកាបានខ្លះសម្រាប់ការចាយវាយ និងធ្វើបុណ្យក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៦ មេសាខាងមុខនេះ។ បន្ថែមពីលើនេះ របបរបស់លោកក៏បានបញ្ចេញឡានក្រុងចំនួន ១២០គ្រឿង ដើម្បីផ្ដល់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៨ មេសាផងដែរ។

ក្រសួងការងារអះអាងថា ពលករចំណាកស្រុកខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ មានចំនួនជាង ១លាន ១សែននាក់ ក៏ប៉ុន្តែអង្គការសង្គមស៊ីវិលវិញ អះអាងថា ពលរដ្ឋខ្មែរដែលធ្វើការនៅថៃ អាចមានរហូតដល់ ២ លាននាក់ បើរួមបញ្ចូលទាំងអ្នក ដែលទៅធ្វើការក្នុងលក្ខខណ្ឌមិនស្របច្បាប់។

ការងារដែលពលករខ្មែរធ្វើ ភាគច្រើនជាប្រភេទការងារបែបកខ្វក់ លំបាក និងគ្រោះថ្នាក់ (3D Job—Dirty, Dangerous, Demeaning) ហើយប្រាក់ឈ្នួលជាមធ្យមដែលពួកគាត់ទទួលបាន គឺប្រមាណ ៣០០ដុល្លារអាមេរិកក្នុងមួយខែ។

សកម្មជនសិទ្ធិការងារអះអាងថា ពលករខ្មែរនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃនៅតែប្រឈមនឹងបញ្ហាជាច្រើន ជាពិសេស គឺការរំលោភបំពានសិទ្ធិការងារ។ ករណីទាំងនោះមានជាអាទិ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើការក្នុងបរិយាកាសមិនល្អ និងមានគ្រោះថ្នាក់ ការហូតឯកសារពីសំណាក់និយោជក ឬថៅកែ និងការទូទាត់ប្រាក់ឈ្នួលមិនសមស្របទៅនឹងចំនួន ដែលពួកគាត់ត្រូវទទួលបានជាដើម៕

website_news/2019090401.txt · Last modified: 2019/04/09 11:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki