website_news:2019090404

ពលករខ្មែរជាង ២ ម៉ឺននាក់ ចេញពីថៃមកចូលរួមពិធីបុណ្យចូលឆ្នាំ

https://www.postkhmer.com/ ខន សាវិ | Publication date 09 April 2019 | 09:08 ICT

បាត់បំដងៈ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែ មេសា មានពលករខ្មែរជាង ២ ម៉ឺននាក់ បានធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិដូងនៃខេត្តបាត់ដំបង ដើម្បីត្រឡប់មកលេងស្រុកកំណើតវិញនៅអំឡុងពិធីបុណ្យចូលឆ្នាំខាងមុខនេះ។ នៅច្រកទ្វារអន្តរជាតិនៅប៉ោយប៉ែត ឯណោះវិញ ត្រូវបានមន្ត្រីអះអាងថា ពុំទាន់មានពលករដែលសម្រុកធ្វើដំណើរចេញពីថៃច្រើននៅឡើយទេ។

លោក រស់ សារុំ ប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា តាមរបាយការណ៍ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតសម្រាប់ទទួលពលករនៅក្រុងប៉ោយប៉ែត គឺមកដល់ពេលនេះ ពុំទាន់មានពលករខ្មែរដែលនាំគ្នាធ្វើដំណើរសម្រុកចេញច្រើនពីប្រទេសថៃដើម្បីមកលេងស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំនៅឡើយទេ ហើយពលករដែលចាប់ផ្ដើមសម្រុកចេញច្រើនពីប្រទេសថៃគឺអាចនៅថ្ងៃទី ១២ ទៅដល់ថ្ងៃទី ១៣ ខែ មេសា។ លោកថ្លែងថា៖ «ប៉ុន្មានថ្ងៃកន្លងមកនេះ ពលករដែលបានឆ្លងចូលប្រទេសយើងវិញ វាអត់ទៀងទេ មានថ្ងៃណាខ្លះមាន ១ ឡាន ហើយ ១ ឡានហ្នឹងមាន ៤០ នាក់អ៊ីចឹង ហើយថ្ងៃខ្លះ ក៏ ២ ឡាន តែបូកសរុបទៅ ២ ហ្នឹង មានគ្នាប្រហែល ៧ ទៅ ៨ នាក់ រហូតដល់ ១០ នាក់។ ម្យ៉ាងថ្ងៃនេះ គឺជាថ្ងៃទី ៨ ហើយពាក់ព័ន្ធនឹងច្បាប់ការងារមិនទាន់ដល់ថ្ងៃដែលកម្មករនិយោជិតសម្រាកនៅឡើយ»។ លោក សេម មករា នាយផ្នែកសេនាធិការនគរបាលប៉ុស្ដិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា លោកពុំមានតួលេខនៅក្នុងដៃអំពីចំនួនពលរដ្ឋដែលវិលត្រឡប់មកលេងស្រុកកំណើតនៅឡើយទេ។

ប៉ុន្តែបើតាមលោក រស់ សារុំ សព្វថ្ងៃពលរដ្ឋខ្មែរធ្វើដំណើរចេញចូលទៅថៃ គឺប្រើប្រាស់លិខិតឆ្លងដែនចំនួន ២ ប្រភេទទី១ ពលរដ្ឋខ្មែរដែលរស់នៅជាប់ព្រំដែនថៃ និងជាអាជីវករ គឺពួកគាត់ប្រើប្រាស់លិខិតឆ្លងដែនដែលទទួលស្គាល់ត្រឹមខេត្តសម្រាប់ចេញចូលព្រឹក-ល្ងាច ឬចេញចូលក្នុងរយៈពេល ១ អាទិត្យម្ដង ចំណែកទី២ គឺពលរដ្ឋជាពលករដែលមានលិខិតឆ្លងដែន និងមានប័ណ្ណការងារ ដើម្បីចេញទៅធ្វើការតាមរោងចក្រ និងសហគ្រាស។ ការលើកឡើងរបស់ប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យនេះ ក្រោយពីមន្ត្រីនគរបាលប៉ុស្ដិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀង ខេត្តបាត់ដំបង បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា គិតពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមេសានេះ មានពលករខ្មែរចំនួន ២៥ ៤៧៥ នាក់ បានធ្វើដំណើរតាមច្រកទ្វារព្រំដែនរបស់ខេត្តបាត់ដំបងនេះ ដើម្បីវិលមកលេងស្រុកកំណើតអំឡុងពិធីបុណ្យចូលឆ្នាំខាងមុខ។ នគរបាលប៉ុស្ដិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូងអះអាងថា ក្នុងចំណោមពលករជាង ២ ម៉ឺននាក់នោះ គឺភាគច្រើនជាពលរដ្ឋនៅខេត្តបាត់ដំបង ហើយខ្លះទៀត មកស្រុកកំណើតនៅខេត្តកំពង់ធំ ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង និងខេត្តស្វាយរៀង ដែលក្នុងនោះមួយចំនួនតូចជាអ្នកលួចធ្វើចំណាកស្រុកដោយខុសច្បាប់ដែរ ។

លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងបានលើកឡើងដែរថា នៅច្រកទ្វារអន្តរជាតិដូង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាមានពលករច្រើនត្រឡប់មកកម្សាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំនៅស្រុកកំណើតមែន ហើយនឹងមានពលរដ្ឋចូលមកបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃចូលឆ្នាំតែម្ដង។ លោកថា៖ «គេមកស្រុកកំណើតចូលឆ្នាំ បើកលុយបើកអីបាន គេឱ្យមកហើយ»។

យោងតាមរបាយការណ៍របស់ក្រសួងការងារកាលពីឆ្នាំ ២០១៨ មានពលករខ្មែរប្រមាណ ១ លាន ៧ ម៉ឺននាក់ ដែលទទួលបានឯកសារស្របច្បាប់ និងកំពុងធ្វើការងារនៅតាមរោងចក្រ សហគ្រាស នៅក្នុងវិស័យសំណង់ នេសាទ និងកសិកម្មនៅក្នុងប្រទេស ថៃ៕

website_news/2019090404.txt · Last modified: 2019/04/09 11:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki