website_news:2019090701

កងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ ប្រជុំសហការទប់ស្កាត់បទល្មើសឆ្លងដែន

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 09/07/2019

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងការពារព្រំដែនជួរមុខកម្ពុជា-ថៃ បានបន្តប្រជុំពិភាក្សាសហការគ្នាដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់និងរក្សាសុវត្ថិភាព តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នៅប៉ុស្ថិ៍នគរបាលព្រំដែនចំបក់ ក្នុងទឹកដីកម្ពុជា។រវាង នគរបាលការពារព្រំដែនគោកលេខ៨១៥ ប៉ុស្ថិ៍ព្រំដែនចំបក់ ប៉ុស្ថិ៍ព្រំដែនសង្កែ និងកម្លាំងយោធាសឹករងម៉ាឡៃសរុប១១នាក់ ឈរជើងក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងកម្លាំងទាហានឈុតខ្មៅថៃនៃកងអនុសេនាធំលេខ១៣០២ ចំនួន៦នាក់ ឈរជើងនៅភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។

កិច្ចប្រជុំកម្លាំងការពារព្រំដែនកម្ពុជាដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុក ធី នាយប៉ុស្ថិ៍នគរបាលការពារព្រំដែនសង្កែ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ ចំណែកទាហានឈុតខ្មៅថៃដឹកនាំដោយលោកអនុសេនីយ៍ទោ សំភោគ ចារ៉ាន់យ៉ាអន មេបញ្ជាការកងអនុសេនាធំលេខ១៣០២។លោក ឡុក ធី បានប្រាប់ឱ្យដឹងថា រវាងកងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងភូមិសាស្ត្រស្រុកខ្លងហាត ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃភាគីទាំង២ បានធ្វើឡើងជាងរៀងរាល់ខែគឺក្នុង១ខែជួបប្រជុំពិភាក្សាគ្នា១ដង។កិច្ចប្រជុំភាគីទាំង២បានជជែកនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាឱ្យកាន់តែរឹងមាំ អនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនរវាងយោធភូមិ៥កម្ពុជានិងយោធភូមិភាគ១ថៃ ដែលបានជួបប្រជុំនៅទីក្រុងបាងកកប្រទេសថៃកន្លងទៅថ្មីៗនេះ ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការចុះល្បាតតាមព្រំដែនដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់,ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន, ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់

លោកអនុសេនីយ៍ឯក ឡុក ធី នាយប៉ុស្ថិ៍នគរបាលការពារព្រំដែនសង្កែ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានលើកឡើងទៀតថា រវាងកងកម្លាំងការពាព្រំដែនជួរមុខកម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ និងភូមិសាស្ត្រស្រុកខ្លងហាត និងស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ កន្លងមកសហការគ្នាបានល្អ ដោយធ្លាប់ទប់ស្កាត់ និងបង្ក្រាបបានករណីជួញដូរអាវុធខុសច្បាប់កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ និងបទល្មើសឆ្លងដែនខុសច្បាប់មួយចំនួនទៀតផងដែរ។ លោកនាយប៉ុស្ថិ៍ក៏បានស្នើសុំឱ្យទាហានឈុតខ្មៅថៃក៏ដូចជាប្រជាពលរដ្ឋថៃកុំធ្វើអ្វីប៉ះពាល់ដល់ការប្រែប្រួលបន្ទាត់ព្រំដែន ដែលមិនទាន់មានការទទួលស្គាល់ដោយគណៈកម្មាធិការព្រំដែននៃប្រទេសទាំង២។ មិនតែប៉ុណ្ណោះលោកក៏ស្នើសុំឱ្យភាគីថៃជួយសម្រួលដល់ពលករខ្មែរដែលឆ្លងដែនធ្វើការងារទៅព្រឹកវិលល្ងាចក្នុងប្រទេសថៃឱ្យមានសុវត្ថិភាពល្អ។ក្នុងករណីដែលមានការឆ្លងដែនខុសច្បាប់ពីសំណក់ពលករខ្មែរ ចូលក្នុងទឹកដីថៃ សូមឱ្យភាគីថៃមានការយោគយល់កុំប្រើអំពើហឹង្សារឺបាញ់សម្លាប់ជាដើមនោះ។ ជាងនេះថែមទៀតបើកើតមានបញ្ហាតាមបន្ទាត់ព្រំដែនត្រូវជូនដំណឹងគ្នាទៅវិញទៅមក ដើម្បីប្រជុំពិភាក្សារកដំដោះស្រាយតាមសន្តិវិធី បញ្ចៀសការតានតឹងដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ។ ក្នុងកិច្ចពិភាក្សារវាងកងកម្លាំងជួរមុខនៃប្រទេសទាំង២ ក៏បានធ្វើឡើងក្នុងបរិយាកាសស្និតស្នាល សាមគ្គឺភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ៕

website_news/2019090701.txt · Last modified: 2019/07/09 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki