website_news:2019090702

ពលរដ្ឋខ្មែរ៧០នាក់ត្រូវអាមេរិកបញ្ជូនមកកម្ពុជាវិញគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៩

http://km.rfi.fr/cambodia/ ដោយ អេង គីមហុង 07/07/2019

យ៉ាងហោចណាស់ ពលរដ្ឋខ្មែរអាមេរិកាំងចំនួន៧០នាក់ ដែលធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៩នេះ។ រាប់ចាប់តាំងពីការចុះកិច្ចព្រមព្រៀងរវាងកម្ពុជាអាមេរិក នៅក្នុងឆ្នាំ២០០២ រហូតមកទល់ពេលនេះ អាមេរិកបានបញ្ជូនពលរដ្ឋខ្មែរអាមេរិកកាំងត្រឡប់មកកម្ពុជាវិញ ជាង៧០០នាក់ហើយ។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃអាទិត្យនេះ មន្ត្រីជាន់ខ្ពស់ផ្នែកអត្តសញ្ញាណកម្មបានគូសបញ្ជាក់ថា ៦ខែក្នុងឆ្នាំ២០១៩ ពលរដ្ឋខ្មែរអាមេរិកកាំង៧០នាក់ ត្រូវអាមេរិកបញ្ជូនមកកម្ពុជាវិញ ដោយលើកទីមួយមានចំនួន៣៣នាក់ បញ្ជូនមកកាលពីដើមឆ្នាំ២០១៩ ខណៈលើកទីពីរ ៣៧នាក់មកដល់នៅដើមខែកក្កដានេះ។ បើតាមភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍អាមេរិក ពលរដ្ឋខ្មែរ៣៧នាក់បញ្ជូនមកនេះ ភាគច្រើនជាប់ពាក់ព័ន្ធ នឹងការប្រព្រឹត្តបទឧក្រិដ្ឋកម្ម ដោយក្នុងនោះរួមមាន ឃាតកម្ម រំលោភបំពានលើកុមារ បង្កហិង្សាក្នុងគ្រួសារ ជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាដើម។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយមកដល់ប្រទេសកម្ពុជា អាជ្ញាធរនឹងធ្វើសមាហរណកម្មពួកគេជាមួយពលរដ្ឋខ្មែរទូទៅ ដោយផ្ដើមដំបូងគឺ ផ្ដល់សំបុត្រកំណើត សៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជាដើម។ ចំណែកពលរដ្ឋខ្មែរដែលបណ្តេញចេញពីសហរដ្ឋអាមេរិកមួយក្រុមមុន បានរៀបចំធ្វើយុទ្ធនាការ រៃអង្គាសប្រាក់សម្រាប់ជួយផ្គត់ផ្គង់ដល់អ្នក៣៧នាក់ដែលទើបបញ្ជូនមកថ្មី។

ទោះជាបែបនេះក្ដី អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃទី៥ខែកក្កដា បានស្នើឲ្យអាមេរិកបញ្ឈប់ការចាប់បញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាទៀតទៅ ចំពោះអ្នកដែលបានស្តារនីតិសម្បទារួច។ សម្រាប់ Human Rights Watch ការចាប់បញ្ជូនបែបនេះ ដូចជាធ្វើឲ្យពួកគាត់ទទួលរងទណ្ឌកម្មទ្វេដង តាមរយៈការទទួលទោសដោយជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិកម្ដងហើយ ដល់ចុងក្រោយក៏ត្រូវនិរទេសខ្លួនអស់មួយជីវិត ទៅរស់នៅប្រទេសកម្ពុជា។

សូមជម្រាបថា គិតមកដល់ពេលនេះ ពលរដ្ឋខ្មែរអាមេរិកកាំងជាង៧០០នាក់ហើយ ត្រូវបានបញ្ជូនមកកម្ពុជា បន្ទាប់ពីកម្ពុជានិងអាមេរិក ចុះកិច្ចព្រមព្រៀងរួមគ្នាក្នុងឆ្នាំ២០០២។ក្នុងចំណោមពួកគេ មួយចំនួនបានក្លាយខ្លួនជាអ្នកជំនួញ និងគ្រូបង្រៀនភាសាអង់គ្លេសជាដើម។ នេះបើតាមអង្គការ|KVAO៕

website_news/2019090702.txt · Last modified: 2019/07/09 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki