website_news:2019090803

សិក្ខាសាលាសម្ពោធគម្រោង ធ្វើការជាមួយគ្នាដើម្បីកុមារកម្ពុជា

https://gdlf-kh.com/ 09/08/2019 Him Uykeang ខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប មានបើកអង្គសិក្ខាសាលាសម្ពោធ ធ្វើការជាមួយគ្នា ដើមី្បកុមារកម្ពុជា ដែលរៀបចំឡើងដោយអង្គការដែនដីមនុស្ស-ហូឡង់ដ៏ប្រចាំកម្ពុជា ក្រោមអធិបតីភាពរបស់ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត ជាប្រធានគណៈកម្មកាកិច្ចការស្ត្រីនិងកុមារខេត្ត និងលោក អេរីកវ៉ាន់ឌ័រលី នាយកប្រចាំប្រទេសអង្គការដែនដីមនុស្ស-ហូឡង់ដ៏ប្រចាំកម្ពុជា ដោយ មានការចូលរួម ពីសំណាក់អស់លោក លោកស្រីជា គណៈអភិបាលក្រុង ចៅសង្កាត់ ប្រធានកម្រង មេភូមិ និង នាយកសាលា នៅក្នុងតំបន់គោលដៅដែលបានជ្រើសរើស ប្រមានចំនួន៦០នាក់ចូលរួមជាសិក្ខាកាម ។

មានចំណាប់អារម្មណ៍នោះលោក អេរីកវ៉ាន់ឌ័រលី ក៏បានធ្វើការបញ្ជាក់អំពីគោលបំណងនៃគម្រោងនេះគឺដើម្បីទប់ស្កាត់ការពារ និងការឆ្លើយតបចំពោះការកេងប្រវញ្ចផ្លូវភេទកុមារ ក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ (SECTT)នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ អង្គសិក្ខាសាលាសម្ពោធ គម្រោងធ្វើការជាមួយគ្នាដើម្បីកុមារកម្ពុជា របស់អង្គការដែនដីមនុស្ស-ហូឡង់ដ៏ បង្កើតគម្រោងរបស់ខ្លួន ក្នុងក្របខណ្ឌកម្មវិធីសកលចំនួន៥ គឺ.ការកេងប្រវ័ញ្ចផ្លូវភេទកុមារ ,ពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និង អំពើជួញដូរ និងទេសន្តរប្រវេសន៍កុមារ រួមនឹងសុខភាពផ្លូវភេទ និង កិច្ចការពារកុមារ ពេលមានវិបត្តិមនុស្សធម៌ ។ លោកបានបន្តទៀតថា សិក្ខាសាលាដែលមានរយៈពេលកន្លះថ្ងៃនេះ ពិតជាមានសារៈសំខាន់ និង អត្ថប្រយោជន៍ខ្លាំងណាស់ នៅក្នុងចក្ខុវិស័យនៃសេចក្តីប៉ងប្រាថ្នា របស់អង្គការដែនដីមនុស្ស-ហូឡង់ដ៏ ដើម្បីលើកស្ទួយ សិទ្ធិកុមារ តាមរយៈការអនុវត្តន៍គម្រោង ធ្វើការជាមួយគ្នាដើម្បីកុមារកម្ពុជា (WATCH កម្ពុជា) នៅលើទឹកដីនៃខេត្តសៀមរាបនេះ ។ លោកជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលានឹងតំណាងឲ្យកាលានុវត្តភាពដ៏ត្រចះត្រចង់មួយសម្រាប់ឲ្យយើងគ្រប់គ្នា ត្រូវស្ថិតនៅក្នុងទំព័រតែមួយជាមួយគ្នា ធ្វើការងារសំដៅឆ្ពោះទៅរកទិសដៅតែមួយ ក្នុងការលើកស្ទួយសិទ្ធិកុមារនៅកម្ពុជា ជាសំខាន់នៅលើទឹកដីនៃខេត្តសៀមរាបនេះតែម្តង។

មានប្រសាសន៍នោះដែរលោកជំទាវ យូ សុភា ក៏បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ( កសាងមូល ដ្ឋានឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០) ដោយបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើន ដែលបានកំណត់ជាអាទិភាពក្នុងការសម្រេចបាននូវកំណើនប្រកប ដោយចីរភាព និងបរិយាប័ន្ន ការអភិវឌ្ឍធនធានមនុស្ស លើផ្នែកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយសមធម៌ ដើម្បីលើកកម្ពស់ជីវភាពភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងភាពសុខដុមរមនាសង្គម។ លោកជំទាវបានបញ្ជាក់ថា ការរៀបចំអង្គសិក្ខាសាលាសម្ភោធគម្រោងនេះឡើង ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារ នៅក្នុងវិស័យធ្វើដំណើរនិងទេសចរណ៍ និង ដើម្បីធានាឲ្យបាននូវការឆ្លើយតប ក្នុងការជួយដោះស្រាយបញ្ហា របស់ស្រ្តី និង កុមារ និង អន្តរាគមន៍ទាន់ពេលវេលាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលមានការសម្របសម្រួលជាពហុវិស័យ ។

ម្យ៉ាងទៀត ដើម្បីឲ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព ក្រុមការងារដឹកនាំដោយកុមារជាច្រើន ត្រូវបានបង្កើតឡើងដូចជា ចលនាយុវជនកាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ក្លឹបកុមារនៅតាមសាលារៀន បណ្តាញកុមារអ្នកតស៊ូមតិនិងចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ ដែលពួកគេក្លាយជាចលនាយុវជន ឬកុមារឈានមុខក្នុងការកសាង និងអភិវឌ្ឍន៍សង្គម ។ សមិទ្ធផលដ៍ធំធេងទាំងនេះ សបញ្ជាក់ពី ការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខុមាលភាពកុមារ ដែលធានាឱ្យកុមារគ្រប់រូបទទួលបាននូវការគាំទ្រ សម្រាប់ការចាប់ផ្តើមជីវិតដ៏ល្អ និងអភិវឌ្ឍពោរពេញទៅដោយសក្តានុពល ក្លាយជាពលរដ្ឋកម្ពុជា ដែលមានការទទួលការខុសត្រូវក្នុងគ្រួសារនិងសង្គម និងមានភាពផលិតភាពពេញលេញមួយជីវិត ។ ហើយសិក្ខាសាលានេះ ” មានសារៈសំខាន់ ហើយយើងអាចធ្វើអន្តរាគមយ៉ាងទូលំទូលាយ និង មានប្រសិទ្ធភាពជាមួយគ្នា តាមរយៈកិច្ចសហការគ្នាយ៉ាង ខ្លាំងក្លាក្នុងគោលបំណងឆ្ពោះទៅរកទិសដៅដ៏ធំបំផុតរួមមួយ ហើយជាមួយគោលដៅធំបំផុត គឺដើម្បីទប់ស្កាត់និងដោះស្រាយបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអ៊ីនធឺណេត នៅក្នុងប្រទេសកម្ពុជា ។

លោកជំទាវ យូ សុភា ក៏បានលើកផងដែរថា ដើម្បីឆ្លើយតបទៅនឹងកម្មវិធីគោលនយបាយ របស់រារដ្ឋាជភិបាលកម្ពុជា និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ លោកជំទាវក៏បានអំពាវនាវចំពោះអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល អង្គការដៃគូជាតិ អន្តរជាតិ និងសង្គមទាំងមូល សូមបន្តការពង្រឹង នូវកិច្ចសហការឲ្យជិតស្និទ្ធជាមួយសាលារៀន ដើម្បីធានាបានកាន់តែល្អប្រសើរទៀត លើការបង្កលក្ខណៈសម្បត្តិ ដល់កុមារឲ្យទទួលបានការអប់រំ និងរៀនសូត្រ ពិសេសចូលរួមនិងសហការអនុវត្តនូវគម្រោងស្តីពី “ធ្វើការជាមួយគ្នាដើម្បីកុមារកម្ពុជា” ដែលមានអង្គការដែនដីមនុស្ស-ហូឡង់ដ៏ប្រចាំនៅប្រទេសកម្ពុជា ជាអ្នកអនុវត្តគម្រោងផ្ទាល់ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវលើកុមារនៅក្នុងវិស័យធ្វើដំណើរនិងទេសចរណ៍នេះ៕

website_news/2019090803.txt · Last modified: 2019/08/09 16:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki