website_news:2019090901

ក្រសួងយុត្តិធម៌សម្រេចឲ្យបង្កកទ្រព្យសម្បត្តិបទល្មើសគ្រឿងញៀន ព្រៃឈើ ជួញដូរមនុស្ស និងបទល្មើសសំអាតប្រាក់

http://khmer.peoplenews.asia/ ដោយ ៖ SOVANNA ROTH ថ្ងៃទី07 ខែ09 ឆ្នាំ2019 ម៉ោង 3:34 PM

ភ្នំពេញៈ យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤កញ្ញា កន្លងទៅ បានឲ្យដឹងថា ក្រសួងយុត្តិធម៌ បានសម្រេចយល់ព្រមលើវិធានការពីរចម្បងៗ គឺវិធានការបង្កកទ្រព្យសម្បត្តិ នៃបទល្មើសគ្រឿងញៀនក្នុងក្លឹបកំសាន្ត និងសំណុំរឿងគ្រឿងញៀនធំៗ ព្រមទាំងវិធានការចំពោះបទល្មើសព្រៃឈើ ជួញដូរមនុស្ស និងបទល្មើសសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ក្នុងលិខិតរបស់ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោកបានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីនីតិវិធីនៃការចាប់យក ការបង្កក និងការរឹបអូសទ្រព្យសម្បត្តិដែលបានមកពីបទល្មើសព្រៃឈើ គ្រឿងញៀន និងជួញដូមនុស្ស នៅទីស្តីការក្រសួងយុត្តិធម៌ ដែលមានអ្នកចូលរួមមកពីក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មការជាតិប្រឆាំងនឹងការជួញដូរមនុស្ស សាលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ កងរាជអាវុធហត្ថ អគ្គស្នងការដ្ឋាននគរបាលជាតិអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ។

ជាលទ្ធផល អង្គប្រជុំបានសម្រេចយល់ព្រមលើវិធានការ ០២ចម្បងៗ ៖ វិធានការបង្កកទ្រព្យសម្បត្តិនៃបទល្មើសគ្រឿងញៀនក្នុងខ្លឹបកម្សាន្ត និងសំណុំរឿងគ្រឿងញៀនធំៗ ព្រមទាំងវិធានការចំពោះ បទល្មើសព្រៃឈើ ជួញដូមនុស្សនិងបទល្មើសសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ វិធានការបង្កក ទ្រព្យសម្បត្តិនៃបទល្មើសគ្រឿងញៀនដែលមានស្រាប់៖ អង្គប្រជុំបានឯកភាពជូនអគ្គស្នងការនគរបាលជាតិ ស្នើសុំទៅព្រះរាជអាជ្ញា ដើម្បីចាត់នីតិវិធីបង្កកទ្រព្យសម្បត្តិដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន របស់ក្លឹបកម្សាន្តចំនួន០៦. ដែលស្ថិតក្នុងចំណាត់ការរបស់តុលាការស្រាប់ (រាជធានីភ្នំពេញ ៖ ០៣ទីតាំង ខេត្តសៀមរាប ៖ ០១ទីតាំង ខេត្តព្រះសីហនុ ៖០១ទីតាំង និងខេត្តបន្ទាយមានជ័យ ៖ ០១ទីតាំង)។

អគ្គស្នងការនគរបាលជាតិ និងស្រាវជ្រាវសំណុំរឿងគ្រឿងញៀនធំៗផ្សេងទៀតដែលមានស្រាប់ ដើម្បីបញ្ចូលទៅតុលាការ។ តុលាការ នឹងធ្វើការជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីស្រាវជ្រាវរកទ្រព្យសម្បត្តិដែលពាក់ព័ន្ធ និងដើម្បីចាត់នីតិវិធីបង្កក ដោយអនុលោមតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ចំណែកវិធានការចំពោះបទល្មើសព្រៃឈើ ជួញដូរមនុស្ស និងសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម៖ ចំពោះបទល្មើសព្រៃឈើ ជួញដូរមនុស្ស និង សំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម អង្គប្រជុំបានឯកភាពគ្នាដើម្បីចាត់នីតិវិធីក្នុងការបង្កកទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ដោយប្រគល់តួនាទីចម្បងទៅម្ចាស់ករណីដែលជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នកស្នើសុំទៅតុលាការដើម្បីចាត់នីតិវិធី ស្របតាមខ្លឹមសារនៃមាត្រា៣០ថ្មី១នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

ដើម្បីឲ្យមានភាពច្បាស់លាស់ក្នុងការអនុវត្ត ក្រសួងយុត្តិធម៌នឹងរៀបចំគោលការណ៍ណែនាំអនុវត្តខ្លឹមសារនៃមាត្រា៣០ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

website_news/2019090901.txt · Last modified: 2019/09/09 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki