website_news:2019100401

ពលករថា សមត្ថកិច្ចច្រកអន្តរជាតិដូងយកប្រាក់ពីពួកគាត់ ជាថ្នូរបានឆ្លងដែនត្រឡប់ទៅលេងបុណ្យចូលឆ្នាំខ្មែរ

https://www.rfa.org/khmer/news/ ដោយ ហេង រស្មី 2019-04-09

ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់ពាន់នាក់ នាំគ្នាសម្រុកឆ្លងដែនត្រឡប់មកលងបុណ្យចូលឆ្នាំប្រពៃណីជាតិនៅស្រុកកំណើតតាមច្រកព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ប៉ុន្តែពលករត្អូញត្អែរថា សមត្ថកិច្ចខ្មែរ និងថៃប្រចាំច្រកនេះប្រព្រឹត្តអំពើពុករលួយដោយបង្ខំឱ្យពួកគាត់បង់ប្រាក់ក្រៅផ្លូវការម្នាក់ប្រមាណ ១០ដុល្លារ ដើម្បីជាថ្នូរអនុញ្ញាតឱ្យឆ្លងដែន។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើនេះថា ជាអំពើពុករលួយកេងចំណេញពីពលករដោយខុសច្បាប់។

ពលករពីស្រុកថ្មគោលខេត្តបាត់ដំបង លោក ហេង ចាន់ហ៊ាញ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ មេសាថា លោក និងភរិយាធ្វើការងារនៅប្រទេសថៃប្រមាណ ១០ឆ្នាំ គឺមានទាំងការងារសំណង់ និងក្នុងការងាររោងចក្រ។ លោកបន្តថា សព្វលោកធ្វើការក្នុងរោងចក្រផលិតទូទឹកកកនៅខេត្តឈុនបូរី (Chonburi) ប្រទេសថៃ ដោយបានប្រាក់ឈ្នួលប្រមាណ ១ពាន់បាត ឬស្មើប្រមាណ ៤៥០ដុល្លារអាមេរិកក្នុងមួយខែ។ ពលកររូបនេះថា លោកសប្បាយចិត្តណាស់នៅពេលបានត្រឡប់ទៅលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅស្រុកកំណើត ក៏ប៉ុន្តែការសប្បាយរបស់លោកបានរសាត់ទៅវិញមួយរំពេចនៅពេលត្រឡប់មកដល់ច្រកព្រំដែនអន្តរជាតិដូង ដោយសមត្ថកិច្ចថៃបានបង្ខំឱ្យពួកគាត់បង់ប្រាក់ម្នាក់ ២០០បាត ឬស្មើប្រហែល ៦ដុល្លារអាមេរិក និងខាងប៉ូលិសខ្មែរយកប្រាក់ ១០០បាត ស្មើជាង ៣ដុល្លារក្នុងម្នាក់៖ «បើឱ្យលុយមានបញ្ហាហើយ ព្រោះអីពេលនោះគេឱ្យពលករផ្ដុំគ្នាមួយកន្លែង បើគ្នាមាន ១ពាន់ គេមានរោង ៤ជួរ ដោយឱ្យពលករចូលទៅអង្គុយទីនោះទាំង ៤ជួរ រួចហើយគេដើរឆ្លងដែនម្ដងមួយជួរ។ ដូច្នេះពេលនោះទាំងនិយាយ និងកាយវិការធ្វើឱ្យពលករខ្លាច ដោយខ្លាចមានបញ្ហាពេលត្រឡប់មកវិញ ព្រោះអ្នកខ្លះខ្វះចំណេះដឹង និងខ្លះគិតថា មិនចង់មានរឿងឱ្យលុយគេទៅ។ ខ្ញុំគិតបើសិនជាទាំងគ្នារាប់ពាន់ហ្នឹងតវ៉ាប្រហែលជាបានជោគជ័យ»។

ពលករខ្មែរជាច្រើននាក់បានត្អូញត្អែរអំពីប៉ូលិសច្រកព្រំដែនអន្តរជាតិ ដូង ស្រុកកំរៀង បង្ខំឱ្យពួកគាត់បង់ប្រាក់ក្រៅផ្លូវការនេះស្ទើរគ្រប់គ្នា ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍របស់ពលករទៀតផង។

ពលករខ្មែរម្នាក់ទៀតលោក លន់ សំណាង ថ្លែងថា លោកធ្វើការនៅថៃជាង ១០ឆ្នាំហើយ គឺមិនដែលជួបប្រទះដូចឆ្នាំនេះទេ ដែលប៉ូលិសខ្មែរ និងថៃប្រចាំច្រកអន្តរជាតិ ដូង ហាក់ដូចជាសហការគ្នាយកលុយពីពលករឆ្លងដែនត្រឡប់មកលេងបុណ្យចូលឆ្នាំខ្មែរ។ លោកបន្តថា ប៉ូលិសហាមមិនឱ្យពួកគាត់កាន់ទូរស័ព្ទជាប់ដៃនោះទេ ដោយខ្លាចពួកគាត់ថតរូបភាពសមត្ថកិច្ចយកប្រាក់ពីពលករ៖ «គេថា បើសិនយើងមិនឱ្យលុយគេទេ គឺគេមិនឱ្យចេញ ឬមួយគេដកលិខិតឆ្លងដែនទុក ឬមួយគេហែកចោលតែម្ដង គឺខ្ញុំជួបបញ្ហានេះផ្ទាល់ហើយ។ ខ្ញុំនៅរង់ចាំ ៥ម៉ោងទម្រាំបានចេញ ហើយពេលចេញ គឺចង្អៀតណែនខ្លាំងណាស់ ហើយអ្នកខ្លះសុខភាពមិនល្អ អាចដួលសន្លប់ក៏មានដែរ។ ប៉ុន្តែគេមិនឱ្យយើងថតរូបឬថតវីដេអូទេ»។ ចំណែកពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់ទៀត លោក នេត ភិរម្យ អះអាងថា លោកធ្វើដំណើរពីកន្លែងធ្វើការនៅខេត្តឈុនបូរី (Chonburi) មកដល់ព្រំដែនម៉ោង ១០ព្រឹកថ្ងៃទី៨ មេសា ហើយបានឆ្លងដែនមកដល់កម្ពុជានៅព្រឹកថ្ងៃដដែលនេះ។ លោកថា ប៉ូលិសខ្មែរ និងថៃយកពីលោកម្នាក់ ៣០០បាត ឬប្រមាណ ១០ដុល្លារអាមេរិក៖ «គឺគេឱ្យយើងដើរតម្រង់ជាជួរដើរទៅហើយគេយកលុយយើងតែម្ដង។ គេនិយាយប្រាប់ថា បង់ម្នាក់ ២០០បាតនៅទឹកដីថៃ ហើយមកដល់ខ្មែរប៉ូលិសយើងពលករដើរទៅបង់លុយនៅកន្លែងគេដាក់ចាំនៅច្រកនោះ។ រឿងនេះវាមិនសមទេ ព្រោះខ្ញុំធ្វើការមួយថ្ងៃបានតែ ៣០០បាត ហើយគាត់អង្គុយចាំ តែយកលុយពីពលករ យើងមិនដឹងថា លុយនោះគាត់យកទៅណាទេ»។

ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីប៉ូលិសអន្តោប្រវេសន្តប្រចាំការនៅច្រកអន្តរជាតិដូង ស្រុកកំរៀង លោក សុខ គុណ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចនៃប្រទេសទាំង២ បានសម្រួលឱ្យពលករឆ្លងដែនបានឆាប់រហ័ស ដោយមិនមានបញ្ហាអ្វីនោះទេ។ ចំណែកការយកលុយយកកាក់ពីពលករវិញលោកអះអាងថា រឿងនេះជាទឹកចិត្តអាណិតស្រលាញ់របស់ពលករទេ គឺមិនមែនប៉ូលិសបង្ខំពួកគេឱ្យបង់ប្រាក់ដូចការចោទប្រកាន់នោះឡើយ៖ «នឹងថ្លៃទឹកតែសម្រួលរឿងមិនយកថ្លៃវីសា និយាយឱ្យចំ គឺមិនដែលមានបញ្ហាអីផង គឺវារលូន គឺមិនមានការងារអីឱ្យរាំងស្ទះទេ គឺងាយស្រួលជាងឆ្នាំមុនៗ នោះទេ។ អ្នកប្រថាប់ត្រាលើលិខិតឆ្លងដែនតិចតួចទេ អ្នកប្រថាប់ត្រាភាគច្រើនខាងក្រុមហ៊ុនគេបញ្ជាឱ្យប្រថាប់ត្រា ដើម្បីងាយស្រួលគេត្រួតពិនិត្យមើលពលករណា ដែលចេញមកលេងខ្មែរ ប៉ុន្តែពួកគាត់នៅតែទទួលបានទិដ្ឋាការរយៈពេល ២ឆ្នាំដដែលទេ»។

ទោះយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិពលករលើកឡើងថា បញ្ហានេះជាអំពើពុករលួយឱកាសនិយមគាបសង្កត់ធ្វើបាបពលករចំណាកស្រុកដោយខុសច្បាប់ ព្រោះក្រសួងការងារថៃអនុញ្ញាតឱ្យពលករខ្មែរ ថៃ និងភូមា ឈប់សម្រាកបានទៅលេងបុណ្យចូលឆ្នាំនៅស្រុកកំណើត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ មេសា ដោយមិនចំណាយប្រាក់ថ្លៃធ្វើទិដ្ឋាការនៅច្រកព្រំដែនឡើយ។

មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែងថា នៅតាមច្រកព្រំដែន ជាពិសេស ច្រកធំៗ ដូចជា ច្រកដូង ប៉ោយប៉ែត ច្រកភ្នំដី ក្នុងស្រុកសំពៅលូន និងច្រកអន្តរជាតិព្រំខេត្តប៉ៃលិនជាដើម ជាកន្លែងដែលពលករខ្មែរឆ្លងដែនមកលេងស្រុកកំណើតរាប់ពាន់នាក់ក្នុងមួយថ្ងៃ។ លោកបន្តថា សមត្ថកិច្ចច្រកទាំងអស់នេះ បានអនុវត្តផ្ទុយពីសេចក្ដីប្រកាសរបស់រដ្ឋាភិបាលថៃ ដែលបានណែនាំមន្ត្រីរបស់ខ្លួន មិនឱ្យទារលុយពីពលករ នៅពេលពួកគេឆ្លងដែនទៅលេងស្រុកកំណើតវិញនោះ។ មន្ត្រីសង្គមស៊ីវិលរូបនេះស្នើសុំឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ចាត់វិធានការលើរឿងនេះជាបន្ទាន់ ព្រោះបានប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍របស់ពលករ ហើយក៏ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ពលករត្រឡប់មកលេងបុណ្យចូលឆ្នាំខ្មែរឱ្យបានឆាប់៖ «បើខាងថៃ វិញជាគោលការណ៍ពលរដ្ឋគេ គឺគេត្រៀមបញ្ចុះតម្លៃឡានឈ្នួល ហើយថែមចំនួនឡានដឹកអ្នកដំណើរដើម្បីជួយសម្រួលឱ្យពលរដ្ឋគេបានទៅជួបជុំបងប្អូននៅស្រុកកំណើត។ ប៉ុន្តែដោយឡែកបើខាងខ្មែរវិញ យើងមើលទៅហាក់ដូចជាមិនសូវអើពើ ព្រោះយើងដឹងហើយថា ពលករធ្វើការនៅស្រុកថៃរាប់លាននាក់ឯណោះ ហើយវាគួរតែមានគោលនយោបាយសម្រាប់ជួយសម្រួលឱ្យពលករយើងបានធ្វើដំណើរស្រួលដោយមិនបាច់បង់លុយនៅព្រំដែន និងសម្រួលនៅច្រកព្រំដែនឱ្យឆាប់បានចេញទៅដល់ស្រុកកំណើត ព្រោះអ្នកខ្លះរង់ចាំពេលមួយថ្ងៃមិនបានចេញមកក៏មានដែរ»។

ការងារដែលពលករខ្មែរធ្វើ ភាគច្រើនជាប្រភេទការងារបែបកខ្វក់ លំបាក និងគ្រោះថ្នាក់ (3D Job-Dirty, Dangerous, Demeaning) ហើយប្រាក់ឈ្នួលជាមធ្យម ដែលពួកគាត់ទទួលបាន គឺប្រមាណ ៣០០ដុល្លារអាមេរិកក្នុងមួយខែ។ អង្គការសង្គមស៊ីវិលអះអាងថា ពលករខ្មែរនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ នៅតែប្រឈមបញ្ហាជាច្រើន ជាពិសេស គឺការរំលោភបំពានសិទ្ធិការងារ។ ករណីទាំងនោះមានជាអាទិ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើការក្នុងបរិយាកាសមិនល្អ និងមានគ្រោះថ្នាក់ ការហូតឯកសារពីសំណាក់និយោជក ឬថៅកែ និងការទូទាត់ប្រាក់ឈ្នួលមិនសមស្របទៅនឹងចំនួន ដែលពួកគាត់ត្រូវទទួលបានជាដើម។ ពលករទាំង ៣នាក់អះអាងថា ពួកគេខំប្រឹងធ្វើការងារសន្សំប្រាក់មិនហ៊ានឈប់សម្រាកនោះទេ ហើយជាទូទៅក្នុងមួយឆ្នាំ ពួកគេមានឱកាសបានមកលេងស្រុកកំណើតម្ដងក្នុងពេលបុណ្យចូលឆ្នាំខ្មែរ។ មន្ត្រីប៉ូលិសច្រកទ្វារព្រំដែនអន្តរជាតិដូងឱ្យដឹងថា ពលករសម្រុកឆ្លងដែនខ្លាំងតាមច្រកមួយនេះចាប់ពីថ្ងៃទី៧ មេសាមក មានបន្លោះពី ៥ ទៅ ៦ពាន់នាក់ក្នុងមួយថ្ងៃ។

ក្រសួងការងារអះអាងថា ពលករចំណាកស្រុកខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ មានចំនួនជាង ១លាន ១សែននាក់។ ក៏ប៉ុន្តែអង្គការសង្គមស៊ីវិលវិញ អះអាងថា ពលរដ្ឋខ្មែរដែលធ្វើការនៅថៃ អាចមានរហូតដល់ ២លាននាក់ ដោយរាប់បញ្ចូលទាំងពលករធ្វើការក្នុងលក្ខខណ្ឌមិនស្របច្បាប់៕

website_news/2019100401.txt · Last modified: 2019/04/12 13:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki