website_news:2019100502

រាជរដ្ឋាភិបាល ថា ពលករខ្មែរនៅក្រៅប្រទេស មិនមែនស្ថិតក្នុងភាព ជាទាសករទេ

https://www.dap-news.com/ ByID:115 Posted on 09 May 2019 | 15:00

ភ្នំពេញ ៖ ក្រោយពីមាន មតិមួយចំនួនលើកឡើងថា ពលករខ្មែរធ្វើការងារ នៅក្រៅប្រទេស ដូចជាទាសករនោះ អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឆ្លើយតបវិញថា ពលករខ្មែរធ្វើការងារ នៅក្រៅប្រទេស គឺមិនស្ថិតនៅក្នុងស្ថានភាពជាទាសករដូចសម័យ កាលដែលប្រទេសអភិវឌ្ឍមួយចំនួន បានជួញដូរមនុស្សដើម្បី បំពេញកង្វះខាត កម្លាំងពលកម្មនោះទេ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា “ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស គឺមិនស្ថិតនៅក្នុងស្ថានភាពជាទាសករ ដូចសម័យកាលដែលប្រទេសអភិវឌ្ឍមួយចំនួន បានជួញដូរមនុស្សដើម្បីបំពេញកង្វះខាត កម្លាំងពលកម្មមកនោះទេ។និន្នាការចំណាកស្រុកទៅកាន់បរទេស ដើម្បីការងារនឹងជីវភាពរួមជា មួយបទពិសោធ គឺជាលក្ខខណ្ឌសកល ដែលប្រជាពលរដ្ឋនៃប្រទេសមួយចំនួនធំ ក្នុងលោក កំពុងតែអនុវត្តជាក់ស្ដែង”។ អ្នកនាំពាក្យបន្ដថា រាជរដ្ឋាភិបាលក៏បានបង្កើត ទីភ្នាក់ងារជាតិមុខរបរ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ឲ្យស្របទៅតាមតម្រូវការទីផ្សារពលកម្មផ្ទៃក្នុង និងក្រៅប្រទេស។អ្នកនាំពាក្យថា ពលករខ្មែរដែលកំពុងបំពេញការងារនៅក្រៅប្រទេសទទួលបានផលប្រយោជន៍ ពីការអនុវត្តច្បាប់អង្គការអន្ដរជាតិ ដូចជា ផ្នែកអន្តោប្រវេសន៍ (IOM) ,អង្គការពលកម្មអន្ដរជាតិ (ILO) ,អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដូចជាច្បាប់ និងលក្ខខណ្ឌផ្សេងៗបន្ថែមទៀត។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពារពលករខ្លួន ដែលមានចំនួនជាង១,២លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស តាមរយៈអនុស្សារនៈ នៃកិច្ចព្រមព្រៀងទ្វេភាគីរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយរាជរដ្ឋាភិបាលមួយចំនួនដែលជាម្ចាស់ផ្ទះ (MoU)។ សូមរំលឹកថា ពលករខ្មែរ ដែលធ្វើការនៅ ក្រៅប្រទេស បានបញ្ជូនប្រាក់មកកាន់មាតុភូមិរបស់ខ្លួនជាង ២,៣ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ។ព្រមទាំងធ្វើឲ្យក្រុមគ្រួសារមានជីវភាព កាន់តែល្អប្រសើរ រស់នៅក្នុងបរិយាកាស មានសន្ដិភាព ស្ថិរភាព សុភមង្គល និងការអភិវឌ្ឍ រួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាង៧.៥% តាមការវាយតម្លៃដោយធនាគារ ពិភពលោក ៕ ដោយ ៖ អេង ប៊ូឆេង

website_news/2019100502.txt · Last modified: 2019/05/10 13:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki