website_news:2019100505

ស្ត្រីប៉ាគីស្ថានរាប់រយនាក់ត្រូវបានគេលក់ដូចជាទំនិញ ឱ្យទៅជនជាតិចិនដើម្បីធ្វើជាប្រពន្ធ

https://khmernote.com/news/ May 9, 2019

ប្រទេសប៉ាគីស្ថានត្រូវបានគេរាយការណ៍ថា បានក្លាយជាទីផ្សារអាពាហ៍ពិពាហ៍ថ្មីមួយសម្រាប់បុរសជនជាតិចិន ដែលចង់ស្វែងរកកូនក្រមុំ ខណៈដែលរឿងរ៉ាវបានលេចឡើងទាក់ទងអំពីស្ត្រី និងក្មេងស្រីរាប់រយនាក់មកពីជនជាតិភាគតិច និងក្រីក្រ មកពីប្រទេសអាស៊ីខាងត្បូងមួយនេះ ត្រូវបានគេនាំយកទៅឆ្ងាយពីគ្រួសាររបស់ពួកគេ និងត្រូវបានគេជួញដូរឱ្យទៅប្រទេសចិន។ ឈ្មួញកណ្តាលត្រូវបានគេរាយការណ៍ថា ត្រូវបានជួយដោយពួកបព្វជិតគ្រីស្ទាន ដែលត្រូវគេជួលឱ្យស្វែងរកកូនក្រមុំប៉ាគីស្ថាន ដើម្បីធ្វើជាប្រពន្ធពួកបុរសជនជាតិចិន។

ពួកឈ្មួញត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់រាប់ពាន់ដុល្លារ និងបានសន្យាដល់គ្រួសារពួកនារីទាំងនោះថា កូនៗរបស់ពួកគេនឹងត្រូវបានរៀបការជាមួយជនជាតិចិន ដែលមានទ្រព្យសម្បត្តិ និងបានប្រែខ្លួនជាគ្រិស្តបរិស័ទ។ ប៉ុន្តែគ្រួសារខ្លះនិយាយថា ពួកគេមិនដែលទទួលបានលុយពីឈ្មួញកណ្តាលទេ។ ក៏មានរបាយការណ៍ខ្លះថា ពួកនារីត្រូវបានវាយដំធ្វើបាបដោយប្តីបរទេសរបស់ពួកគេទៀតផង។

រដ្ឋាភិបាលចិនក៏ស្ថិតនៅក្រោមការរិះគន់ផងដែរ សម្រាប់ការចេញទិដ្ឋាការទាំងមិនបានដេញដោលជជីកឱ្យច្បាស់ការដល់នារីទាំងនោះ។

យ៉ាងណាមិញតម្រូវការរបស់ចិនសម្រាប់កូនក្រមុំបរទេសនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងអតុល្យភាពយេនឌ័រដែលបណ្តាលមកពីគោលនយោបាយកូនតែមួយទើបតែត្រូវបានប្រទេសចិនបោះបង់ចោល។ កូនក្រមុំក៏ត្រូវបានគេនាំយកទៅប្រទេសចិនពីបណ្តាប្រទេសក្នុងអាស៊ីផ្សេងទៀតដែលរួមមានប្រទេសវៀតណាម ឡាវ និងកូរ៉េខាងជើងផងដែរ៕ អត្ថបទ៖ លីដា

website_news/2019100505.txt · Last modified: 2019/05/10 13:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki