website_news:2019100601

ក្រសួងការងារណែនាំម្ចាស់សិប្បកម្មឡឥដ្ឋនូវវិធានការ៥ចំណុច ដើម្បីបញ្ចៀសគ្រោះថ្នាក់កើតឡើងលើកុមារ

http://www.freshnewsasia.com/index.php/ 2019-06-09

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំស្ដីពី ការហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម នៃសិប្បកម្មផលិតឥដ្ឋ ជម្រាបដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋនៅមូលដ្ឋាន ឱ្យអនុវត្តនូវវិធានការចំនួន៥ចំណុចធំៗ ដើម្បីបញ្ជៀសរាល់គ្រោះថ្នាក់នានា កុំឱ្យកើតមានលើកុមារជាយថាហេតុណាមួយនៅ ក្នុងបរិវេណសិប្បកម្ម។

វិធានការណែនាំទាំង៥ចំណុចនោះ រួមមាន៖

១៖ រៀបចំដាក់ស្លាកសញ្ញាធំៗ និងងាយមើលឃើញដូចជា៖

* ហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម

* ជនណាដែលនៅក្មេងចូលទៅ ក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ

* ការប្រើប្រាស់ពលកម្មកុមារនៅសិប្បកម្មផលិតឥដ្ឋ គឺអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។

២៖ ហាមឃាត់ដាច់ខាតការប្រើប្រាស់ទាសភាពបំណុល ដើម្បីដាក់បន្ទុកសេរីភាពការងារកម្មករ។

៣៖ ត្រូវមានអ្នកឃ្លាំមើលជាប្រចាំ និងហាមក្មេងចូលក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម ឬធ្វើការនៅក្នុងសិប្បកម្មផលិតឥដ្ឋ។

៤៖ ត្រូវរៀបចំកន្លែងស្នាក់នៅឱ្យឃ្លាតឆ្ងាយពីខ្សែសង្វាក់ផលិតកម្ម និងត្រូវមានរបងការពារសុវត្ថិភាព ដែលខណ្ឌចែកបរិវេណខ្សែសង្វាក់ផលិតកម្ម និងកន្លែងស្នាក់នៅ។

៥៖ ហាមឃាត់ដាច់ខាតរាល់ទម្រង់ នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ និងការបង្ខំឱ្យកុមារធ្វើការដើម្បីដោះបំណុល

ក្រសួងការងារ ក៏បានបង្គាប់ឱ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយពីសេចក្ដីណែនាំខាងលើនេះ ទៅដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។ សេចក្ដីណែនាំរបស់ក្រសួងការងារ បានសង្កត់ធ្ងន់ថា ម្ចាស់ ឬនាយកសិប្បកម្មផលិតឥដ្ឋទាំងឡាយណា ដែលខកខានក្នុងការអនុវត្តតាមសេចក្តីណែនាំនេះ នឹងត្រូវទទួលរងនូវការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្ម ឬអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ៕

website_news/2019100601.txt · Last modified: 2019/06/10 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki