website_news:2019100602

អគ្គស្នងការរងនគរបាលជាតិ ជម្រុញឲ្យមន្រ្តីអនុវត្តច្បាប់ខិតខំបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសរំលោភបំពានលើកុមារ និងអាជីវកម្មផ្លូវភេទ

http://cambodiapolice.com/policekh/ 6:00 pm ថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2019

ភ្នំពេញ ៖ លោកជំទាវនាយឧត្តមសេនីយ៍ យក់សុ ខា អគ្គស្នងការរងនគរបាលជាតិ បានជម្រុញដល់មន្រ្តីនគរបាលប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ត្រូវខិតខំបន្ថែមទៀតក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសរំលោភបំពានលើកុមារនិងអាជីវកម្មផ្លូវភេទខណៈករណីនេះនៅតែកើតឡើងគួរឲ្យព្រួយបារម្ភនៅប្រទេសកម្ពុជា។មានប្រសាសន៍នៅក្នុងពិធីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការស៊ើបអង្កេតបទល្មើសរំលោភបំពានលើកុមារ នាល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា បានលើកឡើងថា ក្នុងនាមយើងជានគរបាលយុត្តិធម៌ និងជានគរបាលប្រឆាំងការជូញដូរមនុស្ស ត្រូវតែស្រាវជ្រាវស៊ើបអង្កេតនូវរាល់បទល្មើសឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីធ្វើយ៉ាងណាស្វែងរកចាប់ខ្លួនជនល្មើសឲ្យបាន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន។

លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា បញ្ជាក់ថា “ក្នុងនាមយើងជាមន្រ្តីអនុវត្តច្បាប់ក្នុងពេលប្រតិបត្តិការត្រូវតែប្រកបដោយក្រមសិលធម៌ ជំនាញវិជ្ជាជីវៈ និងការទទួលសុខត្រូវ ជាពិសេសយល់ដឹងអំពីច្បាប់ និងការធ្វើកោសល្យវិច្ច័យប្រមូលភស្តុតាងកសាងសំណុំរឿងបញ្ជូនទៅតុលាការ”។ លោកជំទាវអគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ទៀតថា រយៈពេល ៥ថ្ងៃ នៃវគ្គបណ្តុះបណ្តាលនេះ គោលបំណងសំខាន់ពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្រ្តីជំនាញក្នុងការស៊ើបអង្កេតបទល្មើសរំលោភបំពានលើកុមារ ថ្វើយ៉ាងណាឲ្យកិច្ចប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព។ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវអគ្គស្នងការរងនគរបាលជាតិ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោកជំទាវផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងេជ្រាលជ្រៅចំពោះ លោក James McCabe នាយកទទួលប្រតិបត្តិការអង្គភាពការពារកុមារ (CPU) និងលោកស្រី Lucia Soleti ប្រធានផ្នែកកិច្ចការកុមារ តំណាងអង្គការ UNICEF និងគ្រូឧទ្ទេសនាមមកពីចក្រភពអង្គគ្លេស ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការស៊ើបអង្កេតបទល្មើសរំលោភបំពានលើកុមារ នេះឡើងសំដៅពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលជាតិកម្ពុជា និងសូមស្នើឲ្យមានវគ្គបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការបង្រ្កាបបទល្មើសជូញដូរមនុស្ស និងអាជីវកម្មផ្លូវភេទបានចំនួន ១០៤ករណី ថយចុះ៤៧ករណី ស្មើនិងជាង ៣១ភាគរយ ដោយចាប់ជនសង្ស័យបានចំនួន ១៦៨នាក់ ក្នុងនោះជនបរទេស ១៩នាក់ និងសង្រ្គោះជនរងគ្រោះបាន ២០៣នាក់។

ដោយឡែកទាក់ទងនឹងករណីរំលោភសេពសន្ថវៈ ដែលបង្ករឡើងដោយឪពុកបង្កើត ឪពុកចុង ជីតា ឬក៏ពូ អ៊ុំជាដើមនោះ គឺបានកើតឡើងជាង ១១១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានជាង ១១៥នាក់ និងសង្រ្គោះជនរងគ្រោះបាន ១១៧នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ៦៨នាក់ ។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ ក៏បានអំពាវនាវដល់មន្រ្តីអនុវត្តច្បាប់ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនសកម្មភាពចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតទាក់ទងនឹងផលប៉ះពាល់ នៃបទល្មើសរំលោភបំពានលើកុមារ និងអាជីវកម្មផ្លូវភេទនេះ៕

website_news/2019100602.txt · Last modified: 2019/06/10 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki