website_news:2019100703

មនុស្សរាប់សិបនាក់ ត្រូវគេរកឃើញជាប់តែលតោលនៅរដ្ឋរ៉ាក់ឃីននៃមីយ៉ាន់ម៉ា

https://www.postkhmer.com/ AFP | Publication date 10 July 2019 | 12:02 ICT

ក្រុងយ៉ាំងហ្គោនៈ មន្ត្រីម្នាក់បានថ្លែងកាលពីថ្ងៃចន្ទថា មនុស្សជាង ៦០ នាក់ ត្រូវបានគេរកឃើញជាប់តែលតោលនៅក្បែរទូកមួយនៅរដ្ឋរ៉ាក់ឃីននៃប្រទេស មីយ៉ាន់ម៉ា ជាច្រកផ្លូវជួញដូរមនុស្សមួយកន្លែងសម្រាប់ក្រុមជនមូស្លីមរ៉ូហ៊ីងយ៉ាដែលត្រូវគេធ្វើទុក្ខបុកម្នេញ ហាក់ដូចបើកចំហឲ្យជួញដូរមនុស្ស ទោះបីជាមានការបង្ក្រាបក្តី។

កាលពីដើមឆ្នាំ ជនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងជាពលរដ្ឋបង់ក្លាដែសគ្មានសញ្ជាតិ បានព្យាយាមធ្វើដំណើរទៅប្រទេស ម៉ាឡេស៊ី ឬឥណ្ឌូនេស៊ីតាមសមុទ្រ។ ប៉ុន្តែទូកដឹកជនរ៉ូហ៊ីងយ៉ា ជាទូទៅត្រូវបានគេបង្ក្រាបនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា ឬប្រទេស ថៃ ជាពិសេសនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលបង្កឡើងដោយភ្លៀងរដូវវស្សា។

អភិបាលស្រុកលោក Soe Aung បានថ្លែងប្រាប់ AFP ចេញពីសង្កាត់ Maungdaw នៅរដ្ឋរ៉ាក់ឃីនភាគខាងជើងថា «ជនមូស្លីម» ៦៣ នាក់ ត្រូវបានគេប្រទះឃើញកាលពីព្រឹកថ្ងៃអាទិត្យ ហើយបានចាប់បញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិស ដែលនៅជិតនោះ។ លោក Soe Aung បានថ្លែងប្រាប់តាមទូរស័ព្ទថា៖ «យើងបានរកឃើញបុរស ៤ នាក់ នៅលើទូក និងអ្នកផ្សេងៗទៀតនៅក្បែរនោះផងដែរ។ សរុបទៅមានមនុស្សចំនួន ៦៣ នាក់» ដោយបានបន្ថែមថា វានៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើពួកគេជាពលរដ្ឋបង់ក្លាដែស ឬជាជនរ៉ូហ៊ីងយ៉ាយ៉ាងណានោះទេ។

ក្រុមមន្ត្រីមីយ៉ាន់ម៉ា មិនទទួលស្គាល់ជនរ៉ូហ៊ីងយ៉ានោះថា ជាក្រុមជនជាតិភាគតិចទេ ហើយនិយាយសំដៅទៅលើពួកគេថា ជាក្រុមបែងហ្គាល់ ឬជាក្រុមជនមូស្លីមមកពីរដ្ឋរ៉ាក់ឃីន។ ក្រុមអាជ្ញាធរ បានព្យាយាមបិទផ្លូវមិនឲ្យមានការជួញដូរមនុស្ស ដែលមានទឹកប្រាក់រាប់លានដុល្លារកាលពីឆ្នាំ ២០១៥ ក្រោយពីបានរកឃើញផ្នូរកប់សាកសពយ៉ាងច្រើននៅប្រទេសថៃ ភាគខាងត្បូង។ ប៉ុន្តែមានមនុស្សជាច្រើននៅតែលះបង់ជីវិតរបស់ពួកគេ ដើម្បីឡើងទូកធ្វើដំណើរតាមសមុទ្រប្រកបដោយគ្រោះថ្នាក់នោះ។ ចំណែកឯក្រុមជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅក្នុងរដ្ឋរ៉ាក់ឃីននៃប្រទេសមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ននេះកំពុងក្លាយទៅជាជនរងគ្រោះរបស់ក្រុមឈ្មួញជួញដូរមនុស្សខុសច្បាប់៕

website_news/2019100703.txt · Last modified: 2019/07/10 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki