website_news:2019101004

ក្រសួងការងារ៖ ពលករធ្វើការក្រៅប្រទេសសុវត្ថិភាពស្របច្បាប់ស្ទើរ ១០០%

http://kleykley.sabay.com.kh/ ថ្ងៃនេះ ម៉ោង 08:34 ចន្លោះមិនឃើញ

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពលករដែល ធ្វើការនៅក្រៅប្រទេស សុវត្ថិភាព ស្របច្បាប់ ស្ទើរ១០០ភាគរយ។ ការលើកឡើងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត ណិនណេត ម៉ូទូស (Nentte MOTUS) ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាការងារដែល IOM កំពុងអនុវត្តនៅកម្ពុជា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ លោកបានបន្តថា ក្នុងនោះពលករកម្ពុជាចេញទៅធ្វើការនៅក្រៅ ១លាន២សែននាក់ យើងបានថែទាំ និងតាមគាំពារពួកគេជាប់ជានិច្ច។ លោកបន្តថា បញ្ហាប្រឈមនានា នៅតែមាន តែយើងនឹងបន្តសហការជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាអស់ទាំងនេះ។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះ អង្គការ IOM ដែលបានជួយខាងផ្នែក ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេសនានា ក៏ដូចជានៅក្នុងតំបន់។ ដែលធ្វើឲ្យកម្ពុជាទទួលបានផ្លែផ្កាយ៉ាងធំធេង មកដល់ពេលនេះ គោលនយោបាយ ទេសន្តរប្រវេសន៍ ពិតជាទទួលបានជោគជ័យ។

លោកបានបញ្ជាក់ថា “កម្ពុជាយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាទេសន្តរប្រវេសន៍នេះ តាំងពីដំបូង ដែលជួបការលំបាកខ្លាំង ។ មកដល់បច្ចុប្បន្ន ការងារនេះបានក្លាយជា កាលានុវត្តភាពទៅវិញ។ ឧទាហរណ៍៖ពលករនៅថៃជាង១លាននាក់កំពុងធ្វើការនៅទីនោះ(ទាំងស្របច្បាប់ ឬមិនស្របច្បាប់) ប៉ុន្តែយើងបានធ្វើការងារនេះជាប្រព័ន្ធ ដោយមានការចូលរួមពីភាគីថៃ រហូតដល់ធ្វើឱ្យពលករខ្មែរ ក្លាយជាពលករស្របច្បាប់ផងដែរ”។ បានបន្ថែមថា កម្ពុជាបានកំពុងគិតពីបញ្ហាពលករនេះ យ៉ាងខ្លាំង និងបានស្នើឱ្យIOM បន្តធ្វើការងារទាក់ទងនិងពលករទេសន្តរប្រវេសន៍ នេះ ពិសេសនោះជួយលើបញ្ហាចល័តភាពនៃរបបសន្តិសុខសង្គម ឱ្យកាន់តែប្រសើរថែមទៀត។

ចំណែកលោកស្រី Nentte MOTUS ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងពីការងារមួយចំនួនទាក់ទងនឹងបញ្ហាកិច្ចប្រតិបតិ្តការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសជាមួយអង្គការIOM និងជាមួយបណ្តាប្រទេសផ្សេងៗទៀត។ លោកស្រីក៏បានលើកឡើង ពីគោលដៅអាទិភាពនៅក្នុងឆ្នាំ ២០៣០ និងលើកពីទំនាក់ទំនងទេសន្តរប្រវេសន៍ ពាក់ព័ន្ធនឹងពលករ និងការគ្រប់គ្រងពលករ រហូតដល់ពីទំនាក់ទំនងគ្រួសាររបស់ពលករផងដែរ។ ភាគី IOM ក៏បានឯកភាព បន្តជួយការងារ ពាក់ព័ន្ធពលករទេសន្តរប្រវេសន៍នេះ ដូចជា ជួយបណ្តុះបណ្តាលជំនាញដល់ពលករ និងស្វែងរកការងារដល់ពួកគេថែមទៀត ៕ អត្ថបទ៖ កុសល

website_news/2019101004.txt · Last modified: 2019/10/10 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki