website_news:2019110101

ឪពុកម្តាយខ្មែរណែនាំកូនឲ្យទៅធ្វើពលករនៅប្រទេសកូរ៉េខាងត្បូង

https://khmer.voanews.com/ 10 មករា 2019 ស៊ុន ណារិន

រហូតមកដល់ពេលនេះ ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងមានទៅដល់ជិត៥៤០០០នាក់។ ក្នុងមួយឆ្នាំៗ កម្ពុជាអាចនឹងបញ្ជូនពលករទៅកូរ៉េជាង៤ពាន់នាក់។

ឃុំព្រែកអាជី ខេត្តកំពង់ចាម៖ រវាងការសិក្សា និងការចំណាកស្រុកទៅធ្វើការក្រៅប្រទេស អ្នកស្រីហម សៀង អាយុ៥៤ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បានសម្រេចជោគវាសនាកូនប្រុសរបស់អ្នកស្រីឲ្យឈប់រៀន ហើយទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ ក្នុងបទសម្ភាសន៍មួយជាមួយ VOA នៅផ្ទះរបស់អ្នកស្រី អ្នកស្រីបានថ្លែងថា៖ «ឃើញគេទៅអស់ហើយ នៅក្រតែយើងអ៊ីចឹង។ មួយផ្ទះពីរបី មួយផ្ទះពីរបី អត់តែយើងហ្នឹង ប្រថុយទៅៗកូន។ អាឪហ្នឹងចេះទៅបន្ទោសថា កុំទៅ! កុំអីបានធ្វើគ្រូហ្នឹងគេហើយ»។ កូនប្រុសរបស់អ្នកស្រីគឺលោកវិន ឌីណា អាយុ២៤ឆ្នាំ បាននិងកំពុងធ្វើការនៅរោងចក្រដែកមួយក្នុងប្រទេសកូរ៉េអស់រយៈពេលជិត៣ឆ្នាំមកហើយ។ មុនពេលចាកចេញទៅប្រទេសកូរ៉េ លោកឌីណាបានសម្រេចបោះបង់ការសិក្សាថា្នក់ទី១១ ក្រោយមានការជំរុញពីម្តាយរបស់គេ ខណៈប្រជាពលរដ្ឋជាច្រើននៅក្នុងឃុំមួយនេះបានចាកចេញទៅប្រទេសកូរ៉េ។ ដោយសាររៀនខ្មែរផង និងភាសាកូរ៉េផង លោកឌីណា ពិបាកនឹងចាប់បានទាំង២ ដូច្នេះលោកបានឈប់រៀនថ្នាក់ខ្មែរទី១១ និងសម្រេចផ្តោតតែលើភាសាកូរ៉េ។ អ្នកស្រី ហម សៀង ជាម្តាយ មានប្រសាសន៍ថា៖ «វារៀនរដ្ឋហ្នឹងផង កូរ៉េផង រៀនអត់ចូលលោកគ្រូ។ ដល់អ៊ីចឹង អានេះផង អានោះផង ដល់ពេលរៀនបាន២ឆ្នាំ អត់ជាប់។ ខ្ញុំថា អាអូនអ្ហា គេទៅកូរ៉េអស់ហើយ ទៅនឹងគេទៅ! “អ៊ីចឹងទៅកូរ៉េ ចោលខ្មែរហើយណាម៉ែ?” ចោលខ្មែរហ្នឹងទៅ បានជាប់កូរ៉េវគ្គហ្នឹង»។

ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ ត្រូវតែប្រកួតប្រជែងសមត្ថភាពភាសាកូរ៉េជាមួយបេក្ខជនជាច្រើនផ្សេងទៀត។ រដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានក្រុមហ៊ុនឯកជនក្នុងការជ្រើសរើសពលករទៅធ្វើការនៅប្រទេសកូរ៉េនោះទេគឺរដ្ឋាភិបាលជាអ្នករ៉ាប់រង ដោយសហការជាមួយប្រទេសកូរ៉េ។ ជាធម្មតា ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េអាចរកប្រាក់ចំណូលបានចន្លោះពី១២០០ទៅ១៣០០ដុល្លារក្នុងមួយខែសម្រាប់ការងារផ្នែកកសិកម្ម ហើយពួកគេអាចរកបានចន្លោះពី១៧០០ទៅ១៨០០ដុល្លារអាមេរិកក្នុងផ្នែកឧស្សាហកម្ម។ ពលករខ្មែរប្រហែល៥៤.០០០នាក់កំពុងធ្វើការនៅប្រទេសកូរ៉េ ហើយពួកគេធ្វើការក្នុងផ្នែកសំណង់ កសិកម្ម និងឧស្សាហកម្មធុនតូច និងមធ្យម។ មានការប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំ ពួកគេបានផ្ញើលុយសរុបប្រមាណ៣០០លានដុល្លារអាមេរិកមកក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា។

ស្ថានភាពរស់នៅរបស់អ្នកស្រីសៀងមានភាពល្អប្រសើរជាងមុនគឺពីមុនធ្លាប់ខ្ចីលុយគេ តែឥឡូវមានលុយដាក់ក្នុងធនាគារ។ អ្នកស្រីធ្លាប់បានខ្ចីលុយគេរៀងរាល់រដូវធ្វើស្រែ ដោយសារត្រូវទិញប្រេងសម្រាប់បូមទឹក និងជីដាក់ស្រែ។ ប៉ុន្តែអ្នកស្រីថា បច្ចុប្បន្ននេះ អ្នកស្រីមានលុយសល់ក្នុងធនាគារ ដោយសារកូនប្រុសផ្ញើមកពីប្រទេសកូរ៉េ។ អ្នកស្រីបញ្ជាក់ថា ក្នុងមួយខែៗ កូនប្រុសបានផ្ញើលុយប្រមាណ១ពាន់ដុល្លារដល់អ្នកស្រី ហើយរហូតមកដល់ពេលនេះបានជាង២ម៉ឺនដុល្លាររួចទៅហើយ។ អ្នកស្រីបានយកថវិកាមួយចំនួនទៅធ្វើផ្ទះ ទិញម៉ូតូ និងទិញទូរស័ព្ទដៃទំនើបផងដែរ។ អ្នកស្រីមានប្រសាសន៍ថា៖ «វាធូរ មុនដល់ខែស្រូវអ៊ីចឹង ជំពាក់គេដែរ ហ្នឹងគ្រូ»។ ប៉ុន្តែមុនពេលកូនប្រុសទៅប្រទេសកូរ៉េ អ្នកស្រីបានខ្ចីលុយគេប្រមាណ៣ពាន់ដុល្លារដើម្បីចំណាយមុនចេញទៅធ្វើការ ដូចជាថ្លៃយន្តហោះ និងទិញសម្ភារៈផ្សេងៗ។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកស្រីបានសងគេអស់រួចទៅហើយ។ អ្នកស្រីក៏បានចំណាយលុយអស់រាប់រយដុល្លារសម្រាប់កូនរៀនភាសាកូរ៉េ និងប្រឡងត្រៀមចេញទៅប្រទេសកូរ៉េ។ អ្នកស្រីមានប្រសាសន៍ថា៖ «លុយគ្រាន់តែបណ្តោះវាទៅមកៗ គេហៅទៅភ្នំពេញហ្នឹងលោកគ្រូ។ ទៅអ៊ីចឹងទៅ១០០ដុល្លារ។ ត្រឡប់មកវិញទៅ ពីរបីថ្ងៃទៀត ទៅវិញ១០០ដុល្លារទៀតទៅ។ អាហ្នឹងលុយខ្លួនឯង។ ដល់ពេលវាឡើងយន្តហោះ អាហ្នឹងខ្ញុំយកលុយគេ»។ នៅតាមជនបទ វាជារឿងធម្មតាទេ ដែលប្រជាជនពឹងផ្អែកលើការធ្វើស្រែ និងចម្ការ។ ប៉ុន្តែវានឹងមានការលំបាក ប្រសិនបើពួកគេមិនមានដីសម្រាប់ធ្វើស្រែ និងចម្ការ។ អ្វីដែលពួកគេអាចធ្វើបានគឺការចំណាកស្រុកទៅទីក្រុង ឬទៅក្រៅប្រទេស ដែលជាបញ្ហាធំនៅកម្ពុជា។

ប្រទេសចំនួន៧ ដែលពលករកម្ពុជាកំពុងធ្វើការគឺប្រទេសម៉ាឡេស៊ី អារ៉ាប៊ីសាអ៊ូឌីត ថៃ ជប៉ុន សិង្ហបុរី ហុងកុង និងប្រទេសកូរ៉េខាងត្បូង។ ប្រជាជនខ្មែររាប់ម៉ឺននាក់កំពុងធ្វើការនៅប្រទេសថៃ និងម៉ាឡេស៊ី ដោយខុសច្បាប់។

អ្នកភូមិលើកឡើងថា ប្រជាជនក្នុងឃុំព្រែកអាជីនេះបានសម្រេចបញ្ជូនកូនទៅប្រទេសកូរ៉េស្ទើរតែគ្រប់គ្នាទៅហើយ។ មុនពេលកូនរបស់អ្នកស្រីសៀងចេញទៅក្រៅប្រទេស អ្នកភូមិផ្សេងទៀតក៏បានបញ្ជូនកូនទៅជាបន្តបន្ទាប់ផងដែរ ក្នុងនោះកូនប្រុស៣នាក់របស់លោកឃឹម សាន អាយុ៥០ឆ្នាំ។ មិនតែប៉ុណ្ណោះ កូនប្រសារស្រី២នាក់របស់លោកក៏កំពុងធ្វើការនៅប្រទេសកូរ៉េផងដែរ។

លោក ឃឹម សានបានថ្លែងប្រាប់ VOA ថា៖ «ឃើញគេ ឃើញឯងទៅចេះតែបានទៅ ទៅតាមគេ ទៅរៀន ទៅអីតាមគេប្រឡងតាមគេទៅ»។ លោកបន្តថា មុនដំបូងឡើយ កូនប្រុសទី១បានទៅធ្វើការ ហើយបន្ទាប់មកកូនប្រុសទី២ និងទី៣។ ទោះជាយ៉ាងណា លោកហាក់ដូចជាមិនទទួលបានប្រាក់កម្រៃច្រើន ដូចអ្នកស្រីសៀងនោះទេ។ លោកមានប្រសាសន៍ថា៖ «វាគួរសម។ វាមិនពិបាក ក៏មិនស្រណុកពេកដែរ។ ផ្ញើគ្រាន់តែចាយ៥០(ដុល្លារ) ១០០(ដុល្លារ)អ៊ីចឹង»។ មុនពេលកូនចេញទៅ លោកក៏បានខ្ចីលុយគេផងដែរគឺកូនដំបូង ខ្ចី៤ពាន់ដុល្លារ កូនទីពីរខ្ចី៣ពាន់ដុល្លារទៀត និងកូនទីបីខ្ចី៣ពាន់ដុល្លារផងដែរ។ ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា កូនរបស់លោកនឹងត្រឡប់មកស្រុកកំណើតវិញ នៅពេលណាមួយ ដែលពួកគេអាចសន្សំលុយបានខ្លះ ដើម្បីរកស៊ីនៅស្រុកខ្មែរ។ លោកមានប្រសាសន៍ថា៖ «ចង់ឲ្យទៅម្នាក់មួយអាណត្តិទៅ ចង់បានលុយរកស៊ី។ នៅម៉េចកើត? មានកូនមានចៅ។ គ្រាន់តែសន្សំលុយឲ្យបានដើមរកស៊ីនៅស្រុកខ្មែរយើង»។ នៅក្នុងឃុំដដែលនេះ អ្នកជិតខាងអ្នកស្រី សៀង គឺអ្នកស្រី ជន ណាត អាយុ៦៥ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីមានកូនស្រី២នាក់ដែលបានរៀបការជាមួយស្វាមីកូរ៉េ ហើយបានទៅរស់នៅទីនោះជាច្រើនឆ្នាំមកហើយ។ អ្នកស្រីមានប្រសាសន៍ថា ពួកគេទទួលបានសញ្ជាតិកូរ៉េរួចហើយ។ អ្នកស្រីបន្តថា ពួកគេបានផ្ញើលុយមកអ្នកស្រីដើម្បីធ្វើផ្ទះ និងចាយវាយបន្តិចបន្តួចផងដែរ។ អ្នកស្រីបញ្ជាក់ថា៖ «អឺ ឥឡូវ ផ្ញើតែចាយ១០០(ដុល្លារ)។ គេមក គេធ្វើផ្ទះទាំងអស់ហ្នឹងណា៎»។

បើតាមមន្រ្តីកម្ពុជា ស្រ្តីខ្មែរប្រមាណ៨ពាន់នាក់បានរៀបការជាមួយប្តីកូរ៉េ។

មេឃុំព្រែកអាជី លោកអ៊ីវ លីហូវបានថ្លែងប្រាប់ VOA ថា ប្រជាពលរដ្ឋក្នុងឃុំបានសម្រុកទៅប្រទេសកូរ៉េច្រើន ដោយសារពួកគាត់បានឃើញជីវភាពគ្រួសារដែលមានកូនទៅធ្វើការនៅប្រទេសកូរ៉េ ដូច្នេះពួកគាត់តាមគ្នា។ លោកបន្តថា ក្មេងៗជាសិស្សមួយចំនួនបានឈប់រៀនត្រឹមថ្នាក់ទី១១ ទី១២ រួចក៏ទៅធ្វើការនៅប្រទេសកូរ៉េ។ លោកមានប្រសាសន៍ថា៖ «និយាយទៅ ម៉ែឪគេជំរុញដែរ ហើយការស្ម័គ្រចិត្តខ្លួនគេផង។ ពលករច្រើនតែយុវជន អ្នកមានគ្រួសារកូនមួយ កូនពីរអីហ្នឹងណា៎។ ខ្លះគេរៀនប្រឡងបាក់ឌុបជាប់ទៅ ខ្លះត្រូវប្រឡងអីចឹងទៅ។ ម្នាក់ៗមើលឃើញតាមគ្នា។ ខ្លះនឹកឃើញថា ទៅរកលុយសិនអីចឹងទៅ ទៅរកលុយទៅ! ដូចថា ជាប់បាក់ឌុប មករកស៊ីអ៊ីចឹងទៅ ខ្លះមករកស៊ីវិញអ៊ីចឹងទៅ»។

ទោះជាយ៉ាងណា លោកយល់ថា ពលករដែលទៅធ្វើការនៅប្រទេសកូរ៉េពិបាកនឹងប្រើជំនាញរបស់ខ្លួនដែលមានបទពិសោធន៍នៅទីនោះ មកធ្វើការនៅប្រទេសខ្មែរ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំមើលទៅ មានខ្លះអី ខ្លះទៅ ខ្លះក៏គ្មានចាប់ជំនាញអីបាន ព្រោះយើងទៅធ្វើការនៅហ្នឹង ខ្លះរោងចក្រតូច។ តាមពិតទៅ ជំនាញដែលគេឲ្យមាន អ្នកនេះធ្វើស្អី អ្នកនោះធ្វើស្អី យើងយកមកផ្គួបផ្សំ បានន័យថា ធ្វើវាអត់កើតដដែល»។ មេឃុំរូបនោះបានបញ្ជាក់ថា អ្នកខ្លះត្រឡប់ពីប្រទេសកូរ៉េវិញ ហើយមានលុយ ពួកគេបានទិញដី និងខ្លះទៀតបានចាប់ផ្តើមរបររកស៊ីមួយចំនួន។

លោកឌី ថេហូយ៉ា មន្រ្តីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central)មានប្រសាសន៍ថា កូរ៉េខាងត្បូងមានលក្ខខណ្ឌការងារល្អ ការគោរពសិទ្ធិមនុស្ស និងប្រាក់កម្រៃការងារល្អប្រសើរជាងគេ។ លោកបញ្ជាក់ថា ពលករខ្មែរទៅប្រទេសផ្សេង ដូចជាប្រទេសថៃ និងម៉ាឡេស៊ី រងការរំលោភបំពាន ដោយសារពួកគេជាពលករមិនមានជំនាញ ហើយមិនយល់ដឹងពីច្បាប់ការងារ។ លោកក៏បារម្ភអំពីការត្រឡប់មកពីក្រៅប្រទេសវិញរបស់ពលករ ដោយសារកម្ពុជាមិនទាន់មានការរៀបចំឲ្យពួកគេបានប្រើប្រាស់ជំនាញទាំងនោះនៅកន្លែងការងារ។ លោកមានប្រសាសន៍ថា៖«អ៊ីចឹង រាល់ថ្ងៃយើងអត់មានឧទាហរណ៍។ ទៅនៅកូរ៉េពីរឆ្នាំ ឬ៤ឆ្នាំ ត្រឡប់មកវិញ តាមសមត្ថភាពរបស់គាត់ បើគាត់រកបានការងារបានធ្វើជារឿងឱកាសរបស់គាត់។ វាអត់មានអា Plan [ផែនការ] អ្នកដែលមកពីកូរ៉េ អ្នកមកពីប្រទេសផ្សេងៗ បញ្ចប់កុងត្រា កិច្ចសន្យាការងារស្រុកគេហ្នឹង គួរមានចន្លោះ គួរតែមានទីផ្សារការងារហ្នឹងសម្រាប់ពួកគេ ឲ្យគាត់បានប្រើប្រាស់ជំនាញរបស់គាត់ បន្តការងារ បន្តអាជីពរបស់គាត់ហ្នឹង»។

កាលពីខែធ្នូឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបជាមួយមន្រ្តីរបស់កូរ៉េ ដោយពួកគេមានការកោតសរសើរពលករខ្មែរនៅទីនោះ។ លោកហ៊ុន សែនបានថ្លែងថា៖ «នៅកូរ៉េមានព័ត៌មានល្អ គេបានចាត់ទុកថា កម្មករ កម្មការិនីរបស់កម្ពុជាមានស្តង់ដារខ្ពស់ណាស់ មានកម្រិតគោរពវិន័យខ្ពស់ណាស់ មានវិជ្ជាជីវៈខ្ពស់ណាស់»។

លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថា រដ្ឋាភិបាលកំពុងធ្វើការ ដើម្បីធ្វើឲ្យប្រសើរនូវស្ថានភាពនៃពលករដែលត្រឡប់មកវិញ។ លោកបន្តថា រដ្ឋាភិបាលក៏បានគិតគូរដល់ជំនាញរបស់ពួកគេ ពេលពួកគេត្រឡប់មកវិញផងដែរ តាមរយៈការទទួលស្គាល់ជំនាញ និងបទពិសោធន៍របស់ពួកគេ។

ត្រឡប់មកផ្ទះរបស់អ្នកស្រី សៀង វិញ អ្នកស្រីនៅតែធ្វើស្រែ និងដាំឈូកដើម្បីរកចំណូលបន្ថែមពីការផ្ញើលុយរបស់កូនពីក្រៅប្រទេស។ អ្នកស្រីសៀងបានឲ្យដឹងថា ក្នុងមួយសប្តាហ៍ អ្នកស្រីទូរស័ព្ទទៅកូន ហើយពេលណាចង់ឃើញមុខ អ្នកស្រីអាចនិយាយគ្នាតាមហ្វេសប៊ុក។ ទោះជាយ៉ាងណា អ្នកស្រីបង្ហាញក្តីព្រួយបារម្ភអំពីសុវត្ថិភាព និងសុខភាពកូនប្រុសផងដែរ ដោយគេសារធ្វើការនៅកន្លែងដែលក្តៅ។ អ្នកស្រីមានប្រសាសន៍ថា៖ «ក្តៅណាស់ គាត់ត្អូញដែរ។ គេនៅកើត យើងនៅកើត។ ម៉េចខ្ជិលដែរ»។ អ្នកស្រីបញ្ជាក់ថា កូនប្រុសរបស់អ្នកស្រីធ្លាប់ជួបគ្រោះថ្នាក់ការងារផងដែរ។ អ្នកស្រីមានប្រសាសន៍ថា៖ «ម៉ាស៊ីនកាត់ក្រចកនេះដាច់បន្តិចដែរហ្នឹង។ ប៉ុន្តែវាអត់មានប្រាប់ខ្ញុំទេ ដេកពេទ្យមួយខែដែរ‍»។ ទោះជាយ៉ាងណា អ្នកស្រីក៏បានផ្តាំឲ្យកូនចេះមើលថែសុខភាព ដោយសារអាកាសធាតុនៅប្រទេសកូរ៉េត្រជាក់ពេក៕

website_news/2019110101.txt · Last modified: 2019/01/11 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki