website_news:2019110102

កម្ពុជាកំពុងចាប់អារម្មណ៍ទីផ្សារពលករជំនាញនៅជប៉ុន ខណៈជប៉ុនកែប្រែច្បាប់ការងាររបស់ខ្លួន

http://km.rfi.fr/cambodia/ ដោយ ញឹម សុផល 10/01/2019

នៅក្នុងជំនួបជាមួយ លោក មីគី វ៉ាត់ណាបេ (MIKI WATANABE) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការបរទេស និងការពារជាតិជប៉ុន នាព្រឹកថ្ងៃទី១០ ខែមករា នេះ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានថ្លែងថា គិតមកដល់ពេលនេះកម្ពុជាមានកម្មសិក្សាការី ដែលបណ្តុះបណ្តាលដោយក្រុមហ៊ុនជប៉ុន មានចំនួនជាង៩ពាន់នាក់។ ការបើកទូលាយច្បាប់ការងារជប៉ុន ធ្វើឲ្យប្រទេសកម្ពុជា មានការចាប់អារម្មណ៍ និងគ្រោងបញ្ជូនពលករជំនាញមធ្យមរបស់ខ្លួនទៅធ្វើការនៅជប៉ុនផងដែរ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា នៅពេលខាងមុខ នឹងមានក្រុមហ៊ុនជប៉ុនបើកដំណើរការជាបន្តបន្ទាប់ដើម្បីបណ្តុះបណ្តាលនិងបង្កភាពងាយស្រួលបញ្ជូនកម្មសិក្សាការី ពីកម្ពុជាទៅធ្វើការនៅជប៉ុន ខណៈដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។ ដើម្បីអនុវត្តនូវគម្រោងថ្មីនេះបាន នាពេលខាងមុខ រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេសក្រសួងការងារ កំពុងរៀបចំឲ្យមានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីអនុវត្តនូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន ដែលកំពុងមានការខ្វះខាតកំលាំងពលកម្ម។ នេះបើតាមលោក អ៊ិត សំហេង។

សូមរំលឹកថា ជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីបរទេស ហើយនឹងមានការអនុវត្តនាអំឡុងខែមេសាឆ្នាំ២០១៩ខាងមុខ ដើម្បីដោះស្រាយបញ្ហាកខ្វះកម្លាំងពលកម្មជំនាញនៅប្រទេសជប៉ុន។ វិស័យដែលជប៉ុនកំពុងខ្វះកម្លាំងពលកម្មខ្លាំងជាងគេ គឺកសិកម្ម សំណង់ ថែទាំមនុស្ស ឬមើលក្មេង។ ជាមួយគ្នានេះ ជប៉ុនបាននឹងកំពុងរៀបចំឱ្យមានសេចក្តីព្រាង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេសបញ្ជូនទាំងអស់ ដែលបានអនុញ្ញាតឱ្យបញ្ជូលទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេស ទៅប្រទេសជប៉ុន។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា បានបញ្ជាក់ថា ការបញ្ចូនពលរដ្ឋខ្មែរទៅធ្វើការនៅប្រទេសជប៉ុនលើកក្រោយៗទៀត នឹងត្រូវធ្វើឡើងក្នុងនាមពលករច្បាស់លាស់ ដែលការពារដោយច្បាប់ជប៉ុន មិនមែនក្នុងនាមកម្មសិក្សាការី ដូចមុនៗទេ ខណៈកម្មសិក្សាការីនៅជប៉ុនមានច្បាប់មួយគ្រប់គ្រងដាច់ដោយឡែក។

website_news/2019110102.txt · Last modified: 2019/01/11 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki