website_news:2019110201

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖សន្តិភាពជាសម្បត្តិសាធារណៈរកបានដោយកម្រ និងថែរក្សាដោយលំបាក

http://bayontv.com.kh/ 11/02/2019

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនយោបាយ និងកិច្ចការបទេស នៃក្រសួងការពារជាតិបានថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង១.៥០០នាក់ មកពីបណ្តាប្រទេសលើពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០១៩ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងថា សន្តិភាពជាសម្បត្តិសាធារណៈរកបានដោយកម្រ និងថែរក្សាដោយលំបាក ខណៈកម្ពុជាទើបតែទទួលបាននូវសុខសន្តិភាពនេះ ក្នុងរយៈពេល២០ចុងក្រោយក្រោមការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិបានលើកឡើងថា«វត្តមាន ពិភពលោកប្រព្រឹត្តទៅបានគឺដោយសារសន្តិភាព។ សន្តិភាពជាសម្បត្តិសាធារណៈដែលរកបានដោយកម្រ និងថែរក្សាដោយលំបាកជាមួយនឹងតម្រូវការគ្រប់ដង្ហើមចេញចូលរបស់មនុស្សលោក មិនថា សាសន៍ណា ជំនឿអ្វីឬក៏វ័យណានោះទេ។ ភាពសុខក្សេមក្សាន្តនៃការអភិវឌ្ឍ មិនអាចធ្វើទៅបានដោយគ្មានសន្តិភាពនោះឡើយ»។

ជាមួយគ្នានោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានប្រាប់ដល់សមាជិក-សមាជិកា នៃកិច្ចប្រជុំទៀតថា ប្រទេសណាដែលធ្លាប់ឆ្លងកាត់សង្រ្គាម ភ្លក់រសជាតិនៃសង្រ្គាម គ្រោះថ្នាក់នៃសង្រ្គាម ទើបអាចស្គាល់នូវតម្លៃសន្តិភាព និងសេចក្តីត្រូវការសន្តិភាពជាងអ្នក ទាំងអស់ មានតែអ្នកធ្លាប់ត្រូវរបួស ទើបស្គាល់ការឈឺចាប់ដោយគ្រាប់រំសេវ អ្នកដែលបាត់បង់ កាយសម្បទាដោយសារសង្រ្គាម ទើបស្គាល់នូវតម្លៃពិតប្រាកដនៃភាពគ្មានសង្រ្គាម ស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា «ទិដ្ឋភាព និងជីវិតបែបនោះហើយ ដែលប្រជាជនកម្ពុជា បានឆ្លងកាត់ និងស្គាល់រសជាតិក្នុងអំឡុងទសវត្សរ៍១៩៦០ដល់១៩៩០រហូតដល់ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ១៩៩៨ទើបកម្ពុជាបានទទួលបានសុខសន្តិភាពពេញលេញដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី»។

ក្រោយកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញលេញត្រឹមតែរយៈពេល២០ឆ្នាំមកនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានប្រាប់ដល់អ្នកចូលរួមទៀតថា កម្ពុជាបានសម្រេច កសាងនូវសំណង់វិមាន ឈ្នះ ឈ្នះមួយជាតឹកតាង បង្ហាញនូវគុណតម្លៃនៃសន្តិភាព គុណប្រយោជន៍នៃដំណើរការស្វែងរកសន្តិភាព និងសម្រាប់បន្តថែរក្សាសន្តិភាពទៅមុខទៀត ហើយ សំណង់ដ៏ប្រវត្តិសាស្រ្តមួយនេះក៏នឹងក្លាយទៅជាពហុមជ្ឈមណ្ឌល ពហុវិស័យសម្រាប់ផ្ទុករាល់ឯកសារប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឲ្យដឹងផងដែរថា កិច្ចប្រជុំ កំពូលពិភពលោកឆ្នាំ២០១៩នេះគឺបានពិភាក្សា និងធ្វើបទបង្ហាញជាច្រើនទាក់ទង និងសន្តិសុខ វប្បធម៌.សន្តិភាព.សាសនា និងការអភិវឌ្ឍធនធានមនុស្សជាដើម។ កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យកម្ពុជាផ្តល់បទបញ្ហាញជាច្រើនទាក់ទង និងដំណើរការបច្ចុប្បន្ន នៅកម្ពុជាជាពិសេសជុំវិញដែលកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍនេះតែម្តង៕

website_news/2019110201.txt · Last modified: 2019/02/11 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki