website_news:2019110203

សមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បើកដៃឲ្យមេឈ្នួញជើងខ្លាំងឈ្មោះ លាង វុធ និងពួកឈ្មួញជាច្រើនទៀតដាក់កម្លាំងឡើង ចូលទៅលួចកាប់ឈើគ្រញូង នៅក្នុងទឹកដីប្រទេសថៃ

https://www.facebook.com/cpnnews.info/ សារព័ត៌មានចក្រភពព័ត៌មាន CPN News 10-02-2019

ឧត្ដរមានជ័យ៖ សមត្តកិច្ចជំនាញក្នុងឃុំអូរស្វាយ បានឃុបឃិតគ្នាជាប្រព័ន្ធ បើកដៃឲ្យមេឈ្មួញឈើគ្រញូងជើងខ្លាំងឈ្មោះ លាង វុធ ដែលមានតួនាទីជាទាហានយោធាស័ក្តបី និងពួកមេឈ្មួញដុះស្លែជើងខ្លាំងជាច្រើនទៀត ទាំងនៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ប្រមូលគៀងគរប្រជាពលរដ្ឋ ឲ្យលួចឆ្លងដែន ចូលទៅលួចកាប់ឈើគ្រញូងនៅក្នុងទឹកដីប្រទេសថៃយកមកលក់ឲ្យពួកខ្លួនដើម្បីដឹកបន្តយកទៅលក់នៅប្រទេសវៀត ណាម ដោយមិនខ្លាចកោតញញើត នូវអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឡើយ។ ជាក់ស្ដែងជារៀងរាល់យប់រាល់ថ្ងៃ គេតែងតែសង្កេតឃើញមេឈ្មួញឈ្មោះ លាង វុធ និងពួកឈ្មួញជាច្រើនទៀត បានដាក់កម្លាំងឆ្លងដែនចូលទៅលួចកាប់ឈើគ្រញូង នៅក្នុងទឹកដីប្រទេសថៃ ដោយធ្វើដំណើរឆ្លងចូលតាមច្រកដូចជា ច្រកក្បាលអូរស្វាយ ច្រកថ្មប្រេះ ច្រកឈើទាលជ្រុំ ច្រកចំបក់កោង និងច្រកអូរខ្សាច់ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយចំណុចទីតាំងភូមិសាស្ដ្រទាំងអស់នេះផងដែរ ក៏ស្ថិតនៅក្នុងតំបន់សិកទ័រនៃការគ្រប់គ្រងរបស់លោក វរៈសេនីយទោ ស៊ុន បូរ៉ាន់ នាយបញ្ជាការផ្នែកសឹករងស្រុកត្រពាំងប្រាសាទដែរ តែមិនដែលឃើញលោកធ្វើការចាប់បង្ក្រាបសោះ។

សូមបញ្ជាក់ផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះ មានប្រជាពលរដ្ឋជាច្រើននាក់ បានទទួលរងនូវគ្រោះថ្នាក់ ដោយសារតែការលួចឆ្លងដែន ចូលទៅក្នុងទឹកដីថៃ លួចកាប់និងស្ពាយឈើគ្រញូង ខ្លះត្រូវទាហានថៃចាប់ដាក់គុក អ្នកខ្លះទៀតត្រូវបានបាត់ខ្លួនរកមិនឃើញ និងអ្នកខ្លះទៀតត្រូវបានទាហានថៃបាញ់សម្លាប់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មជាទីបំផុត ចោលសាច់ញាតិ ក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន ប្រពន្ធកូន ឲ្យរស់នៅកំព្រាវេទនាខ្លោចផ្សា ខ្លាំងណាស់ តើករណីទាំងអស់នេះ កើតឡើងមកពីដោយសាតែអ្វី? សូមសម្ដេច ទ្រង់ឯកឧត្ដម លោកជំទាវ ព្រមទាំងពុកម៉ែបងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា ទូទាំងប្រទេសជួយគិតពិចារណាទៅតាមការគួរផង។

ជាចុងក្រោយខ្ញុំ ព្រមទាំងប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ សូមអំពាវនាវទៅដល់ ឯកឧត្ដម នាយឧត្ដមសេនីយឯក សៅ សុខា និង ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ សូមឯកឧត្ដមមេត្តាមានចំណាត់ការណ៍ក្ដៅ ចំពោះអាជ្ញាធរមូលដ្ឋាន សមត្តកិច្ច និងមន្ត្រីជំនាញ នៅក្នុងឃុំអូរស្វាយ ដែលតែងតែមិនបង្ក្រាប និងបណ្ដោយឲ្យមេឈ្មួញជើងខ្លាំងឈ្មោះ លាង វុធ និងពួកឈ្មួញដុះស្លែជាច្រើនទៀត ធ្វើការប្រព្រឹត្តរកស៊ីបទល្មើសឈើគ្រញូង ដែលជាបទល្មើសឧក្រិដ្ឋតាមតែអំពើចិត្ត ដោយមិនខ្វល់ពីអនុសាសន៍នៃបទបញ្ជាដ៏ក្ដៅគគុករបស់សម្ដេច ហ៊ុន សែន និងមិនគិតពីសុខទុក្ខលំបាក និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលលួចចូលទៅកាប់និងស្ពាយឈើគ្រញូងឡើយ។ខ្ញុំព្រមទាំងប្រជាពលរដ្ឋទាំងអស់គ្នា សង្ឃឹមថាឯកឧត្ដម និងមានចំណាត់ការណ៍ ចំពោះអស់លោកមន្ត្រី ដែលអសមត្ថភាពទាំងអស់នោះ ដើម្បីកុំឲ្យប្រជាពលរដ្ឋ មានគ្រោះថ្នាក់ដោយប្រការណាទៀត៕ ដោយ៖ សាន់រិន្ទ

website_news/2019110203.txt · Last modified: 2019/02/11 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki