website_news:2019110206

ជប៉ុនមានបំណងចង់ជួយពង្រឹងសមត្ថភាពពលករកម្ពុជាលើផ្នែកសំណង់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ម៉ោង ០៨:៣០ ឡុង សារ៉េត

រាជធានីភ្នំពេញ ៖ ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានបង្ហាញគោលបំណងចង់ជួយពង្រឹងសមត្ថភាពដល់ពលករកម្ពុជាលើផ្នែកសំណង់ ពិសេសការបង្កើតបាតគ្រឹះមុននឹងសាងសង់អគារ ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះ លោក Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលបានដឹកនាំវិនិយោគិនជប៉ុនជាង៤០០ក្រុមហ៊ុនមកកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនទាំងនេះមានឯកទេសលើការពិនិត្យដី បង្កើតបាតគ្រឹះមុននឹងសាងសង់ និងយកសំណាកដីទៅធ្វើការពិសោធន៍នៅប្រទេសជប៉ុន ហើយពួកគេមានបំណងចង់ជួយដល់ពលករកម្ពុជាលើជំនាញបច្ចេកទេសនេះ ។ លោក Yamada បានមានប្រសាសន៍ថា ៖« ក្រុមហ៊ុនសំណង់ទាំងនេះបានទទួលពលករខ្មែរ ទៅធ្វើការជាង៣០០នាក់ហើយ នៅឯប្រទេសជប៉ុន ។ ពលករខ្មែរនឹងមានជំនាញពិតប្រាកដខាងផ្នែកសំណង់ បន្ទាប់ពីពួកគេទៅធ្វើកម្មសិក្សានៅជប៉ុន ហើយនាំជំនាញនេះមកអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជាវិញ»។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ បច្ចុប្បន្ននេះវិស័យសំណង់របស់កម្ពុជា កំពុងមានការរីកចម្រើនជាខ្លាំង ក្នុងនោះមានក្រុមហ៊ុនសំណង់របស់ជប៉ុន បានរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យនេះផងដែរ ។ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖«សំណង់មិនអាចប្រហែសបានទេ ប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស បើបច្ចេកទេសមិនល្អគឺមានហានិភ័យដល់ជីវិតរបស់មនុស្ស ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងរៀបចំដំណើរការសាងសង់ឲ្យទៅតាមបទដ្ឋានស្តង់ដាសំណង់ »។

ប្រធានគ្រប់គ្រងទូទៅនៃសមាគមសាងសង់កម្ពុជា លោក ជីវ សៀវផេង បានមានប្រសាសន៍ថា ការបង្កើតបាតគ្រឹះសំណង់នេះក្នុងរយៈពេលកន្លងមក ក្រុមហ៊ុនក្នុងស្រុកបានសហការជាមួយក្រុមហ៊ុនបរទេសដើម្បីធ្វើការងារនេះ ហើយបើគម្រោងអគារខ្ពស់ៗ គឺក្រុមហ៊ុនបរទេសជាអ្នកធ្វើតែម្ដង »។ លោកបន្តថា ៖« មុននឹងចាប់ផ្តើមសាងសង់គេត្រូវយកដីទៅពិសោធន៍មើលសិនថា តើយើងត្រូវបុកគ្រឹះជម្រៅប៉ុន្មានម៉ែត្រ ទំហំគ្រឹះប៉ុន្មានទើបអាចទ្រអគារបានមួយបាន ហើយទាក់ទងនឹងជំនាញនេះ សម្រាប់កម្ពុជានៅមានកម្រិតនៅឡើយ »។ បើតាមលោកជីវ សៀវផេង នៅថ្ងៃអនាគតបើកម្ពុជា នឹងសម្បុរធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់លើវិស័យនេះ ដែលអាចឱ្យកម្ពុជាទទួលបានចំណែកទីផ្សារ និងអាចបំពេញតម្រូវការបាន ៕

website_news/2019110206.txt · Last modified: 2019/02/11 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki