website_news:2019110301

លោក សុខ ឥសាន៖ ប្រទេសមានសន្តិភាព ទើបធ្វើឲ្យពលករខ្មែរ ចំណាកស្រុក ស្វែងរកការងារ នៅក្រៅប្រទេសស្រួល

https://www.dap-news.com/ ByID:119 Posted on 07 March 2019 | 09:15

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពទើបបានជាពលករខ្មែរ ចំណាកស្រុក ទៅរកការងារធ្វើ នៅក្រៅស្រុកច្រើន។ លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ថា មានមតិមួយចំនួន និយាយថា ការដែលមានពលករ ចំណាកស្រុកពីកម្ពុជា ច្រើននៅបរទេស ដោយសារកម្ពុជា គ្មានសន្តិភាព ប៉ុន្តែនេះជាការគិតខុសទេ។ លោកបញ្ជាក់ថា “ការនិយាយនេះ មិនត្រឹមត្រូវតាមការពិតទេ ដោយសារតែប្រទេស មានសន្តិភាពហ្នឹងហើយ បានជារាជរដ្ឋាភិបាល មានលទ្ធភាពចេញលិខិតឆ្លង ដែនឲ្យពលករចេញ ទៅក្រៅប្រទេស មានគោលនយោបាយ ទាក់ទងរកទីផ្សារពលកម្ម នៅក្រៅប្រទេសបាន ដើម្បីពលករមានការងារធ្វើ” ។ លោក សុខ ឥសាន បន្តថា ផ្ទុយទៅវិញ បើប្រទេសមានសង្គ្រាម អត់មានពលករចំណាកស្រុក រៀបរយចេញទៅធ្វើការ ឯបរទេសទេ ពេលនោះ គេហៅថា ជាជនភៀសខ្លួន ឬភៀសសឹក ដែលបណ្តាប្រទេសទាំងនោះ នឹងមិនទទួលយកទេ ។ ដូច្នេះ ការដែលមាន ពលករចំណាកស្រុកខ្មែរ បានទៅធ្វើការច្រើន ដោយសារនយោបាយ ការបរទេស របស់រាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេស ក្នុងពិភពលោក ទើបយល់ព្រមទទួលយក ពលករខ្មែរ ។ មិនមែនដូចអតីតបក្សប្រឆាំង និយាយថា រាជរដ្ឋាភិបាលកម្ពុជា អសមត្ថភាព រកការងារឲ្យពលករធ្វើការ នៅក្នុងស្រុកបាននោះទេ ។ ពួកគេចោទរាជរដ្ឋាភិបាលថា ចង់ឲ្យកូនខ្មែរ ទៅធ្វើខ្ញុំកញ្ជះគេឯបរទេស ។ លោកបន្ថែមថា ពលរដ្ឋចំណាកស្រុក បានទទួលផលប្រយោជន៍ ជាច្រើន ដូចជា ពលករមានប្រាក់ចំណូល ដើម្បីយកមកផ្គត់ផ្គង់ក្រុមគ្រួសារ លើកកម្ពស់ជីវភាពរស់នៅ ឲ្យប្រសើរឡើង ។ មានចំណូលមក ក្នុងប្រទេសរួមចំណែក ដល់សេដ្ឋកិច្ចជាតិ ។ នៅកម្ពុជា បានចំណូលជាង ២០០០លានដុល្លារ ក្នុង១ឆ្នាំ ៗ ដោយសារពលករចំណាកស្រុក ។ អ្នកនាំពាក្យបក្សកាន់អំណាចថា សរុបមក ជារឿងធម្មតា ដែលបណ្តាប្រទេស លើពិភពលោក មានពលករចំណាកស្រុក ហើយប្រទេសនានា មានពលករចំណាកស្រុក ច្រើនជាងកម្ពុជាផង ។

បើតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករកម្ពុជា បានកំពុងធ្វើការនៅក្រៅប្រទេស ជាង១លាននាក់ ៕ ដោយ ស សំណាង

website_news/2019110301.txt · Last modified: 2019/03/11 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki