website_news:2019110302

រដ្ឋមន្ត្រីក្រសួងការងារ បានដាក់ចេញនូវទិសដៅការងារចំនួន ២៤ចំណុច ដើម្បីឱ្យមន្ត្រីរាជការក្រោមឱវាទ បន្តសហការគ្នាខិតខំប្រឹងប្រែងអនុវត្ត នៅឆ្នាំ២០១៩

http://www.cen.com.kh/archives/ March 8, 2019

(ភ្នំពេញ) ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញ សេចក្តីជូនដំណឹង ស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ និងការប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវទិសដៅការងារចំនួន ២៤ចំណុច ដើម្បីឱ្យមន្ត្រីរាជការក្រោមឱវាទបន្តសហការគ្នាខិតខំប្រឹងប្រែងអនុវត្ត នៅឆ្នាំ២០១៩ ។ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានផ្ដល់អនុសាសន៍ថា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ ត្រូវអនុវត្តការងារសំខាន់ៗចំនួន ២៤ចំណុច រួមមាន ៖

១.បន្តខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំទាំង ១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីគាំពារ និងសម្រួលដល់បន្ទុកចំណាយ ក៏ដូចជាដោះស្រាយបញ្ហានានារបស់កម្មករនិយោជិត។

២៖ បន្តសិក្សាស្រាវជ្រាវលទ្ធភាពធ្វើវិសោធនកម្មច្បាប់ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសិទ្ធិ និងលក្ខខណ្ឌការងារ ស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ច។

៣៖ ពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ដោយដាក់ឱ្យប្រើប្រាស់របាយការណ៍អធិការកិច្ចការងាររួមលើប្រព័ន្ធទិន្នន័យស្វ័យប្រវត្តិកម្មដែលអាចធ្វើការសំយោគ និងវាយតម្លៃលក្ខខណ្ឌការងារដោយស្វ័យប្រវត្តិ។

៤៖ កែសម្រួលវិធីសាស្ត្រចុះធ្វើអធិការកិច្ចការងារ ដោយផ្អែកលើកម្រិតហានិភ័យរបស់សហគ្រាស គ្រឹះស្ថាន និងកំណត់ការធ្វើអធិការកិច្ចការងារលើសហគ្រាស គ្រឹះស្ថាននាំចេញចំនួន ១លើក/ឆ្នាំ។

៥៖ ប្រកាសកំណត់លក្ខខណ្ឌការងារស្នូល ៣១ចំណុច និងលក្ខខណ្ឌការងារទូទៅ ៤១ចំណុច ដែលសហគ្រាស គ្រឹះស្ថានត្រូវអនុវត្ត។

៦៖ បន្តពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ដោយបង្កើតឱ្យមានគ្រូបង្គោលលើវិស័យការងារយ៉ាងតិចចំនួន ៥០នាក់ និងធ្វើវិក្រឹត្យការដល់មន្ត្រីអធិការកិច្ចការងារយ៉ាងតិចចំនួន ៤៥០នាក់ ជាមួយនឹងការប្រឡងបញ្ជាក់សមត្ថភាពក្រោយពេលវគ្គវិក្រឹត្យការ។

៧៖ ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ជាពិសេសអំពីសិទ្ធិការងារដល់ប្រតិភូបុគ្គលិក ប្រតិភូសហជីព ថ្នាក់ដឹកនាំសហជីពយ៉ាងតិចចំនួន ១,២០០នាក់ និងដល់បុគ្គលិករដ្ឋបាលនៃសហគ្រាស គ្រឹះស្ថានយ៉ាងតិចចំនួន ៧៥០នាក់។

៨៖ បន្តសហការជាមួយគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ, SLSG) នៅប្រទេសកម្ពុជា និងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងជាសកលរបស់ស៊ុយអ៊ែត។

៩៖ បន្តទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃកម្លាំងពលកម្មកុមារ និងការងារដោយបង្ខំ។

១០៖ បន្តខិតខំដោះស្រាយវិវាទការងារ ជូនដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដោយសិក្សាជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបញ្ចូលការដោះស្រាយវិវាទបុគ្គលមួយចំនួន ជូនក្រុមប្រឹក្សាអាជ្ញាកណ្តាលព្រមទាំងខិតខំទប់ស្កាត់ការធ្វើកូដកម្មបាតុកម្មខុសច្បាប់ ដោយឈរលើគោលគារណ៍ច្បាប់ និងនីតិរដ្ឋ។

១១៖ ជំរុញប្រែក្លាយសហគ្រាស គ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិត ដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់។

១២៖ រៀបចំកញ្ចប់ស្តង់ដារបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (CBT) ក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជាកម្រិត ១ ២ ៣ ៤ លើវិស័យអគ្គិសនី-អេឡិចត្រូនិក(២មុខរបរ-៣គុណវុឌ្ឍិ)មេកានិករថយន្ត(៤មុខរបរ-៦គុណវុឌ្ឍ) សំណង់ (៣មុខរបរ-៥គុណវុឌ្ឍ) និងវិស័យធរុកិច្ច-ព័ត៌មានវិទ្យា (១មុខរបរ-២គុណវុឌ្ឍ) សរុប១០មុខរប-១៦គុណវុឌ្ឍ។

១៣៖ បង្កើនចំនួនសិស្សទទួលបានសេវាអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញអាទិភាព៖ វគ្គខ្លី (ក្រោម១ឆ្នាំ) យ៉ាងតិចចំនួន ២៧,០០០នាក់, រយៈពេលវែង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១, ២, ៣ (CQF2,3,4) យ៉ាងតិចចំនួន ៤,០៥០នាក់ សញ្ញាបត្រជាន់ខ្ពស់-បរិញ្ញាបត្ររង បច្ចេកទេស-ឯកទេស (CQF5) យ៉ាងតិចចំនួន ៥,៥០០នាក់ និងសញ្ញាបត្របច្ចេកវិទ្យា ឬឯកទេសវិស្វករយ៉ាងតិចចំនួន ៦,០០០នាក់ ដែលនឹងកើនឡើង ២០% ជារៀងរាល់ឆ្នាំ។

១៤៖ រៀបចំយន្តការ និងកម្មវិធីបណ្តុះបណ្តាលជំនាញឡើងវិញ (Reskilling) និងយន្តការជាមួយដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ឥណទានដល់សិក្ខាកាម សិស្ស និស្សិត ដែលបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីបង្កើតមុខរបរខ្លួនឯង។

១៥៖ កែសម្រួលលិខិតបទដ្ឋាន ដែលផ្តល់ភាពស្មើគ្នារវាងកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និងកាតព្វកិច្ចហ្វឹកហាត់ការងារ-កម្មសិក្សា និងពង្រឹងការហ្វឹកហ្វឺនកូនជាង និងកម្មសិក្សា និងបង្កើនការផ្សព្វផ្សាយអំពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

១៦៖ ពង្រឹងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងធ្វើសមាហរណកម្មកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងកម្មវិធីរបស់ដៃគូអភិវឌ្ឍ។

១៧៖ បន្តលើកកម្ពស់ការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដោយពង្រីកយន្តការ «វេទិកាការងារ» ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់កម្លាំងពលកម្ម ជាមួយបណ្តាប្រទេសដៃគូ ជាពិសេសបង្កើតសេវាគាំទ្រដល់ពលករទេសន្តប្រវេសន៍ខ្មែរ សំដៅធានាបាននូវការគាំពារពលករទេសន្តរប្រវេសន៍ខ្មែរ និងក្រុមគ្រួសារ។

១៨៖ បន្តពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងការរៀបចំ ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកសោធននិវត្តន៍ នៅឆ្នាំ២០១៩ ពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ពង្រីកការអនុវត្តប្រកាសអន្តរក្រសួងស្តីពី ការអនុវត្តការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិត ជាស្ត្រីនៅពេលសម្រាលកូន។

១៩៖ បង្កើនការអប់រំ ការផលិតស្ព័តអប់រំ និងការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ និងការដួលសន្លប់។

២០៖ បន្តការអនុវត្តផែនទីបង្ហាញផ្លូវ សម្រាប់អនុវត្តអនុសាសន៍របស់អង្គការ ILO ពាក់ព័ន្ធនឹងសេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីជំរុញការលើកកម្ពស់ការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា។

២១៖ ពង្រឹងសមត្ថភាពមន្ត្រី និងអង្គភាពក្នុងការផ្តល់សេវាសាធារណៈនានា ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌វិជ្ជាជីវៈ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ស្របតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ។

២២៖ កសាងឱ្យបាននូវប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយតម្លាភាព គណនេយ្យភាព និងការត្រួតពិនិត្យវាយតម្លៃមួយត្រឹមត្រូវ និងទៀងទាត់ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តអភិក្រមទាំង៥ គឺ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាកែទម្រង់ផ្ទៃក្នុងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

២៣៖ ជំរុញ និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ-វិស័យឯកជន (Public-Private Partnership) ភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ស្របតាមបាវចនា «បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

២៤៖ រៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងាររបស់គ្រប់អង្គភាពក្រោមឱវាទក្រសួង ដោយបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣៕ ដោយ:កូឡាប

website_news/2019110302.txt · Last modified: 2019/03/11 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki