website_news:2019110304

អគ្គនាយដ្ឋានអន្តោប្រវេសន៍ សូមប្រកាសជម្រាប ជូន សាធារណជន ស្តីពីភាពអសកម្ម របស់ មន្ត្រី នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត

http://cambodiapolice.com/policekh/ 3:22 pm 9 មីនា 2019

ភ្នំពេញ៖ អគ្គនាយដ្ឋានអន្តោប្រវេសន៍ សូមប្រកាសជម្រាប ជូន សាធារណជន ឲ្យបានជ្រាបថា ក្នុងរយៈពេលកន្លងមកថ្មីៗនេះ មានការលើកឡើងចោទប្រកាន់ក្នុងបណ្តាញសង្គម និង សារព័ត៌មានមួយចំនួនស្តីពីភាពអសកម្ម របស់ មន្ត្រី នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។ ទោះបីការចោទប្រកាន់ទាំងនោះ មិនមានការបង្ហាញ ភស្តុតាជាក់លាក់ក៏ដោយចុះ ប៉ុន្តែក្រុមប្រឹក្សាវិន័យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានកោះអញ្ជើញ ថ្នាក់ដឹកនាំ និង មន្ត្រីមួយចំនួននៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្រាយបំភ្លឺ និង បានចាត់វិធានការដើម្បីបំបាត់ភាពអសកម្មទាំងឡាយ។ ដើម្បីចៀសវាងភាពអសកម្ម ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាការរក្សា សណ្តាប់ធ្នាប់ និងការសម្រួលដល់ប្រជាពលរដ្ឋខ្មែរ និង ជនបរទេសទាំងអស់ដែល ធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា ថៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការណែនាំអប់រំលោកនាយប៉ុស្តិ៍ឲ្យយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ តាមតួនាទីភារៈកិច្ច និង ការប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយក្នុងនោះត្រូវយកចិត្តទុកដាក់៖

- ត្រូវដាក់ស្លាកអក្សរសម្គាល់សម្រាប់សាធារណជនឲ្យបានជ្រាបថា ការបម្រើសេវានេះមិនតម្រូវឲ្យមានការបង់ប្រាក់ទេ ។

- រៀបចំកែលម្អរបញ្ជរបំពេញ បែបបទចេញ ចូល ឲ្យបានសមស្របនិងរៀបចំលំហូរអ្នកដំណើរ ឲ្យមានការតម្រង់ជួរត្រឹមត្រូវ តាមលំដាប់មុនក្រោយ ដើម្បីកុំឲ្យមានការឆ្លៀតឱកាសជួយសម្រួល លឿន រហ័ស រកផលប្រយោជន៍ខុសច្បាប់ ។

- ហាមយកប្រាក់ដើម្បីអនុញ្ញាត ឲ្យយានយន្ត រ៉ឺម៉ក ម៉ូតូកង់បី ម៉ូតូឌុប ដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់នៅបរិវេណច្រកទ្វាអន្តជាតិប៉ោយប៉ែត ។

- មន្ត្រីនគរបាលគ្រប់ច្រកទ្វារព្រំដែនទាំងអស់ (រួមទាំងក្រៅពីច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត) ត្រូវយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋខ្មែរ និងបរទេសដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេស ពលករដែលធ្វើការនៅប្រទេសថៃក្នុងរដូវចូលឆ្នាំខ្មែរខាងមុខឆាប់ៗនេះដោយមិនត្រូវទទួលប្រាក់កាសឡើយ ។

- ត្រូវពង្រឹងការគោរពបទបញ្ជា វិន័យរបស់កងកម្លាំងនគរបាលជាតិ អប់រំសីលធម៌ ឥរិយាបថ និង អកប្ប-កិរិយា បំពេញការងាររបស់មន្ត្រី យកចិត្តទុកដាក់លើមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន និង ធ្វើការដាក់វិន័យយ៉ាងតឹងរឹងបំផុត ចំពោះមន្ត្រីដែលបានប្រព្រឹត្តខុសឆ្គង។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង ជួយចូលរួមផ្តល់យោបល់ក្នុងន័យស្ថាបនា ដើម្បីផ្តល់ឱកាសឲ្យមន្ត្រីនគរបាលយើងកែលម្អរសកម្មភាពការងារក្នុងការផ្តល់សេវាដល់ពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ៕

website_news/2019110304.txt · Last modified: 2019/03/11 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki