website_news:2019110306

អ្នកស្រី យឹម សុធី៖ ស្ត្រីបម្រើការងារតាមផ្ទះនៅក្រៅប្រទេសបានប្រាក់ខែសមរម្យ តែជួបបញ្ហាច្រើនជាងស្ត្រីបម្រើការងារនៅក្នុងស្រុក

https://thmeythmey.com/ 09, Mar 2019 , 10:59 am

ភ្នំពេញ៖ ស្ត្រីបម្រើការងារតាមផ្ទះនៅក្រៅប្រទេសអាចរកចំណូលបានសមរម្យ តែត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាងស្ត្រីបម្រើការងារតាមផ្ទះនៅក្នុងស្រុកដែរ។ នេះបើតាមប្រធានសមាគមអ្នកបម្រើការងារតាមផ្ទះ។ ស្ត្រីបម្រើការងារតាមផ្ទះនៅក្រៅប្រទេស តែងតែជួបបញ្ហាផ្សេងៗដូចជា ប៉ះទង្គិចបញ្ហាផ្លូវចិត្ត និងរងអំពើហិង្សាពីម្ចាស់ផ្ទះ តាមរយៈការបង្ខំឲ្យធ្វើការលើសពីកម្លាំងកាយ និងប្រឈមគ្រោះថ្នាក់ខ្លាំងជាងស្ត្រីបម្រើការងារនៅក្នុងស្រុក ។

អ្នកស្រី យឹម សុធី ដែលធ្វើការងារទាក់ទងនឹងបញ្ហានេះ បាននិយាយថា មូលហេតុដែលនាំឲ្យស្ត្រីបម្រើការងារទាំងនោះប្រឈមនឹងបញ្ហា ដោយសារតែពួកគេមិនទាន់ទទួលបានសេវាការពារសុវត្ថិភាពឲ្យបានទូលំទូលាយនៅឡើយ ដែលផ្ទុយពីស្ត្រីបម្រើការងារនៅក្នុងស្រុក ដែលអាចទទួលបានសេវាណែនាំ និងការពារពីសមាគមអ្នកបម្រើការងារតាមផ្ទះ ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានសមាគមអ្នកបម្រើការងារតាមផ្ទះរូបនេះ បាននិយាយដូច្នេះថា៖«បញ្ហាដែលស្ត្រីបម្រើការងារតាមផ្ទះនៅក្រៅប្រទេសជួបប្រទះជាញឹកញាប់នោះ គឺការចាញ់បោកមេខ្យល់ និងតែងតែត្រូវបានម្ចាស់ផ្ទះដកហូតលិខិតឆ្លងដែនរបស់ពួកគេ ដោយជាហេតុធ្វើឲ្យពួកគេមិនអាចត្រឡប់មកប្រទេសខ្លួនឯងវិញបានឡើយ។ ចំណែកឯស្ត្រីដែលបម្រើការងារក្នុងស្រុក ទោះបីពួកគេជួបបញ្ហាផ្សេងៗនោះក៏ ពួកគាត់អាចទៅប្តីអាជ្ញាធរដើម្បីដោះស្រាយបញ្ហានេះ»។ ត្រង់ចំណុចនេះអ្នកស្រី យឹម សុធី ចង់ឲ្យស្ត្រីគួរតែគិតឲ្យបានម៉ត់ចត់ មុននឹងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដ្បិតវាទទួលបានប្រាក់ខែសមរម្យជាងក្នុងស្រុកក្តី។ «ដើម្បីធានាបានសុវត្ថិភាព ស្ត្រីគួរណាស់តែបម្រើការងារនៅក្នុងស្រុក។ ប្រសិនបើពួកគេខិតខំធ្វើការ ស្មោះត្រង់ទៀតណាស់ ច្បាស់ណាស់ម្ចាស់ផ្ទះនឹងអាចដំឡើងប្រាក់ឲ្យកាន់តែខ្ពស់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេផងដែរ»។ នេះជាការបញ្ជាក់របស់អ្នកស្រី សុធី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ៨៤៨៩នាក់ ដែលក្នុងនោះក៏មានស្ត្រីបម្រើការងារតាមផ្ទះ ជាពិសេសពលករ-ពលការិនី ដែលរងគ្រោះពីការរំលោភបំពាននៅបរទេស ឲ្យបានធ្វើមាតុភូមិនិវត្តវិញ។ នេះបើតាមរបាយការណ៍ក្រសួងការបរទេស នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។ កន្លងមករដ្ឋាភិបាល ក៏បានជួយដោះស្រាយបញ្ហាពលករទៅធ្វើការនៅក្រៅប្រទេស ដោយស្នើឲ្យម្ចាស់ប្រទេសសាមី អនុវត្តច្បាប់ការពារនិងគោរពសិទ្ធិពលករខ្មែរឲ្យបានត្រឹមត្រូវដែរប៉ុន្តែការរំលោភបំពានសិទ្ធិការងារលើពលករនេះ នៅតែកើតមាន។

ទាក់ទងនឹងបញ្ហាស្ត្រីបម្រើការងារនៅតាមផ្ទះនេះ រដ្ឋាភិបាលក៏កំពុងរកដំណោះស្រាយសម្រាប់ពួកគេផងដែរ។ ដ្បិតមិនទាន់ចែងច្បាប់កំណត់ក្តី តែសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យម្ចាស់ផ្ទះទាំងអស់ គោរពសិទ្ធិការងារនិងមានការយោគយល់ដល់ស្ត្រីបម្រើការងារតាមផ្ទះ ដើម្បីលុបំបាត់វប្បធម៌រើសអើង និងការរំលោភសិទ្ធិការងារនៅក្នុងសង្គម។ ជាពិសេសម្ចាស់ផ្ទះ ត្រូវផ្ដល់ប្រាក់បៀវត្សឲ្យបានខ្ពស់ដល់ពួកគេ ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ ហើយអាចរស់នៅក្នុងជីវភាពសមរម្យ ។ ស្ត្រីដែលបម្រើការងារតាមផ្ទះទូទាំងរាជធានី-ខេត្ត មានជាង២៥ម៉ឺននាក់ ស្ត្រីទាំងនោះធ្វើការជា ស្ត្រីមើលថែកូន បោសសំអាតផ្ទះ បោកសំលៀកបំពាក់ ធ្វើម្ហូប លាងចានជាដើម។ ខេត្តដែលមានស្ត្រីបម្រើការងារតាមផ្ទះច្រើនជាងគេ គឺខេត្តពោធិ៍សាត់ កំពង់ធំ និងក្រចេះ ហើយពួកគេមានអាយុចាប់ពី១៨ឆ្នាំ ដល់៥០ឆ្នាំ។ ស្ត្រីមួយចំនួនទៀត ក៏បានចំណាកស្រុកទៅក្រៅប្រទេសធ្វើការជាអ្នកបម្រើតាមផ្ទះផងដែរ។ នេះបើតាមរបាយការណ៍៕

website_news/2019110306.txt · Last modified: 2019/03/11 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki