website_news:2019110312

របាយការណ៍៖ ស្ត្រីជាង៦០ម៉ឺននាក់ ត្រូវបានជួញដូរខុសច្បាប់តាមព្រំដែនអន្តរជាតិរៀងរាល់ឆ្នាំ

https://thmeythmey.com/ 09, Mar 2019 , 8:39 pm

របាយការណ៍របស់អង្គការសហប្រជាជាតិ និងក្រសួងការបរទេសអាមេរិក បានព្រមានថា ចំនួនជនរងគ្រោះដោយសារតែអសន្តិសុខនៅក្នុងប្រទេសលើពិភពលោក ហើយត្រូវបានគេជួញដូរខុសច្បាប់តាមព្រំដែនជាសកលមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ របាយការណ៍ បានរកឃើញផងដែរថា ជនរងគ្រោះភាគច្រើន គឺជាស្ត្រីតែម្តង។

តាមរបាយការណ៍ ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០១៨ របស់ក្រសួងការបរទេសអាមេរិក ដែលទើបតែចេញផ្សាយនាពេលថ្មីៗនេះ មានមនុស្សចន្លោះពី ៦០ម៉ឺននាក់ ទៅ ៨០ ម៉ឺននាក់ ត្រូវបានគេជួញដូរតាមច្រកព្រំដែនអន្តរជាតិជារៀងរាល់ឆ្នាំ ដែលក្នុងចំណោមជនរងគ្រោះទាំងនោះ មាន៨០ភាគរយគឺជាស្ត្រីភេទ។ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកដដែលនោះ ក៏បានរកឃើញផងដែរថា គ្រាន់តែនៅសហរដ្ឋអាមេរិក យ៉ាងហោចណាស់ មានមនុស្សប្រមាណ ១៧.០០០នាក់ ត្រូវបានជួញដូររៀងរាល់ ដែលជាចំនួន បានបង្កើតជាក្តីបារម្ភធំមួយសម្រាប់រដ្ឋាភិបាលអាមេរិកផងដែរ។

ស្របជាមួយនឹងរបាយការណ៍របស់អាមេរិក ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិលើបញ្ហាគ្រឿងញៀន និងបទល្មើស (UNODC ) ក៏បានធ្វើការស្ទង់មតិ និងរកឃើញផងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីនៃការជួញដូរមនុស្សមានការកើនឡើង ហើយកត្តាចម្បងនៃបញ្ហានេះជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសរបស់ពួកគេ។ របាយការណ៍ UNODC បានគូសបញ្ជាក់ថា ខណៈដែលករណីជនរងគ្រោះ ដែលភាគច្រើនជាស្ត្រី ត្រូវបានជួញដូរផ្លូវភេទនៅក្នុងបណ្តាប្រទេសជាច្រើនរបស់ពិភពលោក ការផ្តន្ទាទោស បែរជានៅក្នុងកម្រិតទាប ជាពិសេសនៅក្នុងតំបន់ប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិក៕

website_news/2019110312.txt · Last modified: 2019/03/11 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki