website_news:2019110401

FBI និងប៉ូលិសកម្ពុជាចុះកិច្ចព្រមព្រៀងសហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន

https://khmer.voanews.com/ 11 មេសា 2019 ម៉ែន គឹមសេង

ដោយមានកិច្ចសហប្រតិបត្តិការនិងការផ្តល់ព័ត៌មានពី FBI ក្នុងពេលកន្លងមកប៉ូលិសកម្ពុជាបានចាប់ខ្លួនជនល្មើស ដែលរត់គេចចេញពីសហរដ្ឋអាមេរិកទៅពួននៅកម្ពុជា និងបានសហការបង្ក្រាបករណីឧក្រិដ្ឋជាច្រើន ដូចជាទេសចរអាមេរិកទៅស្វែងរកសេវាផ្លូវភេទជាមួយនឹងអនីតិជននៅកម្ពុជាជាដើម។

វ៉ាស៊ីនតោន៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកបានបោះជំហានមួយទៀត ក្នុងការពង្រឹងប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមរយៈការចុះកិច្ចព្រមព្រៀងមួយជាមួយនឹងអាជ្ញាធរប៉ូលិសកម្ពុជា។

ការចុះហត្ថលេខាលើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការបានធ្វើឡើងរវាងលោក Christopher Wray នាយកការិយាល័យ FBI លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្រសួង មហាផ្ទៃ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីប៉ូលិសកម្ពុជា និង FBI។

លោកស្រី Kelsey Pietranton អ្នកនាំពាក្យ FBI បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិកត្រូនិក កាលពីថ្ងៃអង្គារថា FBI មានមោទនភាពដែលបានធ្វើទំនាក់ទំនងការងារជាមួយនឹងអាជ្ញាធរប៉ូលិសកម្ពុជា។ លោកស្រី Pietranton បានបន្ថែមថា៖ «អនុស្សារណៈស្តីពីការយោគយល់គ្នារវាង FBI ប៉ូលិសជាតិកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចងក្រងបាននូវកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់របស់យើងលើបញ្ហាជាច្រើន ក្នុងនោះមានឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ បទល្មើសបច្ចេកវិទ្យា ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការចាប់ខ្លួនជនរត់គេចពីសំណាញ់ច្បាប់ ហើយអនុស្សារណៈនេះក៏ពង្រឹងបន្ថែមការប្តេជ្ញាចិត្តរបស់ FBI ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការការពារសិទ្ធិមនុស្ស‍»។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានបញ្ជាក់ប្រាប់ VOA ថា៖ «ការចុះហត្ថលេខានេះបង្ហាញថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងកម្ពុជាគឺនៅតែបន្ត ហើយថែមទាំងមានការស្អិតរមួត ឬក៏ខិតជិតគ្នាកាន់តែខ្លាំងថែមទៀត ជាពិសេសនៅក្នុងវិស័យអនុវត្តច្បាប់របស់ប្រទេសទាំងពីរហ្នឹងហើយដែលយើងនិយាយថា តាមរយៈនៃការចុះហត្ថលេខាលើអនុស្សារណៈហ្នឹង វានឹងនាំឱ្យយើងសហប្រតិបត្តិការដើម្បីបង្កាទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដើម្បីសន្តិសុខសុវត្ថិភាពប្រទេសយើងទាំងពីរ ហើយវានឹងការពារផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាប្រទេសទាំងពីរដែរ‍»។

លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត ជំនួយការលោក នេត សាវឿន និងជាអនុប្រធានសេនាធិការប៉ូលិសកម្ពុជា ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាបានបញ្ជាក់ប្រាប់ VOA ថា នេះគឺជាអនុស្សារណៈទី១ ដែលសហរដ្ឋអាមេរិកបានចុះជាមួយនឹងប្រទេសនានា ដោយចាប់ផ្តើមពីប្រទេសកម្ពុជាមុនគេ ដើម្បីបង្កើតក្រុមការងារសម្រាប់ធ្វើប្រតិបត្តិការ ព្រោះក្នុងពេលកន្លងមកគឺមានត្រឹមតែអនុស្សារណៈនៃការយោគយល់ស្តីពីការជួយគ្នាទៅវិញទៅមក ដែលមានជាលក្ខណៈមួយទូលំទូលាយគឺអត់មានលក្ខណៈពិស្តារជាប្រតិបត្តិការទេ‍‍។ លោកបានបន្ថែមថា៖ «តាមប្រសាសន៍របស់ការិយាល័យរបស់ឯកឧត្តមប្រធាន FBI គាត់បានបញ្ជាក់ថាMOU នេះគឺជា MOU លើកទី១ ដែល FBI ចុះជាមួយប្រទេសបរទេសដើម្បីបង្កើតក្រុមការងារប្រតិបត្តិការការងារតែម្តង។ អីចឹងគឺគេយកប្រទេសកម្ពុជាយើងជាប្រទេសមួយគំរូសម្រាប់ដល់ប្រទេសដទៃទៀត ដើម្បីអនុវត្តនាពេលខាងមុខផងដែរ»។

បច្ចុប្បន្នការិយាល័យអនុព័ន្ធផ្នែកច្បាប់របស់ FBI នៅទីក្រុងភ្នំពេញ ធ្វើសកម្មភាពខាងផ្នែកសម្របសម្រួលការស៊ើបអង្កេតជាអន្ដរជាតិជាមួយសហការី តាមដានរកមើលមុខសញ្ញាអន្ដរជាតិ ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់នៅក្នុងគេហទំព័រស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ។ ការិយាល័យអនុព័ន្ធនេះក៏ធ្វើការភ្ជាប់គ្នារវាងលើផ្នែកភេរវកម្ម និងឧក្រិដ្ឋកម្មសំខាន់ៗ ដើម្បីធានាសុវត្ថិភាពដល់សាធារណៈជនអាមេរិកាំងនៅទីនោះ និងនៅបរទេសដោយធ្វើសកម្មភាពរួមគ្នា និងការចែករំលែកព័ត៌មានគ្នា ក៏ដូចជាសម្របសម្រួលវគ្គបណ្ដុះបណ្ដាល របស់ FBI ចំពោះនគរបាលនៅតាមតំបន់ ដែលមានរាប់តាំងពីការប្រឆាំងភេរវកម្ម និងបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធឺណិត រហូតដល់បច្ចេកទេសធ្វើកោសល្យវិច័យ ការជួញដូរមនុស្សនិងសិទ្ធិមនុស្សជាដើម។

ដោយមានកិច្ចសហប្រតិបត្តិការនិងការផ្តល់ព័ត៌មានពី FBI ក្នុងពេលកន្លងមកប៉ូលិសកម្ពុជាបានចាប់ខ្លួនជនល្មើស ដែលរត់គេចចេញពីសហរដ្ឋអាមេរិកទៅពួននៅកម្ពុជា និងបានសហការបង្ក្រាបករណីឧក្រិដ្ឋជាច្រើន ដូចជាទេសចរអាមេរិកទៅស្វែងរកសេវាផ្លូវភេទជាមួយនឹងអនីតិជននៅកម្ពុជាជាដើម។ នេះបើតាមសេចក្តីរាយការណ៍នានារបស់ FBI។

សហរដ្ឋអាមេរិកក៏បានវាយតម្លៃដែរថា ប្រទេសកម្ពុជាគឺជាប្រភព ជាកន្លែងឆ្លងកាត់និងជាប្រទេសគោលដៅនៃថ្នាំញៀនខុសច្បាប់ផងដែរ។ មានជនបរទេសជាច្រើនក្នុងនោះមានពលរដ្ឋអាមេរិកាំងកំពុងជាប់ពន្ធនាគារនៅកម្ពុជាពាក់ព័ន្ធនឹងគ្រឿងញៀន។

លោកគៀត ច័ន្ទថារិទ្ធ បានបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការកន្លងមកលើផ្នែកអន្តោប្រវេសន៍បានបានល្អផងដែរ៖ «ពីមុនមកទល់ពេលនេះទាំងអគ្គស្នងការនគរបាលជាតិ ទាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺយើងបានសហការគ្នាល្អជាមួយស្ថាប័នមានសមត្ថកិច្ចអនុវត្តច្បាប់របស់ប្រទេសអាមេរិក ជាពិសេសតំណាងប្រចាំនៅស្ថាន ទូត។ យើងបានធ្វើកិច្ចការច្រើនសហការគ្នាទៅវិញទៅមក ហើយផ្តើមបានពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមកហ្នឹង ហើយនាំឱ្យសហរដ្ឋអាមេរិកមើលឃើញថា ការបង្កើតឡើងនូវអនុស្សារណៈហ្នឹង វានឹងកាន់តែធ្វើឱ្យកិច្ចសហប្រតិបត្តិការវាមានប្រសិទ្ធភាពថែមទៀត អីចឹងហើយបានជាគាត់ផ្តើមស្នើឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈហ្នឹង‍»។ ប្រតិភូប៉ូលិសកម្ពុជាក៏បានជួបគ្នាពិភាក្សាការងារជាមួយនឹងនាយកដ្ឋានប្រតិបត្តិការអន្តរជាតិរបស់ FBI និងនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីពិភាក្សាពីបទល្មើសផ្លូវភេទលើកុមារនិងក្រុមជនពាល ដែលជាការរៀនសូត្រនិងផ្លាស់ប្តូរយោបល់គ្នាពីស្ថានភាពប្រទេសរៀងៗខ្លួន។

លោក ពៅ សាលីដេត បានបន្ថែមទៀតថា៖ «ឯកឧត្តមអគ្គស្នងការក៏គាត់គិតថា ដំណើរទស្សនកិច្ចនេះល្អដោយសារទាំងស្ថាប័ន FBI គាត់បានបដិសណ្ឋាកិច្ចយ៉ាងល្អផងដែរ។ យើងក៏បានជួបមិនត្រឹមតែនាយក FBI ទេគឺយើងបានធ្វើការជាមួយខាងព្រហ្មទណ្ឌ ខាងប្រតិបត្តិការអន្តរជាតិផងដែរ។ អីចឹងជាសរុបរួមមក គាត់បានពេញចិត្តជាមួយនឹងដំណើរទស្សនកិច្ចនេះ‍»។

កិច្ចព្រមព្រៀងថ្មីនេះក៏នឹងបញ្ចូលការហ្វឹកហ្វឺនជំនាញបន្ថែម និងការគំាទ្រផ្នែកបច្ចេកទេសដល់ភាគីកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកគៀត ច័ន្ទថារិទ្ធ៕

website_news/2019110401.txt · Last modified: 2019/04/12 13:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki