website_news:2019110402

ពលករខ្មែរធ្វើការនៅថៃសម្រុកត្រឡប់ទៅលែងបុណ្យចូលឆ្នាំ ខណៈសមត្ថកិច្ចច្រកព្រំដែនបន្តយកលុយក្រៅផ្លូវការ

https://www.rfa.org/khmer/ ដោយ មាន ឫទ្ធិ 2019-04-10

ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់ពាន់នាក់បន្តដណ្ដើមគ្នាសម្រុកឆ្លងដែននៅតាមច្រកព្រំដែនអន្តរជាតិ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីត្រឡប់ទៅឱ្យទាន់លេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ទន្ទឹមគ្នានេះពលករត្អូញត្អែរថា ប៉ូលិសខ្មែរនិងថៃប្រចាំច្រកព្រំដែននៅតែបន្តយកលុយក្រៅផ្លូវការពីពួកគាត់ ដើម្បីជាថ្នូរបើកឱ្យឆ្លងដែនទៅលេងស្រុកកំណើត។

ពលករខ្មែររស់នៅខេត្តព្រៃវែង លោក ព្រឹល ចាន្នី ថ្លែងប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១០ មេសាថា លោកធ្វើការរោងចក្រកាត់ដេរនៅខេត្តសាមុត្រប្រាកាន (Samut Prakan) ជាប់ទៅក្រុងបាងកក ដោយបានធ្វើដំណើរចេញពីកន្លែងធ្វើការនៅម៉ោង១២ យប់ ហើយមកដល់ព្រំដែនម៉ោង ៧ព្រឹកថ្ងៃទី១០ មេសា។ ពលកររូបនេះបន្តថា នៅពេលដល់ច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង គឺមានពលករខ្មែររាប់ពាន់នាក់ ដែលសមត្ថកិច្ចថៃឱ្យឈរតម្រង់ជួរយ៉ាងណែនណាន់តាន់តាប់នៅខាងទឹកដីថៃ ដើម្បីរង់ចាំឆ្លងដែន។ លោកអះអាងថា នៅពេលឆ្លងដែនសមត្ថកិច្ចថៃតម្រូវពួកគាត់បង់ប្រាក់ម្នាក់ ២០០បាត ឬស្មើជាងជាង ៦ដុល្លារអាមេរិក ដើម្បីជាថ្នូរបានឆ្លងដែនទៅកម្ពុជា ចំណែកឯប៉ូលិសខ្មែរវិញនៅព្រឹកថ្ងៃដដែលនេះ ពុំតម្រូវឱ្យពួកគាត់បង់ប្រាក់ដូចថ្ងៃមុននោះទេ៖ «ពេលយើងតម្រង់ជួរ ហើយគេឱ្យត្រៀមលុយម្នាក់ ២០០បាតសម្រាប់ឱ្យសមត្ថកិច្ចថៃ។ ខ្ញុំចង់អោយសមត្ថកិច្ចព្រំដែនទាំងខ្មែរ និងថៃសុំឱ្យធ្វើបានសេចក្ដីប្រកាសរបស់ក្រសួងការងារថៃ ដល់ពេលមកដល់ គេយកលុយអ៊ីចឹង គឺធ្វើឱ្យពលករមិនសប្បាយចិត្តទេ ព្រោះយើងធ្វើការមួយថ្ងៃបានតែ ៣០០បាត ដល់ពេលយកអស់ ២០០នៅសល់តែ ១០០បាត អស់បាត់ហើយ ណាមួយមកលេងស្រុកមួយឆ្នាំម្ដង មិនសូវមានលុយផង វាកាន់តែខើចលុយថែមទៀត»។ លោកបន្តថា ពលករបានត្អូញត្អែរស្ទើរគ្រប់គ្នាអំពីការយកបង់ប្រាក់ដោយប៉ូលិសថៃនោះ ព្រោះជាការអនុវត្តផ្ទុយពីសេចក្ដីប្រកាសរបស់ក្រសួងការងារថៃ ហើយពួកគាត់ទទូចអោយសមត្ថកិច្ចខ្មែរធ្វើយ៉ាងណាទំនាក់ទំនងខាងភាគីថៃជួយសម្រួលអោយពួកគាត់បានឆ្លងដែនដោយមិនបាច់បង់ប្រាក់ដូចសព្វថ្ងៃទៀត។ ចំណែកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឯណោះវិញ ក៏មានពលកររាប់ពាន់នាក់ប្រជ្រៀតគ្នាឆ្លងដែនទៅលេងស្រុកកំណើតបែបនេះដែរ។

ពលករម្នាក់រស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ឈិត ស៊ីណាល់ រៀបរាប់ឱ្យដឹងថា ពលករខ្មែររាប់ពាន់នាក់រង់ចាំប្រថាប់ត្រាលិខិតឆ្លងដែននៅខាងទឹកដីថៃច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោកអះអាងថានៅច្រកមួយនេះ ប៉ូលិសថៃមិនយកលុយទេ។ ក៏ប៉ុន្តែបានដាក់ជម្រើស ២ ឱ្យពលករ ដោយអ្នកតម្រង់ជួរធម្មតាឆ្លងដែនដោយមិនបាច់បង់ប្រាក់តែត្រូវចំណាយពេលយូរ និងជម្រើសទី២ គឺសេវាឆាប់រហ័ស ត្រូវបង់ប្រាក់ ម្នាក់ ៣០០បាត ឬប្រហែល ១០ដុល្លារអាមេរិក។ ទោះជាយ៉ាងណាពលកររូបនេះបញ្ជាក់ថា សេវាទាំង២ នេះ គឺគ្រាន់តែល្បិចយកប្រាក់ស្របច្បាប់ ក៏ប៉ុន្តែទម្រាំតែបានឆ្លងដែនត្រូវរង់ចាំរយៈពេលមិនខុសគ្នានោះទេ៖ «ឈរចាំយូរបង ដូចថាមានទាំងលិខិតឆ្លងដែននិងអ្នកមានឯកសារធ្វើការរយៈពេលខ្លី ហើយជនជាតិថៃក៏ចូលមកលែងកាស៊ីណូនៅប៉ោយប៉ែតច្រើនដែរ តែចំពោះជនជាតិថៃគេសម្រួលផ្លូវអោយចូលស្រួលជាងពលករខ្មែរ។ហើយព្រឹកមិញមានកើតខ្យល់បួនដប់ម្ភៃនាក់ដែរ ដោយសារមនុស្សច្រើនឈរប្រជ្រៀតគ្នាហើយអាកាសធាតុក្ដៅហប់»។

ចំណែកពលករម្នាក់ទៀតរស់នៅខេត្តកំពង់ចាម លោក កែវ សុវាចា ថ្លែងថាលោកឆ្លងដែនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី១០ មេសា គឺចំណាយអស់ថវិកា ៤០០បាត ឬប្រហែល ១៣ដុល្លារអាមេរិក ក្នុងនោះបង់ឱ្យខាងប៉ូលិសថៃ ៣០០បាត និងប៉ូលិសខ្មែរ ១០០បាត ដើម្បីជាថ្នូរប្រថាប់ត្រាលើលិខិតឆ្លងដែនបានត្រឡប់ទៅលេងស្រុកកំណើត៖ ៖ «ខ្ញុំគិតថា គ្រាន់តែចំណាយឈររយៈពេល១ម៉ោងវាមិនមានបញ្ហាអីទេ ហើយដោយហេតុតែចង់លឿនសុខចិត្តចំណាយលុយ៣០០បាត គឺប្រហែលតែអ្នកចូលធម្មតាដែរ។តែបើថាដូចអ្នកណាមានខ្សែនៅច្រកព្រំដែនអីទៅគេបានរហ័ស ហើយខ្លះដើរប្រជ្រៀតគេឯងមិនខ្លាចនរណាទេ»។

ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន្តច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ជុំ សារ៉េត មានប្រសាសន៍ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកមិនបានដឹងជុំវិញបញ្ហាការយកប្រាក់ក្រៅផ្លូវការពីពលករម្នាក់១០០បាតនេះទេ៖ «ខ្ញុំមិនដឹងទេរឿងកិច្ចការនឹងខ្ញុំដូចជាមិនយល់ពីការងារនឹងទេ។ ខ្ញុំកំពុងរវល់តិចបងសុំទោស»។

ទោះជាយ៉ាងណា ពលករទាំង ៣នាក់អះអាងថា នៅពេលធ្វើដំណើរតាមឡានឈ្នួល គឺពលករត្អូញត្អែរខឹងសម្បានឹងសមត្ថកិច្ចច្រកព្រំដែនយកប្រាក់ក្រៅផ្លូវពីពួកគាត់ ខុសពីការណែនាំរបស់ស្ថានទូតខ្មែរនៅទីក្រុងបាងកក ដែលប្រកាសមិនយកប្រាក់ធ្វើទិដ្ឋាការពីពលករចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ មេសានោះ។

មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស(CENTRAL) លោក ឌី ថេហូយ៉ា ថ្លែងថា នៅតាមច្រកព្រំដែន ជាពិសេស ច្រកធំៗ ដូចជា ច្រកដូង ប៉ោយប៉ែត ច្រកភ្នំដី ក្នុងស្រុកសំពៅលូន និងច្រកអន្តរជាតិព្រំខេត្តប៉ៃលិនជាដើម ជាកន្លែងដែលពលករខ្មែរឆ្លងដែនមកលេងស្រុកកំណើតរាប់ពាន់នាក់ក្នុងមួយថ្ងៃ។ លោកចាត់ទុកការយកប្រាក់ក្រៅផ្លូវការនេះថា ជាឱកាសនិយមរបស់សមត្ថកិច្ច និងការប្រព្រឹត្តអំពើពុករលួយកេងចំណេញពីពលករដោយខុសច្បាប់៖ «ហើយលុយនឹងសួរថា ជាលុយផ្លូវការសម្រាប់យកមកដើម្បីជាចំណូលថវិកាជាតិ ឬវាយ៉ាងម៉េច? បើសិនជាលុយនោះជាចំណូលជាតិ ហើយមានតម្លាភាពក្នុងការចាត់ចែងថវិកា ខ្ញុំគិតថា វាមិនច្រើនទេសម្រាប់លុយ៣០០បាត។ ប៉ុន្តែយកទៅមិនមែនជាការបង់ពន្ធចូលរដ្ឋអីទេ ខ្ញុំគិតថា វាជាអំពើពុករលួយមួយខ្លាំងណាស់ក្នុងការគាបសង្កត់យកលុយពីប្រជាពលរដ្ឋនោះ»។

អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គការភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការយកលុយពលករនេះបានទេ នៅរសៀលថ្ងៃទី១០ មេសា ដោយទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។ ប៉ុន្តែកន្លែងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានបញ្ជាទៅច្រកព្រំដែនទាំងអស់ត្រូវលុបបំបាត់អំពើពុករលួយអស់បានជាដាច់ខាត ហើយបានព្រមានចាត់វិធានការមន្ត្រីទាំងនោះតាមផ្លូវច្បាប់ទៀតផង។ ក៏ប៉ុន្តែអំពើពុករលួយនៅតែកើតមានតាមច្រកព្រំដែនដដែល ដោយពុំមានអាជ្ញាធរមានវិធានការទៅលើមន្ត្រីទាំងនោះឡើយទេ។ គេរំពឹងថា ពលករខ្មែរនឹងបន្តឆ្លងដែនយ៉ាងច្រើនកកកុញនៅតាមព្រំដែនសំខាន់ៗ រហូតដល់ថ្ងៃទី១៣ មេសា។ ពលករឱ្យដឹងថា នៅច្រកព្រំដែនប៉ោយប៉ែត មានពលករក្នុងមួយថ្ងៃរាប់ពាន់នាក់ឆ្លងដែនទៅលេងបុណ្យចូលឆ្នាំខ្មែរ។ ចំណែកនៅច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀងវិញ ប៉ូលិសច្រកមួយនេះអះអាងថា ពលករសម្រុកឆ្លងដែនចាប់ពីថ្ងៃទី៧ មេសាមក មានប្រមាណពី ៥ពាន់ទៅ ៦ពាន់នាក់ក្នុងមួយថ្ងៃ ហើយពលករនឹងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញយ៉ាងណែនណាន់តាន់តាប់ បន្ទាប់ពីបុណ្យចូលឆ្នាំរួច ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ មេសា៕

website_news/2019110402.txt · Last modified: 2019/04/12 13:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki