website_news:2019110405

មានការលើកឡើងពីការបង់សេវា VIP ដើម្បីឆ្លងច្រកព្រំដែនបានលឿន

https://www.postkhmer.com/ ខន សាវិ | Publication date 11 April 2019 | 08:47 ICT

បន្ទាយមានជ័យៈ ពលករខ្មែរមួយចំនួនដែលបានចាកចេញពីប្រទេសថៃ មកស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំថ្មីត្រូវចំណាយប្រាក់ ៣៥០ បាត ប្រមាណ ៤ ម៉ឺនរៀលទិញសេវា VIP ដើម្បីទទួលបានសិទ្ធិអាទិភាពលឿនបំពេញឯកសារលើលិខិតឆ្លងដែនចូលមកស្រុកខ្មែរតាមច្រកអន្តរជាតិប៉ោយប៉ែត ដែលអ្នកវិភាគបានចាត់ទុកថា ជាអំពើពុករលួយ។

លោក រឿន សារ៉េត អាយុ ២៦ ឆ្នាំពលករខ្មែរធ្វើការសំណង់អស់ពេល ៧ ឆ្នាំម្នាក់នៅក្នុងប្រទេស ថៃ ហើយបានឆ្លងកាត់ច្រកទ្វារប៉ោយប៉ែតចូលមកកម្ពុជាកាលពីថ្ងៃទី ៣ ខែ មេសា បានអះអាងកាលពីម្សិលមិញថា ពលករជាច្រើនបានតម្រង់ជួររង់ចាំបំពេញឯកសារឆ្លងកាត់ច្រក។ ទន្ទឹមគ្នានោះដែរក៏មានភ្នាក់ងារប្រចាំច្រកដើរសួរ បើពលករណាចង់បានឆ្លងចូលស្រុកឆាប់ត្រូវទិញសេវា VIP។ លោក សារ៉េត ថ្លែងថា៖ «ខ្ញុំនិងពលករជាច្រើនទៀត បានចំណាយលុយអស់ចំនួន ៣៥០ បាត ជាថ្នូរទទួលបានសេវាវីអាយភីក្នុងការបញ្ជាក់និងប្រថាប់ត្រាលើឯកសារនិងលិខិតឆ្លងដែនឱ្យបានលឿន ពីមន្ត្រីប្រចាំច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត ហើយបើមិនទទួលសេវានេះទេ គឺត្រូវចំណាយពេលពី ២ ទៅ ៣ ថ្ងៃឯណោះ »។ លោក សារ៉េត ថ្លែងថា៖ «កាលណាយើងមានលិខិតវីអាយភីហ្នឹង គឺគេអូសដៃយើងទៅវ៉ៃលិខិតឆ្លងដែនមុនអ្នកដែលអត់មានសេវា VIP គេមានភ្នាក់ងារគេច្រើនណាស់ហើយកូនក្រដាស VIP ហ្នឹងមួយសន្លឹក ៣៥០ បាត»។

នារីដែលជាអ្នកលក់ដូរម្នាក់ឈ្មោះ ផេង សុភ័ក្រ ដែលបានធ្វើដំណើរត្រឡប់ពីទិញអីវ៉ាន់នៅក្នុងប្រទេសថៃវិញកាលពីប៉ុន្មានថ្ងៃមុននេះបានអះអាងស្រដៀងគ្នានិងលោក សារ៉េត ថា មានអ្នកស្លៀកពាក់មិនមែនឯក សណ្ឋានប៉ូលិសអង្គុយរង់ចាំនៅច្រកផ្លូវដើរចូលដោយបានស្រែកអំពាវនាវលក់ក្រដាសវីអាយភីដល់ពលករដែលចង់ឆ្លងព្រំដែនលឿន។ នារីលក់ដូររូបនេះ ថ្លែងថា៖ «ពួកគេខ្លះនៅតែតម្រូវឱ្យតម្រង់ជួរជាមួយអ្នកដែលមិនបានទិញក្រដាស VIP ដដែល ហើយត្រូវរង់ចាំជាងកន្លះថ្ងៃទម្រាំតែបានឱ្យមន្ត្រីព្រំដែនខ្មែរបញ្ជាក់លិខិតនិងបោះត្រាលើលិខិតឆ្លងដែន»។

ទោះជាយ៉ាងណា កាលពីថ្ងៃទី ៩ ខែ មីនា នៅលើហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអំពាវនាវនិងបានណែនាំទៅកាន់នាយប៉ុស្ដិ៍ច្រកទ្វារព្រំដែន ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដូចជាការផ្ដល់សេវាបម្រើប្រជាពលរដ្ឋដោយគ្មានការបង់ប្រាក់ជាដើម។ ហ្វេសប៊ុកដដែលនេះបានឲ្យដឹងថា៖ «មន្ត្រីនគរបាលគ្រប់ច្រកទ្វារព្រំដែនទាំងអស់ (រួមទាំងក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត) ត្រូវយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលជាប្រចាំដល់ពលរដ្ឋខ្មែរនិងបរទេស ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសពលករដែលធ្វើការនៅប្រទេសថៃក្នុងរដូវចូលឆ្នាំខ្មែរខាងមុខឆាប់ៗនេះ ដោយមិនត្រូវទទួលប្រាក់កាសឡើយ»។

ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ាន គឹមសឿន អ្នកវិភាគនយោបាយនិងជាអ្នកឃ្លាំមើលព្រឹត្ដិការណ៍សង្គម កាលពីថ្ងៃម្សិលមិញបានដាក់ពាក្យបណ្ដឹងមួយទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំឱ្យមានការបើកការស៊ើបអង្កេតពាក់ព័ន្ធករណីយកលុយពីពលករខ្មែរឆ្លងដែនចេញពីប្រទេសថៃ របស់ក្រុមមន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោក ហ៊ាន គឹមសឿន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា៖ «ខ្ញុំទទួលបានភ័ស្ដុតាងជាខ្សែវីដេអូនិងឯកសារមួយចំនួន ដែលបង្ហាញថា មន្ត្រីនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយកលុយពីពលករដែលវិលត្រឡប់មកលេងស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំ ក្នុងម្នាក់ចំនួន ៣៥០ បាត ឬស្មើប្រហែល ៤ ម៉ឺនរៀល ដើម្បីចំណាយលើថ្លៃការរត់ការនិងប្រថាប់ត្រាលើឯកសារនិងលិខិតឆ្លងដែនឱ្យបានលឿន។ ខ្ញុំប្រមែប្រមូលព័ត៌មាន មិនត្រឹមមន្ត្រីទ្វារហ្នឹងទេ មន្ត្រីណាក៏ខ្ញុំប្ដឹងដែរ»។

លោក ខឹម ចិត្រា ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ព្រោះមិនលើកសារទូរស័ព្ទ។

លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏មិនអាចសុំការបកស្រាយបានដែរ ដោយសារមន្ត្រីឆ្លើយទូរស័ព្ទអះអាងថាជាប់រវល់ប្រជុំ។

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះលោកមិនលើកទូរស័ព្ទ។ ទោះយ៉ាងណាក៏ដោយ មន្ត្រី ACU ម្នាក់ ដែលសុំមិនបង្ហាញអត្ដសញ្ញាណបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំមិនអាចបញ្ជាក់ជុំវិញបណ្ដឹងរបស់លោក ហ៊ាង គឹមសឿន ឡើយ ដោយសារជារឿងសម្ងាត់»។

លោក ស៊ុំ ច័ន្ទគា មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ADHOC ប្រចាំខេត្តបន្ទាយមានជ័យបានអះអាងថា ការណែនាំមិនឱ្យយកលុយពីពលករនេះ គឺពុំមានប្រសិទ្ធភាពឡើយ ព្រោះពលករដែលធ្វើដំណើរចេញពីប្រទេសថៃតាមច្រកទ្វារព្រំដែនដទៃទៀតបានអះអាងដូចៗគ្នាថាមានការយកលុយស្រដៀងគ្នាទៅនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះដែរ។ លោក ច័ន្ទគា បានថ្លែងថា៖ «ខ្ញុំបានបើកវគ្គបណ្ដុះបណ្ដាលអំពីសិទ្ធិអំណាចរបស់ពលរដ្ឋ ហើយខ្ញុំសួរសិក្ខាកាមចូលរួមគាត់ថា យកមែនឆ្លើយព្រមគ្នាទាំង ៤០ នាក់។ គាត់ថាកុំទៅជឿថាអត់យក ព្រោះយកមែនអាខ្លះគេយក ៣០០ (បាត) អាខ្លះយក ១ រយ អីទៅ»៕

website_news/2019110405.txt · Last modified: 2019/04/12 13:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki