website_news:2019110901

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកសន្និសីទ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារប្រទេស CLMTV ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា នៅខេត្តសៀមរាប

https://www.chnchannel.com/article/ អត្ថបទដោយ Kongkea Leuk Last updated ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ 2019

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីអំពីការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារ លើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោយប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV» នៅថ្ងៃទី១៦-១៧ ខែកញ្ញាខាងមុខនេះ នាខេត្តសៀមរាប-អង្គរ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ ដែលទទួលបាននៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។ គោលបំណងដ៏ចំបងរបស់សន្និសីទ គឺដើម្បីពិភាក្សាស្វែងរកក្របខ័ណ្ឌរួមមួយ ពាក់ព័ន្ធនឹងការធ្វើចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV ដូចជា៖

•លើកកម្ពស់បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក្នុងប្រទេស CLMTV។

•ជំរុញឲ្យមានការបន្តការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងចំណោមប្រទេស CLMTV ពាក់ព័ន្ធនឹងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ជាពិសេសចល័តភាព នៃរបបសន្តិសុខសង្គម។

•ពិភាក្សាឲ្យមានការឯកភាពគ្នាលើយន្តការរួមមួយ ដើម្បីឈានទៅកំណត់អំពីការអនុវត្តចល័តភាព នៃរបបសន្តិសុខសង្គមនាពេលអនាគត។

•ធ្វើការឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមមួយ សម្រាប់ប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍៕

website_news/2019110901.txt · Last modified: 2019/09/11 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki