website_news:2019110903

កម្ពុជាទទួលបានការវាយតម្លៃល្អជាងគេ លើការផ្តល់សេវាបញ្ជូនពលករទៅធ្វើការនៅកូរ៉េ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 11 September 2019 | 09:30 ICT

ភ្នំពេញៈ កម្ពុជាទទួលបានការវាយតម្លៃល្អជាងគេបើប្រៀបធៀបជាមួយបណ្តាប្រទេសចំនួន ១៥ ផ្សេងទៀតដែលបញ្ជូនពលករឲ្យទៅធ្វើការនៅកូរ៉េលើការផ្តល់សេវាស្វែងរកទីផ្សារការងារនៅប្រទេសនេះ ដែលការវាយតម្លៃល្អនេះ ខណៈដែលកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅកូរ៉េប្រមាណជាង ៥ ម៉ឺន ៤ ពាន់នាក់គិតចាប់ពីឆ្នាំ ២០១៧។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៥ នៃសន្និសីទ EPS នៅសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីតំណាងភ្នាក់ងារបញ្ជូនពលករទៅធ្វើការនៅប្រទេសនេះទាំង ១៦ ប្រទេសកាលពីថ្ងៃចន្ទ ខណៈលទ្ធផលនេះត្រូវបានវាយតម្លៃដោយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ (HRD KOREA)។

លោក ហេង សួរ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ជារៀងរាល់ឆ្នាំអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងការងារកូរ៉េតែងតែមានកិច្ចប្រជុំមួយជាមួយប្រទេសទាំង ១៦ ដែលជាប្រទេសទទួលបានការអនុញ្ញាតឲ្យបញ្ជូនពលករមកធ្វើការនៅប្រទេសកូរ៉េដើម្បីធ្វើការវាយតម្លៃពីការបញ្ចូន និងការផ្តល់សេវាគាំទ្រផ្សេងៗក្នុងអំឡុងពេលនាំពលករមកប្រទេសនេះ។ HRD KOREA បានពិនិត្យ និងវាយតម្លៃផ្តល់ពិន្ទុល្អដល់ប្រទេសកម្ពុជាចំនួន ៨ ចំណុចដូចជា នីតិវិធីនៃការបញ្ជូនពលករមានរយៈពេលតិច និងចំណាយទាបជាងបណ្តាប្រទេសផ្សេងទៀត មិនសូវមានពលករផ្លាស់ប្តូរថៅកែក្នុងរយៈពេល ៣ ខែដំបូង ខណៈពលកររស់នៅខុសច្បាប់ក្នុងប្រទេសនេះមានចំនួនតិចជាងមធ្យមភាគ។ បន្ថែមពីនេះកម្ពុជាក៏មានប្រព័ន្ធប្រឡងធ្វើតេស្តសមត្ថភាពភាសាកូរ៉េតាមកុំព្យូទ័រធំជាងគេ និងមានសេវាអមពលកររហូតដល់និយោជកមកទទួលបានយ៉ាងល្អរួមទាំងសេវាថែទាំផ្ទះស្នាក់នៅបណ្តោះអាសន្នមានលក្ខណៈល្អជាងគេ ហើយក៏មានការបង្កើតកម្មវិធីប្រពៃណីនានា។ ក្នុងនោះចំពោះអត្រាជោគជ័យក្នុងជីវិតខ្ពស់ក្នុងចំណោមពលករដែលចប់កិច្ចសន្យាការងារ ហើយវិលត្រឡប់ទៅដល់កម្ពុជាវិញក៏មានលក្ខណៈល្អប្រសើរជាងគេផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារ។

លោក ហេង សួរ រំពឹងថា ការវាយតម្លៃនេះអាចនឹងជួយឲ្យកម្ពុជាទទួលបានកូតានាំពលករទៅធ្វើការនៅប្រទេសកូរ៉េបានកាន់តែច្រើនថែមទៀត។ លោកបានបញ្ជាក់ថា៖ «ស្របពេលដែលកាន់តែមានប្រទេសជាច្រើនបានបញ្ជូនពលរដ្ឋទៅប្រទេសកូរ៉េ ដូច្នេះការវាយតម្លៃពីលក្ខណៈល្អប្រសើររបស់កម្ពុជានេះ គឺជាកត្តាល្អមួយដែលនាំឲ្យកម្ពុជាទទួលបានការរក្សា និងបន្ថែមកូតាក្នុងការបញ្ជូនពលរដ្ឋរបស់ខ្លួនទៅប្រទេសនេះ»។ បើតាមក្រសួងការងារគិតចាប់ពីឆ្នាំ ២០១៧ បន្ទាប់ពីកម្ពុជាបានចុះ MOU ជាមួយសាធារណរដ្ឋកូរ៉េក្នុងការនាំពលករពីកម្ពុជាទៅប្រទេសនេះកម្ពុជាបានបញ្ជូនពលករជាង ៥ ៤៣០០ នាក់រួចមកហើយដោយពួកគេទាំងនោះភាគច្រើនបម្រើការងារក្នុងផ្នែកឧស្សហកម្មដោយជាមធ្យមទទួលបានប្រាក់ឈ្នួលចន្លោះពី ១ ២០០ ដុល្លារ ទៅ ១ ៧០០ ដុល្លារក្នុង ១ ខែ។ សម្រាប់ឆ្នាំ ២០១៩ នេះរដ្ឋាភិបាលកូរ៉េបានសម្រេចទទួលពលរដ្ឋកម្ពុជាប្រមាណ ៤ ៤០០ នាក់បន្ថែមទៀត តែយ៉ាងណាចំនួនកូតាទទួលពលករសម្រាប់ឆ្នាំ ២០២០ នៅមិនទាន់បានប្រកាសនៅឡើយទេដោយការសម្រេចនេះអាចធ្វើឡើងនៅដើមឆ្នាំខាងមុខ។ នេះបើតាមលោក ហេង សួរ។

លោកបញ្ជាក់ថា៖ «បើទោះបីជាបងប្អូនមួយចំនួនគាត់អាចមានបញ្ហាដោយសារការរស់នៅខុសច្បាប់ ហើយត្រូវបានគេបញ្ជូនមកវិញខ្លះ ប៉ុន្តែអត្រាដែលជោគជ័យ គឺកម្ពុជាយើងមានខ្ពស់ជាងគេ។ តាមដែលតំណាងក្រសួងការងារកូរ៉េនៅកម្ពុជាបានរាយការណ៍ទៅអង្គភាពរបស់គាត់ ហើយដែលបានធ្វើការវាយតម្លៃរយៈពេល១ថ្ងៃកន្លះនេះ»។

កញ្ញា ឈឿន សម្ភស្ស ដែលកំពុងបម្រើការងារក្នុងរោងចក្រមួយកន្លែងនាប្រទេសកូរ៉េថ្លែងថាជាទូទៅការធ្វើការនៅប្រទេសនេះពិតជាមានលក្ខណៈល្អប្រសើរជាងបណ្តាប្រទេសដទៃ ប៉ុន្តែពលករនៅប្រឈមនឹងបញ្ហាសុខភាព និងការធ្វើការជាមួយថៅកែដែលមិនល្អ។ កញ្ញាបញ្ជាក់ថា៖ «បើនិយាយទៅប្រាក់ខែវាបានច្រើន និងងាយស្រួលមែន ប៉ុន្តែដោយពលករខ្លះមកប៉ះចំថៅកែល្អ គឺស្រួលទៅ តែបើកន្លែងលំបាក គេប្រើយើងលើសម៉ោង។ សម្រាប់នីតិវិធីក្នុងការមកនេះគឺដូចជាពលករដទៃទៀតដែរ គឺទម្រាំខ្ញុំបានមកដល់ទីនេះ (ប្រទេសកូរ៉េ) ត្រូវចំណាយច្រើនដែរអស់ ៤ ០០០ ដុល្លារឯណោះ»។

លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សនៃអង្គការសង់ត្រាល់យល់ថា នេះគឺជាការប្រសើរស្របពេលដែលការបញ្ជូនពលករទៅធ្វើការនៅប្រទេសនេះមិនសូវជាមានភាពមិនប្រក្រតីច្រើននោះទេ បើប្រៀបធៀបជាមួយនឹងប្រទេសដទៃ។ ទន្ទឹមនឹងភាពល្អប្រសើរនេះ លោកក៏ចង់ឃើញមានវិធានការគាំពារមួយដែលជាក់លាក់ ដើម្បីធានាដល់វិជ្ជាជីវៈរបស់ពលករកម្ពុជាទាំងនោះនៅពេលត្រឡប់មកវិញ។ លោកបញ្ជាក់ថា៖ «សម្រាប់ការទទួលស្គាល់នូវជំនាញវិជ្ជាជីវៈតាមរយៈការធ្វើការងារណាមួយនៅប្រទេស កូរ៉េ ហ្នឹង ដើម្បីអាចទទួលស្គាល់ ឬក៏ការធ្វើសមាហរណកម្មណាមួយសម្រាប់ធានាពួកគេពេលចប់ការងារពីប្រទេសកូរ៉េ ងាយស្រួលរកការងារនៅប្រទេសកម្ពុជា។ នេះជាកត្តាចម្បង ព្រោះទៅថ្ងៃអនាគតយើងមិនអាចធ្វើជាប្រទេសដែលនាំពលករ ឬលក់កម្លាំងពលកម្មទេ។ គឺត្រូវតែបង្កើតធនធានមនុស្សក្នុងស្រុក និងបង្កើតទីផ្សារការងារបន្ថែមទៀត»៕

website_news/2019110903.txt · Last modified: 2019/09/11 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki