website_news:2019111001

ថាបោកៗមែន! មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាកូរ៉េសាំស៊ុង រងការចោទប្រកាន់ថា បោកលុយពលរដ្ឋរាប់រយនាក់ ម្នាក់ៗអស់មិនក្រោមខ្ទង់ពាន់ដុល្លារ

http://kampucheathmey.com/ វិទូ10/10/2019 5:01 Pm

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រុស/ស្រីប្រមាណជាង១០នាក់ តំណាងឲ្យពលរដ្ឋរាប់រយនាក់ ដែលអះអាងថា ចាញ់បោកក្រុមហ៊ុនមួយឈ្មោះថា «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាកូរ៉េសាំស៊ុង» ដែលបានប្រកាសជ្រើសរើសពលករ ទៅធ្វើការនៅក្រៅប្រទេសដោយតម្រូវឲ្យ ម្នាក់ៗបង់លុយមុនចាប់ពី១០០០ដុល្លារ ទៅ៣០០០ដុល្លារ រង់ចាំថ្ងៃហៅសម្ភាសន៍ចេញទៅធ្វើការតែអស់រយៈពេលជាច្រើនខែមកហើយ គឺស្ងាត់ឈឹងរហូត មិនបានទៅធ្វើការឯណាឡើយ ពេលនាំគ្នាមកទារលុយវិញ ម្តងថាថ្ងៃនេះម្ដង ថាថ្ងៃនោះ សង្ស័យថាបោកឥឡូវបោកមែន ទើបនាំគ្នារត់ទៅរកសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្ដីប្រជាពលរដ្ឋជាចាញ់បោកបានឲ្យដឹងថា ពួកគាត់បានមកចុះឈ្មោះ បង់លុយ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាកូរ៉េ សាំស៊ុង នេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ នេះមិនមែនមានតែជាង១០នាក់នោះទេ ពោលគឺមានប្រជាពលរដ្ឋមកចុះឈ្មោះ នៅទីនេះរាប់រយនាក់ឯនោះ ក្នុង ម្នាក់ៗ បង់លុយចាប់ពី១០០០ដុល្លារ រហូតដល់៣០០០ដុល្លារ មានចេញឯកសារវិក្កយបត្រត្រឹមត្រូវ សន្យាថានឹងនាំទៅធ្វើការនៅបរទេស តែផ្ទុយទៅវិញ រាប់ខែទៅហើយ ពួកគាត់មិនត្រូវបានក្រុមហ៊ុន មជ្ឈមណ្ឌលមួយនេះ ចាត់បញ្ជូនទៅធ្វើការឯណាឡើយ អ្នកខ្លះទើបបង់លុយ អ្នកខ្លះបង់លុយគ្រប់យូរហើយអត់បានទៅណាទាំងអស់គ្នានឹង ហើយម្នាក់ៗចេះតែនឹកគិតថា សង្ស័យថាបោកប្រាស់ទេ រហូតមកដល់ពេលនេះទើបដឹងច្បាស់ថា បោកមែនហួសចិត្តតែម្ដង។

ពលរដ្ឋបន្តទៀតថា ក្រោយពីអស់ទំនុកចិត្តលើអ្នកគ្រប់គ្រងនៅក្នុងមជ្ឈមណ្ឌលមួយនេះ អស់លុយហើយនោះ និងមិនបានចេញទៅធ្វើការអីសោះនោះទើបនាំគ្នាទៅតវ៉ាសុំដកលុយវិញ តែខាងតំណាងមជ្ឈមណ្ឌល ម្តងថាថ្ងៃនោះ ម្តងថាថ្ងៃនោះ យកលេសកុហករហូត ទើបនៅព្រឹកថ្ងៃទី១០ នេះ ពលរដ្ឋជាង១០នាក់ តំណាងឲ្យពលរដ្ឋរាប់រយនាក់ទៀតដែលមិនបានមកជាក់ស្ដែងបាននាំគ្នារត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ផង ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះដើម្បីហៅអ្នកគ្រប់គ្រងមកសាកសួរ។ រហូតមកដល់ព្រឹកនេះ គេមិនអាចទាក់តាមទូរស័ព្ទដែលមាននៅលើវិក្កយបត្រចូលទេ ហើយភ្នាក់ងារព័ត៌មានក៏រង់ចាំការបកស្រាយបំភ្លឺពីសំណាក់អ្នកគ្រប់គ្រងនោះដែរ៕

website_news/2019111001.txt · Last modified: 2019/10/11 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki