website_news:2019111003

មិនគួរយកស្រោមអនាម័យ ធ្វើជាភ័ស្តុតាងក្នុងការបង្ក្រាបអំពើជួញដូរមនុស្សទេ

https://www.postkhmer.com/ តុង សុប្រាជ្ញ | Publication date 11 October 2019 | 08:50 ICT

កម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលអនុវត្តការប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺអេដស៍បានល្អ និងបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលទៅនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ ២០១៥។ ពោលគឺនិន្នាការទិន្នន័យនៃមេរោគអេដស៍ និងជំងឺអេដស៍មានការធ្លាក់ចុះជាលំដាប់ទាំងប្រេវ៉ាឡង់ ទាំងចំនួនអ្នកផ្ទុកមេរោគ ទាំងការចម្លងមេរោគថ្មី និងទាំងអ្នកស្លាប់ដោយសារជំងឺអេដស៍ ។ តាមរយៈការសិក្សាថ្មីៗ និងធ្វើបច្ចុប្បន្នភាពជាស៊េរីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ឆ្នាំ ២០១៩ បានរកឃើញ និងធ្វើការប៉ាន់ប្រមាណ និន្នាការអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅដែលមានអាយុពី ១៥-៤៩ ឆ្នាំ ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២០ គឺមានការធ្លាក់ចុះពី ១,៦ ភាគរយ មក ០,៥ ភាគរយ។ រីឯនិន្នាការចំនួនអ្នកផ្ទុកមេរោគអេដស៍ នៅកម្ពុជាមានអាយុពី ១៥ ទៅ ៤៩ ពីឆ្នាំ ២០០៥ ដល់ ២០២០ គឺពី ១០ ម៉ឺននាក់មក ៦ ម៉ឺននាក់។ ម្យ៉ាងទៀតការចម្លងថ្មីក៏ធ្លាក់ចុះពី ៤ ០០០ នាក់មក ៥០០ នាក់ និងករណីស្លាប់បានធ្លាក់ចុះពី ៨ ០០០ នាក់មក ២ ០០០ នាក់។ នៅពេលដែលនិន្នាការមានការធ្លាក់ចុះបែបនេះនៅឆ្នាំ ២០១២ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) សហការជាមួយ UNAIDS បានចេញក្របខ័ណ្ឌគោលគំនិត «កម្ពុជា ៣.០» សម្រាប់ឈានដល់ការលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជានៅឆ្នាំ ២០២០ ខាងមុខនេះ។ កម្ពុជា ៣.០ មានន័យថាទី ១- គ្មានការចម្លងមេរោគអេដស៍ថ្មី ទី ២- គ្មានការស្លាប់ដោយសារជំងឺអេដស៍ថ្មី និងទី ៣- គ្មានការរើសអើងនឹងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។

ទោះបីជាមានការអនុវត្តការកាត់បន្ថយការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍នេះបានប្រសើរឡើងក៏ដោយ ក៏នៅមានបញ្ហាប្រឈមដែលមាននៅក្នុងរបាយការណ៍វឌ្ឍនភាពជាតិស្តីពីការប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ ២០១៥ ដូចជា ការផ្លាស់ប្តូរថ្មីៗពាក់ព័ន្ធទៅនឹងការឆ្លើយតបទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ច្បាប់ស្តីពីការបង្ក្រាបអំពើការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនជាដើម។ ឧទាហរណ៍គ្រាន់តែច្បាប់បង្ក្រាបការជួញដូរ និងអាជីវកម្មផ្លូវភេទចេញឲ្យអនុវត្តនៅឆ្នាំ ២០០៨ គឺធ្វើឲ្យបាត់បង់ក្រុមគោលដៅមួយចំនួនធំរបស់កម្មវិធីលើកកម្ពស់សុខភាពផ្លូវភេទ និងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ជាមួយគ្នានេះដែរកន្លងមកជារឿយៗ សមត្ថកិច្ចដែលចុះបង្ក្រាបទីតាំងផ្ទះបនក្តី កន្លែងខារ៉ាអូខេ និងកន្លែងម៉ាស្សាដែលផ្តល់សេវាផ្លូវភេទខុសច្បាប់គឺមន្ត្រីអនុវត្តច្បាប់ទាំងនោះគឺតែងតែប្រមូលយកស្រោមអនាម័យទាំងប្រើរួច និងមិនទាន់ប្រើយកទៅធ្វើជាភ័ស្តុតាងធាតុផ្សំដើម្បីដាក់បន្ទុកមកលើជនជាប់ចោទ ដើម្បីកសាងសំណុំរឿងទៅតុលាការ។

តែកន្លងមកករណីយកស្រោមអនាម័យមកធ្វើជាភ័ស្តុតាងនេះ ត្រូវក្រុមសិទ្ធិមនុស្សមួយចំនួនតូចបានរិះគន់ពីការអនុវត្តរបស់សមត្ថកិច្ចថាបានរំលោភលើសិទ្ធិក្នុងការប្រើប្រាស់ស្រោមអនាម័យ ដើម្បីសុវត្ថិភាពជីវិតរបស់ពួកគេនោះ តែមកទល់ពេលនេះអាជ្ញាធរនៅតែអនុវត្តដដែល។ បញ្ហានេះ គឺត្រូវបានបង្ហាញថា ការអនុវត្តច្បាប់ចំនួន ២ របស់រាជរដ្ឋាភិបាល មានស្តង់ដាជាន់គ្នា ខណៈដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កំពុងតែអនុវត្តច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍ និងជំងឺអេដស៍ដែលមានគោលការណែនាំឲ្យប្រើប្រាស់ស្រោមអនាម័យ ដើម្បីជាមធ្យោបាយទប់ទល់នឹងមេរោគអេដស៍ពោលគឺលើកទឹកចិត្តឲ្យបុរសដែលមានដៃគូច្រើនប្រើប្រាស់ស្រោមអនាម័យដើម្បីសុវត្ថិភាព។ រីឯប៉ូលិសអនុវត្តច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីសុវត្ថិភាពរបស់ស្ត្រី និងកុមារី តែនៅពេលអនុវត្តគឺសមត្ថកិច្ចបង្ក្រាបម្តងមានការស៊ើបអង្កេតរួចហើយមុននឹងឆ្មក់ចូលទៅទីតាំងដែលផ្តល់សេវាផ្លូវភេទនោះ តែអ្វីដែលសំខាន់នោះគឺប៉ូលិសតែងតែឆ្លៀតយកស្រោមអនាម័យធ្វើជាភ័ស្តុតាងបន្ថែម។

ការអនុវត្តបែបនេះតែរហូតអ៊ីចឹងគឺធ្វើឲ្យប៉ះពាល់ទៅនឹងការសម្រេចចិត្តរបស់អ្នកប្រព្រឹត្តការរួមភេទថា តើពួកគេគួរតែប្រើស្រោមអនាម័យ ឬមួយក៏អត់? បើមិនប្រើខា្លចឆ្លងអេដស៍ ហើយប្រើស្រោមអនាម័យខ្លាចប៉ូលិសចុះបង្ក្រាបមកឃើញយកធ្វើជាភ័ស្តុតាងដាក់បន្ទុក ដើម្បីបញ្ជូនទៅតុលាការទៅវិញ ។ កន្លងមកមិនមានប្រទេសណាមួយដែលមានបទពិសោធអនុវត្តដូចនេះទេ។ ប៉ុន្តែនៅពេលដែលអនុវត្តមែនទែននោះ ហើយសមត្ថកិច្ចកម្រចាប់បានទៀតនោះ គឺការទិញសេវាផ្លូវភេទយកមកធ្វើជាស្រីចិញ្ចឹម ឬក៏ស្រីកំណាន់របស់តាតាទៅវិញដែលទិញឡាន ផ្ទះ និងសម្ភារទំនើបៗទៀតក៏មានដែរគឺពួកគេកម្រប្រើស្រោមអនាម័យទៅវិញទេ។ នេះបើតាមរបាយការណ៍ការសិក្សាស្រាវជ្រាវរបស់អង្គការ PSI ឆ្នាំ ២០០២។ ផ្ទុយទៅវិញ ប្រសិនបើអ្នកដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍មានបំណងចម្លងមេរោគទៅអ្នកដទៃដោយមិនប្រើស្រោមអនាម័យគឺត្រូវមានទោសទៅវិញ។ នេះបើតាមច្បាប់ទប់ស្កាត់មេរោគអេដស៍។ ចំណុចនេះបានយកស្រោមអនាម័យមានសារៈសំខាន់ទៅវិញដែលអាចដាក់បន្ទុកបាន ប្រសិនបើមិនមានធាតុផ្សំស្រោមអនាម័យមកធ្វើជាភ័ស្តុតាងទេនោះ។

យ៉ាងណាមិញ បើមើលទៅក្នុងច្បាប់ប្រឆាំងនឹងការជួញដូរនេះវិញ គឺមិនមានមាត្រាណាដែលនិយាយអំពីស្រោមអនាម័យយកមកធ្វើជាភ័ស្តុតាងនោះទេ។ អ៊ីចឹងហើយទាំងប៉ូសិស ទាំងតុលាការ មិនគួរយកធាតុផ្សំបន្ថែមស្រោមអនាម័យដែលត្រូវបានគេហៅថា «លោកជួយ» នោះមកវិនិច្ឆយដាក់បន្ទុកបន្ថែមនោះទេ ក្នុងការបង្ក្រាបទីតាំងផ្តល់សេវាផ្លូវភេទម្តងៗ ព្រោះយកធាតុផ្សំផ្សេងដែលពាក់ព័ន្ធទៅនឹងច្បាប់ចែងក្នុងច្បាប់គឺវាគ្រប់គ្រាន់ទៅហើយ ណាមួយការអនុវត្តបែបនេះវាផ្ទុយទៅនឹងច្បាប់ និងគោលការណ៍ណែនាំឲ្យប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺអេដស៍។ បើមិនដូច្នេះទេ ករណីបង្ក្រាបការជួញដូរមនុស្ស និងអំពើពេស្សាកម្មដោយយកស្រោមអនាម័យមកធ្វើជាភ័ស្តុតាងគឺអាចមានករណីផ្ទុះការរីករាលដាលនៃជំងឺអេដស៍ដូចនៅឃុំរកាខេត្តបាត់ដំបងនោះជាដើម៕

website_news/2019111003.txt · Last modified: 2019/10/11 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki